ខេត្តស្ទឹងត្រែង៖ នៅរសៀលថ្ងៃចន្ទ ២កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ លោក ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើសំណើសុំបង្កើតនិមិត្តសញ្ញារដ្ឋបាលស្រុកសៀមបូក និងរដ្ឋបាលឃុំទាំង៧ នៃស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដោយអនុលោមតាមសេចក្តីណែនាំលេខ ១១៦៥សជណ ចុះថ្ងៃទី១៦ខែ មេសាឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ។ មានការចូលរួមពីអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាលស្រុកសៀមបូក មេឃុំទាំង៧ នៃស្រុកសៀមបូក ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ នាយកទីចាត់ការ និងមន្រ្តីពាក់ព័ន្ធផ្សេងទៀត នៅសាលប្រជុំធំសាលាខេត្ត។
កិច្ចប្រជុំនេះបានអនុវត្តតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងវិធានសុខាភិបាលបានយ៉ាងហ្មត់ចត់បំផុត ជាពិសេស វិធានការ “៣ការពារ និង ៣កុំ” របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី។
សូមជម្រាបថាកិច្ចប្រជុំនេះដែរ ក៏មានការធ្វើបទបង្ហាញអំពី Logo និមិត្តសញ្ញា និងអត្ថន័យនៃនិមិត្តសញ្ញារបស់រដ្ឋបាលស្រុកសៀមបូក និងរដ្ឋបាលឃុំទាំង៧ នៃស្រុកសៀមបូកផងដែរ៕
ដោយ៖ សិលា