ខេត្តកំពង់ស្ពឺ៖ ជនជាតិចិនចំនួន ៦នាក់ ដែលលួចដើរក្នុងអូរត្រង់ចំណុច ភូមិថ្មីខាងត្បូង ឃុំទួលអំពិល នៃស្រុកបរសេដ្ឋ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក។
អភិបាលខេត្តកំពង់ស្ពឺ អំពាវនាវយ៉ាងទទូច ដល់គ្រប់បងប្អូនប្រជាពលរដ្ឋ គ្រប់ជាតិសាសន៍ សូមមេត្តាកុំធ្វើទង្វើដែលនាំអោយអន្តរាយដល់សង្គមជាតិ ។
នៅព្រឹកថ្ងៃទី១២ខែមីនាឆ្នាំ២០២១ រដ្ឋបាលស្រុកបរសេដ្ឋបានធ្វើការឃាត់ខ្លួនជនជាតិចិនចំនួន ៦នាក់ ដែលលួចដើរក្នុងអូរត្រង់ចំណុច ភូមិថ្មីខាងត្បូង ឃុំទួលអំពិល នៃស្រុកបរសេដ្ឋ ហើយត្រូវបានប្រជាការពារ ឃើញ នឹង រាយការណ៍។
ពេលនេះកម្លាំងមានសមត្ថកិច្ចបានធ្វើការឃាត់ខ្លួននាំយកមកអធិការដ្ឋានស្រុក។ មន្ទីរសុខាភិបាល បាននឹងកំពុងទៅយកសំណាករួច នាំទៅធ្វើចត្តាឡីស័កក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទ កម្ពុជា-កូរ៉េ។
អភិបាលខេត្តកំពង់ស្ពឺបញ្ជាក់ថា សូមបងប្អូនកុំភ្លេចអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលលោកបានដាក់ចេញនូវវិធានការដើម្បីបង្ការ និង ទប់ស្កាត់នៃការឆ្លងរីករាលដាលនូវជំងឺកូវីដ-១៩ គឺ ៣ ការពារ និង ៣កុំ៕
ដោយ៖សូរិយា