ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តបន្ទាយមានជ័យ ផ្អាកកម្មវិធីការ បុណ្យ ជប់លៀង និងការជួបជុំផ្សេងៗជាបណ្តោះអាសន្ន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី១៥ ខែ មីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តបន្ទាយមានជ័យជម្រាបជូន -លោកអភិបាល នៃគណ:អភិបាលក្រុង-ស្រុក -លោក លោកស្រីមេឃុំ -ចៅសង្កាត់។

កម្មវត្ថុ ៖ ស្តីពីការផ្អាកការរៀបចំពិធីមង្គលការ ពិធីជប់លៀង ការជួបជុំតាមបែបសាសនា ជាបណ្តោះអាសន្ន រយៈពេល០២សប្តាហ៍ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ។

យោង ៖ ស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។ តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាបជូនលោកអភិបាល នៃគណៈអភិបាលក្រុង ស្រុក និងលោក លោកស្រីមេឃុំ -ចៅសង្កាត់ ជ្រាបថា ដោយស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅតែបន្តកើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានសង្កេតឃើញថានៅមានបងប្អូនប្រជាពលរដ្ឋមួយចំនួនតូច នៅបន្តរៀបចំ ពិធីមង្គលការ ពិធីជប់លៀង និងការជួបជុំតាមបែបសាសនានានាដែលមានការប្រមូលផ្តុំមនុស្សច្រើន និង ពិធីផ្សេងៗទៀត គួបផ្សំនឹងបងប្អូនប្រជាពលរដ្ឋមួយចំនួននៅតែមានការធ្វេសប្រហែស មិនបានអនុវត្ត ខ្ជាប់ខ្ជួននូវវិធានការអនាម័យនិងវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមវិធានការ *៣ការពារ | ៣កុំ” កត្តាទាំងនេះបានបង្កជាហានិភ័យខ្ពស់ក្នុងការចម្លង និងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។

ដើម្បីបង្កលក្ខណៈដល់មន្ត្រីជំនាញ បន្តការស្រាវជ្រាវ និងកំណត់មុខសញ្ញាដែលមានហានិភ័យខ្ពស់ និងដើម្បីកាត់ផ្តាច់ខ្សែចម្លងចូលក្នុងសហគមន៍ ។ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមធ្វើការណែនាំដល់ លោកអភិបាល នៃគណៈអភិបាលក្រុង -ស្រុក និងលោក លោកស្រីមេឃុំ-ចៅសង្កាត់ ក្នុងខេត្តបន្ទាយមានជ័យដូចខាងក្រោម៖
១- ត្រូវតែផ្អាកជាបណ្តោះអាសន្ននូវការអនុញ្ញាតច្បាប់សម្រាប់រៀបចំពិធីមង្គលការ ពិធីជប់លៀង និងការជួបជុំតាមបែបសាសនានានាក្នុងរូបភាពប្រមូលផ្តុំមនុស្សច្រើន ចាប់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ។
២- ត្រូវធ្វើការអប់រំណែនាំម្ចាស់ពិធីដែលបានស្នើសុំរួចឲ្យគាត់លើកពេល ឬផ្អាកពិធីដែលមាន ការប្រមូលផ្តុំមនុស្សច្រើនក្នុងរយៈពេល០២សប្តាហ៍សិន។

៣- លិខិតរដ្ឋបាលខេត្តដែលចេញនាពេលនេះ មិនមានប្រតិកម្មជាមួយលិខិតអនុញ្ញាតរបស់ រដ្ឋបាលក្រុង -ស្រុក ឃុំ-សង្កាត់ ដែលបានអនុញ្ញាតរួចហើយនោះទេ តែត្រូវណែនាំឲ្យកាត់បន្ថយ ភ្ញៀវចូលរួមជាអប្បបរមា និងរក្សាគម្លាតសុវត្ថិភាពសង្គម ពិសេសត្រូវរៀបចំតុអាហារមិនឲ្យ លើសពី០៥នាក់ (ប្រាំនាក់) ក្នុងមួយតុ ។
៤- ក្នុងករណីដែលម្ចាស់ពិធី មិនចូលរួមសហការ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល នៅបន្តរៀបចំពិធីដោយពុំមានការអនុញ្ញាត និងមិនគោរពតាមវិធានការអនាម័យ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង -ស្រុក ត្រូវចុះបិទ ឬផ្អាក ពិធីនៃការជួបជុំនោះជាបន្ទាន់ ។
៥- ត្រូវអនុវត្តវិធានការច្បាប់ដែលមានជាធរមាន ចំពោះជនណាដែលបំពានការណែនាំ និង មិនសហការជាមួយនឹងអាជ្ញាធរមូលដ្ឋាន ក្នុងការងារទប់ស្កាត់ការឆ្លងរាលដាលនៃជំងកូវីដ-១៩ ។
៦- ក្នុងករណីការផ្អាកជាបណ្តោះអាសន្នការរៀបចំពិធីមង្គលការ ពិធីជប់លៀង និងការជួបជុំតាមបែបសាសនានានា ជាបណ្តោះអាសន្នរយៈពេល០២សប្តាហ៍នេះ ប្រសិនបើព្រឹត្តិការណ៍ សហគមន៍ ២០-កុម្ភៈ នៅតែបន្តកើនឡើងនោះ គឺត្រូវបន្តផ្អាកជាបណ្តោះអាសន្នបន្ថែម ទៀតរហូតដល់ រដ្ឋបាលខេត្ត ចេញសេចក្តីជូនដំណឹងឲ្យដំណើរការពិធីឡើងវិញ ។ អាស្រ័យហេតុនេះ សូមលោកអភិបាលនៃគណៈអភិបាលក្រុង-ស្រុក និងលោក លោកស្រី មេឃុំ-ចៅសង្កាត់ ត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីចូលរួមចំណែក ជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចម្លងក្នុងសហគមន៍ ។ ពិសេសដើម្បីកាត់ផ្តាច់នូវខ្សែចម្លង។
សូមលោក លោកស្រី ទទួលនូវការរាប់អានអំពីខ្ញុំ៕

ដោយ៖សុខ ខេមរា


ចែករំលែក៖