ខេត្តសៀមរាប ៖ គួរកុំមានទម្លាប់ យកមកចចារ ក្នុងផលប្រយោជន៍ រំលត់បណ្ដឹងអាជ្ញា ត្រឹមមន្ត្រីនគរបាលយុត្តិធម៌ ឲ្យសោះ ខណៈផ្ទុយអំពីនីតិវិធីព្រហ្មទណ្ឌ។
ចុងក្រោយ, ក៏បែកធ្លាយរឿងថៅកែហាងយីហោ រាជនីបបរស ប្រើអំពើហឹង្សាលើកូនស្រីរបស់ខ្លួនយ៉ាងធ្ងន់ធ្ងរ តាមហ្វេសប៊ុក បន្ទាប់ពីលាក់បាំងបានប៉ុន្មានថ្ងៃ។ ប៉ុន្តែ ក៏ត្រូវបានបញ្ចប់ទៅវិញ ដោយ ធ្វើកិច្ចសន្យា ចំពោះមុខសមត្ថកិច្ច។ នេះជាបញ្ហាមួយដែលត្រូវធ្វើការស្រាវជ្រាវស៊ើបអង្កេត ដើម្បីឱ្យជនរងគ្រោះ ទទួលបានភាពយុត្តិធម៌តាមផ្លូវច្បាប់។
សូមបញ្ជាក់ថា, ថៅកែហាងរាជនីបបរស មានឈ្មោះ តេង នរ៉ា និងប្រពន្ធឈ្មោះស៊ឹម ធារី។ ចំណែកកូនស្រីរងគ្រោះឈ្មោះអាំង គឹមឡេង អាយុ១៨ឆ្នាំ។ អ្នកទាំង៣រស់នៅហាងរាជនីបបរស ស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។
ចុងក្រោយ,! រឿងអំពើហឹង្សាលើក្មេងស្រីនេះ ក៏ត្រូវបានបែក ធ្លាយតាមរយ: ហ្វេសប៊ុកឈ្មោះ Morn Sovanny ដោយសរសេរថា ក្មេងស្រីឈ្មោះអាំង គឹមឡេង ត្រូវបានវាយនៅក្នុងបន្ទប់ នៅក្នុងភោជនីយដ្ឋានរាជនីបបរស។រាល់ថ្ងៃត្រូវបានដកហូតទូរស័ព្ទ បិទសិទ្ធិសេរីភាពមិនអោយចេញក្រៅ មិនអោយទាក់ទងជាមួយបងប្អូន។ស្នើសុំអោយសមត្ថកិច្ចជួយរកយុត្តិធម៌ទៅលើក្មេងស្រីនេះផង ដែលត្រូវបានវាយធ្វើបាបយ៉ាងធ្ងន់ធ្ងរទៅលើរាងកាយ និងក្បាលនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១។
ក្រោយរឿងហិង្សាខាងលើធ្លាយតាមហ្វេសប៊ុក សមត្ថកិច្ចបានចុះទៅអន្តរាគមន៍។
តាមរយៈករណីនេះ យោងតាមរបាយការណ៍ និងកិច្ចសន្យា របស់នគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តសៀម រាប ចុះថ្ងៃទី១១ ខែមីនាឆ្នាំ២០២១ បង្ហាញថា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ មានអាខោនហ្វេសប៊ុកឈ្មោះ MornSovanny បានបង្ហោះថាក្មេងស្រីឈ្មោះ អាំង គឹមឡេង ដូចរៀបរាប់ខាងលើ សមត្ថកិច្ចបានចុះទៅដល់និងនាំយកអ្នកពាក់ព័ន្ធមកសកសួរ។
