ខេត្តពោធិ៍សាត់ ៖ តាមសេចក្តីរាយការណ៍នានាពីប្រជាជននៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ នារសៀលថ្ងៃសៅរ៍ ១៥រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១នេះថា តៃកុងរថយន្តម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម បន្ទាប់ក្រុមគ្រួសារសាច់ញាតិព្យាយាមបញ្ជូនទៅសង្រ្គោះ ដោយសារតែត្រូវរថយន្តដឹកឈើ១គ្រឿងក្រឡាប់សង្កត់បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរនៅឯព្រៃភ្នំ ។
សេចក្តីរាយការណ៍ខាងលើបន្តថា តៃកុងរថយន្តដឹកឈើដែលត្រូវរថយន្តក្រឡាប់សង្កត់បណ្ដាលឲ្យស្លាប់នេះ មានឈ្មោះ ទយ សុខ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ(លីវ)បច្ចុប្បន្នរស់នៅបន្ទុកគ្រួសារឪពុកឈ្មោះ ហំ ទយ អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ និងម្ដាយឈ្មោះ ប៉ក ឡំ អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ប្រភពរាយការណ៍ដដែលបន្តទៀតថា តៃកុងរថយន្តរងគ្រោះ(ស្លាប់)និងបក្សពួកប៉ុន្មាននាក់ទៀតត្រូវបានគេដឹងថា កាលពីល្ងាចថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ បានបើករថយន្តដំរីទឹក ប្រភេទ(កែច្នៃ)១គ្រឿងដឹកឈើពេញចេញពីព្រៃ(ប៉ុន្តែគេមិនបង្ហើបអំពីអត្តសញ្ញាណថៅកែរថយន្ត និងឈើនោះទេ) លុះមកដល់ចំណុចដំណាក់ត្រប់(ក្នុងព្រៃភ្នំ)ស្ថិតនៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ស្រាប់តែរថយន្តមានបញ្ហាប្រអប់លេខក៏ក្រឡាប់បណ្ដាលឲ្យតៃកុង(ស្លាប់)បុកជាមួយចង្កឹះលេខធ្លាយពោះ(ធ្លន់) ភ្លាមៗនោះក្រុមគ្រួសារសាច់ញាតិបានបញ្ជូនទៅសង្រ្គោះនៅឯរាជធានីភ្នំពេញ(មន្ទីរពេទ្យព្រះសង្ឃ)ប៉ុន្តែដោយរបួសធ្ងន់ធ្ងរពេកក្រុមគ្រូពេទ្យបានបញ្ជូនត្រឡប់ទៅវិញ នាថ្ងៃខាងលើហើយប៉ុន្មានម៉ោងក្រោយក៏បានស្លាប់ទៅ ។
ដោយឡែក ប្រភពព័ត៌មានពីអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានបានបង្ហើបឲ្យដឹងខ្លះៗបែបលាក់បាំងថា ហេតុការណ៍ខាងលើនេះពិតជាកើតមានមែន ប៉ុន្តែបានកើតឡើងនៅវេលាម៉ោង១៦ និង១៥នាទី ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅភូមិមល់ ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នៅពេលរថយន្ត ដំរីទឹក(កែច្នៃ)ដឹកឈើចម្រៀក បើកចុះពីលើភ្នំមកដល់ចំណុចកើតហេតុ រថយន្តបានធ្លាក់ជង្ហុកផ្អៀងកម្មករនាំគ្នាលោតចុះ បណ្ដាលឲ្យបោកក្បាលនឹងថ្មរងរបួសធ្ងន់ បញ្ជូនទៅរាជធានីភ្នំពេញ(មន្ទីរពេទ្យព្រះសង្ឃ)ចំនួន៨ថ្ងៃ ទើបបញ្ជូនត្រឡប់មកវិញបណ្ដាលឲ្យស្លាប់បែបនេះ ៕ ដោយ៖ បុឹម ពិន