ខេត្តកំពត៖ ឧកញ៉ាមួយរូបដែលគេស្គាល់ថាជាប្រធាន ក្រុមហ៊ុនរៀលអេស្ទេតមួយបានជួលរថយន្តធុនធំអ្នកដទៃជាង១០គ្រឿង យកទៅប្រើការ បែរជាយកទៅបញ្ចាំ និងលក់គ្មានសល់ ស្មើនឹងឧកញ៉ា ដាច់យ៉ៃ ។
សូមបញ្ជាក់ថា ព្រោះតែទង្វើនិងគំនិតទុច្ចរិតបែបនេះ ក្នុងបទរំលោភលើទំនុកចិត្ត ក៏ ត្រូវបានចៅក្រមសាលាដំបូងខេត្តកំពតបានសម្រេចដីកាឃុំខ្លួនបណ្តោះ អាសន្ននាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ ពីបទរំលោភលើទំនុកចិត្ត។
បើយោងតាមលោកវរសេនីយ៍ឯក លក ញ៉ាវ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានខេត្តកំពត បានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែមីនានេះថា កាលពីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពត បានសម្រេចឃុំខ្លួនឈ្មោះ ធី ហួត ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅ ភូមិសំរោង ឃុំប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ពីបទរំលោភលើទំនុកចិត្ត។ ព្រោះឧកញ៉ាម្នាក់នេះត្រូវបានគេប្ដឹងច្រើនរហូតជាង១០បណ្ដឹងឯណ្ណោះ។
លោកនាយកការិយាល័យបានឲ្យដឹងបន្ថែមថា កាលពីអំឡុងខែធ្នូ ឆ្នាំ២០២០ ក្នុងនាមជាប្រធានក្រុមហ៊ុនហ្គោលរៀលអេស្ទេត លោកឧកញ៉ា ធី ហួត បានជួលរថយន្តធុនធំជាង១០គ្រឿង ពីប្រជាពលរដ្ឋនៅខេត្តកំពត ខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ។ ព្រោះតែជួបវិបត្តិហិរញ្ញវត្ថុ លោកឧកញ៉ាជើងល្អរូបនេះបានយករថយន្តទាំងនោះទៅលក់ និងបញ្ចាំដាច់ទាំងអស់ ដើម្បីតែលុយ គ្មានគិតពីទោសទណ្ឌដោយអត់ទ្រាំនឹងទង្វើទាំងនោះមិនបាន ជនរងគ្រោះ ម្ចាស់រថយន្តបានដាក់ពាក្យបណ្ដឹងនៅសាលាដំបូងខេត្តកំពត រហូតសាលាដំបូងតម្រូវឱ្យចូលខ្លួន តែជនសង្ស័យបានព្យាយាមគេចវេស។
លោក លក ញ៉ាវ បានបន្តថា, ជាមួយដីកាបង្គាប់ឱ្យនាំខ្លួនរបស់សាលាដំបូងខេត្ត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ
មធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានដាក់បទបញ្ជាដល់កម្លាំងក្រោមឱវាទឱ្យអនុវត្តដោយយកចិត្តទុកដាក់បំផុត។ លុះដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ពេលកំពុងល្បាតតាមដងផ្លូវជាតិលេខ៣ សមត្ថកិច្ចបានប្រទះឃើញជនសង្ស័យ ធ្វើដំណើរលើផ្លូវជាតិលេខ៣ ក៏នាំគ្នាដេញតាមទាន់ និងឃាត់ ខ្លួនបានពេលឆ្លងចូលដល់ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្ត តាកែវ នាំមកអនុវត្តតាមនីតិវិធីតែម្តង។
ទង្វើមិនថ្លៃថ្នូរនេះ ធ្វើអោយប៉ះពាល់កិត្តិយសធ្ងន់ធ្ងរក្នុងសង្គម ដល់ថ្នាក់ជាឧកញ៉ាទៅហើយ បែរជាមកប្រព្រឹត្តបទល្មើស ដែលសង្គមស្អប់ខ្ពើមបំផុត៕
ដោយ៖ស សម