ព័ត៌មានទាន់ហេតុការណ៍៖

អង្គការសហប្រជាជាតិ៖ កម្លាំងទាហានមីយ៉ាន់ម៉ាបានប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ

ចែករំលែក៖

ក្រុមអ្នកឯកទេសរបស់អង្គការសហប្រជាជាតិបានបញ្ជាក់ថា កម្លាំងទាហានមីយ៉ាន់ម៉ាបានប្រព្រឹត្តបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ប្រឆាំងនឹងពលរដ្ឋខ្លួនឯង ដោយមានមនុស្សជាង៧០ នាក់ស្លាប់ ចាប់តាំងពីការធ្វើរដ្ឋប្រហារនៅថ្ងៃទី១ខែកុម្ភៈមក។
តាមសេចក្តីប្រកាសរបស់ឧបការីអង្គការសហប្រជាជាតិ ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសមីយ៉ាន់ម៉ា លោក Thomas Andrew បានបញ្ជាក់ថា មានភស្តុតាងជាច្រើនបង្ហាញថា ទាហានមីយ៉ាន់ម៉ាកំពុងតែប្រព្រឹត្តបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ក្នុងនោះមានការសម្លាប់មនុស្ស ប្រើហិង្សា ។
នៅក្នុងការធ្វើបាតុកម្ម កាលពីថ្ងៃទី ១១ខែមីនា កម្លាំងទាហានមីយ៉ាន់ម៉ា បានផ្ទុះអាវុធទៅលើក្រុមបាតុករបណ្តាលឲ្យមានអ្នកស្លាប់៧នាក់ និងរបួសជាច្រើន។ តាមសារព័ត៌មានរ៉យទ័របានផ្សាយថា មានបាតុករ ៦នាក់ស្លាប់នៅក្នុងស្រុក Myaing និងម្នាក់នៅក្នុងទីក្រុង Yangon។
អង្គការលើកលែងទោសអន្តរជាតិបានចោទប្រកាន់កម្លាំងទាហានមីយ៉ាន់ម៉ាប្រើប្រាស់អំពើហិង្សាប្រឆាំងមនុស្សជាតិ ហើយបានចោទប្រកាន់កម្លាំងទាហានមីយ៉ាន់ម៉ាសម្លាប់មនុស្សដោយខុសច្បាប់ ខណៈបាតុកម្មធ្វើឡើងដោយសន្តិវិធី។
ស្ថានភាពបាតុកម្មនៅក្នុងប្រទេសមីយ៉ាន់ម៉ានៅតែបន្តតានតឹងខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយពលរដ្ឋនៅតែបន្តធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល មិនខ្វល់ពីការព្រមានពីកម្លាំងទាហាននោះឡើយ។ ជាមួយគ្នានេះ លោកស្រីស៊ូជី ក៏ទទួលរងការចោទប្រកាន់ពីបទពុករលួយ ដោយទទួលសំណូកជាទឹកប្រាក់៦សែនដុល្លារ ។ កត្តាទាំងនោះហើយ ធ្វើឲ្យលោកស្រីស៊ូជី ត្រូវជាប់ឃុំបន្ថែមទៀត ៕ ដោយ៖ធីរីណា

រូបភាព៖AP


ចែករំលែក៖