ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាល​ ពិចារណាបង្ហាញអត្តសញ្ញាណបុគ្គលវិជ្ជមានកូវីដ១៩ ដែលមិនរាយការណ៍ព័ត៌មានពិត​;​ នេះ​បេីតាមការអះអាងពីលោកស្រី ឱ វណ្ណឌីន

ចែករំលែក៖

ភ្នំពេញ​៖ ក្នុងសន្និសីទសារព័ត៌មានបំភ្លឺលើការបង្កើតច្បាប់ស្ដីពី «វិធានការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត» ដើម្បីឲ្យអ្នកពាក់ព័ន្ធទៅយកសំណាករកមេរោគ​ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ​ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ក្រសួង​សុខាភិបាល បានថ្លែងថា ក្រសួងសុខាភិបាលកំពុងពិចារណា បង្ហាញអត្តសញ្ញាណបុគ្គលវិជ្ជមានកូវីដ១៩ បើពួកគេមិនស្មោះត្រង់ក្នុងការបង្ហាញព័ត៌មានពាក់ព័ន្ធ។

អ្នកនាំពាក្យ​ក្រសួង​សុខាភិបាលរូបនេះ​ បានលើកឡើងយ៉ាងដូច្នេះថា៖ «ចំណុចអត្តសញ្ញាណនេះយើងកំពុងតែពិភាក្សាគ្នា ប៉ុន្តែអ្វីដែលសំខាន់បើមិនចង់ឱ្យក្រសួងបង្ហាញអត្តសញ្ញាញ សុំឱ្យបងប្អូនទាំងអស់មានភាពស្មោះត្រង់។នៅពេលក្រុមគ្រូពេទ្យសួរនាំបងប្អូន សុំបង្ហាញមក កុំលាក់ ពីព្រោះកន្លងមកមានបុគ្គលមួយចំនួនគាត់លាក់ គាត់មិនហ៊ាននិយាយទេ គាត់ទៅកន្លែងនេះ ទៅកន្លែងនោះ គាត់ជួបអ្នកនេះ ជួបអ្នកនោះ គាត់មិនហ៊ានប្រាប់ទេ។ យើងខ្ញុំមិនដឹងមូលហេតុអីបានគាត់មិនហ៊ានប្រាប់នោះដែរ។ អ៊ីចឹងបើសិនជាបងប្អូនមិនព្រមសហការផ្តល់នូវព័ត៌មានពេញលេញ សម្រាប់ការងាររបស់ក្រុមការរងាររុករកស្រាវជ្រាវនេះ ក្រសួងសុខាភិបាលគ្មានជំរើសណាក្រៅពីបង្ហាញអត្តសញ្ញាណរបស់បុគ្គលនោះ តែមិនមែនទាំងអស់នោះទេ»។

បន្ថែម​ពីនេះ​ លោកស្រី ឱ វណ្ណឌីន បន្តថា នៅពេលនេះគឺត្រូវតែប្រកាន់យកនូវវិធានការណាមួយហើយ ដើម្បីថ្លឹងថ្លែងពីផលប្រយោជន៍របស់បុគ្គល ជាមួយផលប្រយោជន៍របស់សង្គម ផលប្រយោជន៍របស់មនុស្សរាប់លាននាក់ ដែលកំពុងតែរស់នៅក្នុងប្រទេសកម្ពុជា ដែលកន្លែងនេះគឺត្រូវតែថ្លឹងថ្លែងហើយ ចង់មិនឫចង់ ក្រសួងនឹងគិតគួរពីបញ្ហានេះនៅពេលខាងមុខ។

ប៉ុន្តលោកស្ត្រីបានបញ្ជាក់ថា ប្រសិនជាបុគ្គលទាំងអស់អនុវត្តន៍បានត្រឹមត្រូវ ហើយស្ថានភាពចេះតែថយចុះ ហើយឈានទៅដល់ក្រសួង អាចទប់ទល់ស្កាត់បានមិនឱ្យមានការចម្លងជំងឺនេះទៀត ការបង្ហាញអត្តសញ្ញាណនេះ គឺមិនមានភាពចាំបាច់នោះទេ។

បច្ចុប្បន្ន​ ប្រទេស​កម្ពុជា​ គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១,៣២៥នាក់។ ក្នុងនោះអ្នកដែល ឆ្លងក្នុងព្រឹត្តិការណ៍២០កុម្ភៈ សរុបចំនួន ៨១០នាក់ ស្រីចំនួន៣៧៨ និងបុរស៤៣២។​ ដោយ​ឡែក​អ្នកជាសះស្បើយចំនួន ៧៣០នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៥៩២នាក់, ស្លាប់ដោយសារកូវីដ១៩ម្នាក់ និងពីរនាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរ ឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕ដោយ​៖ស​ តារា​

 

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ក្រសួង​សុខាភិបាលកម្ពុជា​


ចែករំលែក៖