ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ដេកស្លាប់ក្នុងបន្ទប់សង្ស័យជាករណីខ្យល់គរ

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសចំណាស់ម្នាក់បានដេកស្លាប់ក្នុងបន្ទប់ដេកនៅខាងលើផ្ទះ ដោយគេសង្ស័យថា ករណីនេះ​ជារករណីខ្យល់គរ ។ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលឡើងនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង៨និង០០នាទីនៅចំណុចលើផ្ទះរបស់ឈ្មោះ មុត ស៊ុំ ស្ថិតក្នុងភូមិតាពេជ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។ 

    មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ជុំ ទុំ  ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិតាពេជ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។

    ប្រភព​ដដែលបន្តថា តាមការបំភ្លឺរបស់ស្ត្រីឈ្មោះ យ័ន យីម ត្រូវជាប្រពន្ធជនរងគ្រោះបានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង៨ ដោយមិនឃើញប្តីរបស់ខ្លួនក្រោកពីដេកទៅធ្វើការ ខ្លួនក៏ឡើងទៅដាស់ ស្រាប់តែឃើញប្តីរបស់ខ្លួនដេកស្លាប់បាត់ទៅហើយ  រួចក៏បានរាយការណ៍ទៅមេភូមិ និងសមត្ថកិច្ចប៉ុស្តិ៍នគរបាលក្រាំងយ៉ូវដើម្បីមកធ្វើការពិនិត្យ។

     ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងជំនាញខាងពិនិត្យ វិភាគកន្លែងកើតហេតុស្រុក សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលក្រាំងយ៉ូវ មេឃុំ ក្រុមប្រឹក្សាឃុំ លោកគ្រូពេទ្យមណ្ឌលសុខភាព និងគ្រួសារជនរងគ្រោះ បានទៅធ្វើការពិនិត្យសាកសព រួចសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គរ ។  ក្រោយពីពិនិត្យរួច សាកសព​ ត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី ៕ដោយ៖ ស្អាងជ័យ


ចែករំលែក៖