ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានកម្មករកម្មការិនី៧នាក់ក្នុងចំណោម៦០នាក់បានរងរបួសធ្ងន់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរ ខណៈដែលអ្នកបើករថយន្តដឹកកម្មករបើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់រេចង្កូតក្រឡាប់ធ្លាក់កម្មកររងរបួសគួរឱ្យរន្ធត់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង២០នាទីព្រឹក ថ្ងៃទី ១២ខែមីនាឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រ១៥៧-១៥៨ស្ថិតក្នុងភូមិព្រៃផ្ដៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថា បុរសដែលបើករថយន្តដឹកកម្មករបង្កហេតុមានឈ្មោះ ជុំ ពុធ អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ដ មានទីលំនៅភូមិប្រសូតិ២ ឃុំប្រសូតិ ស្រុកស្វាយទាប ខេត្តស្វាយរៀង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនផងដែរ។
ចំណែកកម្មករកម្មការិនីដែលជិះលើរថយន្តមានចំនួនសរុប៦០នាក់ដោយរបួសធ្ងន់៧នាក់ត្រូវបានសមត្ថកិច្ចនគរបាលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកជីភូ ក្រុងបាវិតភ្លាមៗ។
តាមសាក្សីបានឱ្យដឹងថា មុនកើតហេតុមានរថយន្តដឹកកម្មករមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ចំណុះ២តោនកន្លះពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ៣D- ០៩៧៦ ធ្វើដំណើរពីលិចទៅកើតនៅលើផ្លូវជាតិលេខ១ ខណៈនោះស្រាប់តែបើកវ៉ាជែងក្នុងស្ថានគ្រោះថ្នាក់បណ្ដាលឱ្យរេចង្កូតក្រឡាប់ចាក់កម្មករបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិតែម្ដង។
ក្រោយកើតហេតុសមត្ថកិច្ចនគរបាលបានមកដល់ដោយបានយកកម្មការិនីរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកជីភូក្រុងបាវិតនិងសម្រួលចរាចរណ៍កុំឱ្យមានការកកស្ទះនិងវាស់វែងយកវត្ថុតាងរថយន្តមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីចាត់ការបន្តតាមច្បាប់ ៕
ដោយ៖ យឹម សុថាន