ក្នុងរបាយការណ៍ដដែល បង្ហាញទៀតថា ផ្អែកតាមការបំភ្លឺរបស់ឈ្មោះ អាំង គឹមឡេង ភេទស្រី អាយុ១៨ឆ្នាំ ជាជនរង គ្រោះបានបំភ្លឺថា: នៅថ្ងៃទី៩ ខែមីនា ឆ្នាំ ២០២១ ឪពុកបង្កើតរបស់ខ្លួនឈ្មោះ តេង នរ៉ា បានបើកទ្វារបន្ទប់របស់ខ្លួនដោយនៅក្នុងចន្លោះពីម៉ោង១០ទៅម៉ោង១១ ហើយបានយក ដែកព្យួរខោអាវវាយមកលើខ្លួនបណ្តាលឲ្យជាំលើដៃឆ្វេង លើខ្នងដៃខាងស្តាំ លើខ្នង លើភ្លៅ និងជង្គង់ទាំងសងខាង មិនបណ្តាលឲ្យដាច់រលាត់សាច់នោះទេ គ្រាន់តែដាំ ហើយ ក៏បានយកថ្នាំពណ៌ស្វាយលាបឲ្យ ដោយមូលហេតុខ្លួនបានលួចលុយ៥.០០០ដុល្លារ ទៅឲ្យបុរសម្នាក់ដែលទាក់ទងគ្នាដោយមិនស្គាល់គ្នាច្បាស់លាស់ទេ ហើយលេខទូរស័ព្ទ បុរសនោះក៏មិនស្គាល់ដែរ និងម្យ៉ាងទៀតខ្លួនមិនសូវជួយការងារផ្ទះផង និងមិនស្តាប់ ដំបូន្មានឪពុកផងទើបគាត់វាយខ្លួន។
ពេលម្តាយលាបថ្នាំឲ្យខ្លួនបានថតស្លាកស្នាមហើយបញ្ជូនរូបនេះទៅឲ្យជីដូន ឈ្មោះ Morn Sovanny ហើយឈ្មោះ Morn Sovanry បានសរសេរថែមបង្ហោះក្នុង បណ្តាញសង្គម ហ្វេសប៊ុក តែម្តង។ ចំពោះរឿងនេះខ្លួនមិនប្តឹងផ្តល់អ្វីទេ សូមឲ្យសមត្ថកិច្ចធ្វើកិច្ចសន្យា ឪពុក បញ្ឈប់ អំពើហិង្សាមកលើខ្លួន។
ផ្អែកតាមការបំភ្លឺរបស់ឈ្មោះ តេង នរ៉ា ហៅ សេង ជាឪពុកបានសារភាពថា បានយកក្រាសសិតសក់និងដែកព្យួរខោអាវវាយទៅលើកូនស្រីមែន តែមិនធ្ងន់ធ្ងរទេ ដោយសារតែខឹងនឹងកូនស្រីលួចប្រាក់ និងមិនស្តាប់ដំបូន្មាន ហើយដើរលេង សេពគប់ មិត្តភក្តិមិនល្អ ។
ផ្អែកតាមការបំភ្លឺរបស់ឈ្មោះ ស៊ឹម ធារី ត្រូវជាម្តាយបង្កើតបានឆ្លើយថាប្តីរបស់ គាត់ឈ្មោះ តេង នរ៉ា ហៅ សេងបានយកដែកស្នាអាវវាយកូនពិត ប្រាកដមែន តែគាត់មិនប្តឹងផ្តល់ ប្ដីគាត់ឈ្មោះ តេង នរ៉ាដែរ។
តាមរយៈរបាយការណ៍ ក៏ដូចជាការបំភ្លឺ ហាក់ដូចជា រៀបផែនការទុកជាមុនដើម្បីឱ្យជនបង្ក រួចផុតពីបណ្ដឹងអាជ្ញា។
ចម្ងល់មហាជន ! ប្រសិនបើជនរងគ្រោះ ប្រព្រឹត្តអំពើចោរកម្ម តើមានអំណះអំណាង និងចាប់បានវត្ថុតាង ក្នុងបទល្មើសជាក់ស្ដែងហ្នឹងដែរឬទេ។
សម័យប្រទេសគ្រប់គ្រងដោយច្បាប់ គួរអនុវត្តតាមផ្លូវច្បាប់ កុំយកកិច្ចសន្យា ដើម្បីរំលត់បណ្ដឹងអាជ្ញា៕
ដោយ៖ សិលា