ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយរកឃើញមនុស្ស១០នាក់ ឆ្លងជំងឺកូវីដ១៩ នៅស្រុកបូទុមសាគរ ពេលនេះអាជ្ញាធរដាក់ប៉ុស្តិ៍ត្រួតពិនិត្យ៤កន្លែងបន្ថែមទៀត

ចែករំលែក៖

ខេត្ត​កោះកុង​៖ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ឆ្លងចូលក្នុងសហគមន៍​ អភិបាលស្រុកបូទុមសាគរ ខេត្តកោះកុង លោក ហាក់ ឡេង នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១នេះ ដោយ​មានការណែនាំពីលោកស្រី មិថុនា ភូថង អភិបាល​ នៃគណៈអភិបាលខេត្តកោះកុង បញ្ជាឲ្យអាជ្ញាធរគ្រប់មូលដ្ឋានដាក់ប៉ុស្តិ៍ត្រួតពិនិត្យ និងវាស់កំដៅក្នុងការធ្វើចរាចចេញចូលរបស់ប្រជាពលរដ្ឋតាមមូលដ្ឋានរបស់ពួកគាត់ចំនួន ៤កន្លែងថែមទៀត។

បេីតាមការ​បញ្ជាក់ពី​អភិបាលស្រុកបូទុមសាគរ​ បានឲ្យដឹងថា​ ការបន្ថែមកន្លែងត្រួតពិនិត្យ និងវាស់កម្ពៅចំនួន ៤កន្លែងបន្ថែមទៀតនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរខេត្តកោះកុង រកឃើញមនុស្សចំនួន១០នាក់ មានវិជ្ជមានជំងឺកូវីដ-១៩ ខណៈមនុស្សចំនួន ២,០៤១នាក់ហើយ ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២០កុម្ភៈ» ត្រូវបានយកទៅពិនិត្យសំណាក និងតម្រូវឱ្យធ្វើចត្តាឡីស័ក តាមការណែនាំរបស់ក្រសួងសុខាភិបាល។

អភិបាលស្រុករូបនេះ​ បន្តថា ដើម្បីចូលរួមទប់ស្កាត់នៃរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តការណ៍ «សហគមន៍ ២០កុម្ភៈ» លោកបានបើកកិច្ចប្រជុំគ្រប់អាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរមូលដ្ឋានធ្វើការផ្សព្វផ្សាយបន្ត ដល់ប្រជាពលរដ្ឋចូលរួមសហការនៅពេលមានបងប្អូនណាម្នាក់បានលួចឆ្លងចូលក្នុងមូលដ្ឋានរបស់ខ្លួន ដោយមិនបានធ្វើចក្តាឡីស័កត្រូវរាយការណ៍ជូនអាជ្ញាធរ ឬសមត្ថកិច្ចជាបន្ទាន់ ដើម្បីងាយស្រួលទប់ស្កាត់ទុកជាមុនកុំឱ្យជំងឺ ដ៏កាចសាហាវនេះឆ្លងចូលក្នុងសហគមន៍ ហើយអាជ្ញាធរងាយស្រួលគ្រប់គ្រងផងដែរ (ការពារប្រសើរ ជាងព្យាបាល)។

ចំពោះ​គោលដៅទាំង៤ខាងលេីនេះ​ ស្ថិតនៅចំណុចរួមមានដូចខាងក្រោម៖

*ទី១៖ ចំណុចស្ពានព្រែកជីក ឃុំកណ្តោល
*ទី២៖ ចំណុចស្ពានជីត្រះឃុំអណ្តូងទឹក
*ទី៣៖ ចំណុចកំពង់ទូកព្រែកខ្យង ឃុំតានូន
*ទី៤៖ ចំណុចអូររអិលឃុំថ្មស ចំណុចគោលដៅស្ថិតក្នុងស្រុកបូទុមសាគរ។

លេីសពីនេះ​លោក ហាក់ ឡេង បានបញ្ជាក់បន្ថែមថា ចំណុចគោលដៅទាំង៤ រួមទាំងចំណុចគោលដៅចាស់ គឺយើងមានការរឹតបន្តឹងយ៉ាងតឹងរឹងហើយធ្វើការត្រួតពិនិត្យ និងវាស់កំដៅក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ២៤ម៉ោង លើស២៤ម៉ោង ដោយមានអាជ្ញាធរមូលដ្ឋាន កម្លាំងប្រជាការពារកម្លាំងសមត្ថកិច្ចទាំង ៣ប្រភេទ ប្រចាំការជាប់ជានិច្ច។

ជាមួយគ្នានេះ​ លោកសូមអំពាវនាវឱ្យប្រជាពលរដ្ឋ សហការជាមួយអាជ្ញាធរគ្រប់ដ្ឋាន ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងព្រឹត្តការណ៍ «សហគមន៍ ២០កុម្ភៈ» ហើយសូមប្រជាពលរដ្ឋអនុវត្តន៍តាមការអបរំផ្សព្វផ្សាយណែនាំ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល និងអនុវត្តតាមវិធានការ ៣កុំ និង ៣ការពារ ឱ្យបានខ្ជាប់ខ្ជួន៕ដោយ​៖សហការី​


ចែករំលែក៖