ភ្នំពេញ ៖ លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ ជាប្រធានអតីតយុទ្ធជន និងជាតំណាងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បាននាំយកអំណោយជាស្បៀងអាហារ និងសម្ភារមួយចំនួនជូនដល់អតីតយុទ្ឋជនម្នាក់ ដែលកំពុងធ្វើចត្តាឡីស័កនៅផ្ទះផ្ទះលេខ២៥៤ ផ្លូវបេតុង សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ ។
នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ លោក ហ៊ាង ថារ៉េត បញ្ជាក់ថា លោកទទួលបានសេចក្តីរាយការណ៍មកថា លោកស្រី ហោ សំអឿន ជាអតីតយុទ្ធជនពិការជើងស្តាំកំពុងជាប់ធ្វើចត្តាឡីស័កព្រឹត្តិការណ៍ថ្ងៃ២០ កុម្ភៈ ខ្វះស្បៀងសម្រាប់បរិភោគប្រចាំថ្ងៃ ។
លោកអធិការខណ្ឌបាននាំនូវការផ្តាំផ្ញើពីលោកឧត្តមសេនីយ៍ឯក ស ថេត ដោយបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ដល់សុខុមាលភាពប្រជាពលរដ្ឋ ដោយមិនទុកឱ្យជនណាម្នាក់អត់អាហារនោះឡើយ។
អំណោយរួមមាន ៖ អង្ករ២៥គីឡូក្រាម ទឹកសុទ្ធ៣កេស ទឹកផ្លែឈើមួយកេស ទឹកត្រីទឹកស៊ីវអុីវមួយយួរ ត្រីខកំប៉ុង ថវិកា១៥០.០០០រៀល និងសម្ភារមួយចំនួនទៀត ហើយជូនពរបងស្រីមានសុខភាពល្អនិងជៀសឱ្យផុតការឆ្លងកូវីដ-១៩ ៕
ដោយ ៖ជីណា