ព័ត៌មានទាន់ហេតុការណ៍៖

លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ច្រានចោលសារសំឡេង ដែលផ្សព្វផ្សាយគ្មានការពិតថា មានការបិទរាជធានីភ្នំពេញនៅយប់នេះ

ចែករំលែក៖

ភ្នំពេញ ៖ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បានចេញមកបញ្ជាក់ថា, ក្រោយមានសំឡេងមួយ បានចែកចាយក្នុងបណ្តាញសង្គមយ៉ាងព្រោងព្រាតថា រាជធានីភ្នំពេញ នឹងត្រូវបិទនៅយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ, លោកថ្លែងថា, នេះជាដំណឹងក្លែងក្លាយ ដោយលោកលើកឡើងថា, ពោលរាជធានីភ្នំពេញ មិនទាន់មានការសម្រេចឲ្យបិទនោះទេ គិតត្រឹមល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ។

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បានបញ្ជាក់ប្រាប់សារព័ត៌មាន យ៉ាងដូច្នេះថា៖ «គិតត្រឹមល្ងាចនេះ រាជធានីភ្នំពេញ មិនទាន់មានការសម្រេចណាមួយឲ្យបិទនោះទេ។ សូមប្រជាពលរដ្ឋកុំមានការយល់ច្រឡំ និងឈប់ចែកចាយដំណឹងក្លែងក្លាយបន្តទៀត»។

សូមជម្រាបថា កម្ពុជាកំពុងជួបប្រទះនឹងករណីឆ្លងកូវីដ១៩ ជាលក្ខណៈសហគមន៍ ២០កុម្ភៈ ដែលជាករណីឆ្លងធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន។ មកដល់ពេលនេះ ករណីឆ្លងសហគមន៍ ២០កុម្ភៈ មិនទាន់ធូរស្រាលនៅឡើយ ប្រការនេះជាការបង្ខំឲ្យតំបន់ និងទីតាំងមួយចំនួន ត្រូវបិទជាបណ្តោះអាសន្ន។
ដោយឡែកសម្តេចតេជោ ថ្លែងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ មានប្រសាសន៍ យ៉ាងដូច្នេះ «អ៊ីចឹងខ្ញុំសូមស្នើឱ្យអភិបាលខេត្ត អភិបាលរាជធានី ធ្វើការពិចារណាទាក់ទិនការចេញបទបញ្ជាផ្អាកជាបណ្តោះអាសន្ននូវពិធីមង្គលការ ឬពិធីផ្សេងៗនៅក្នុងខេត្ត»។ សម្តេចតេជោ បានបន្តថា «សូមឯកឧត្តម លោកជំទាវ ពិនិត្យមើល ដើម្បីរៀបចំនូវលិខិតជូនដំណឹង ដើម្បីស្នើសុំការយោគយល់ពីសំណាក់ប្រជាពលរដ្ឋទៅលើការផ្អាកជាបណ្តោះអាសន្ននូវការរៀបមង្គលការជាដើម»។
សម្តេតេជោ ហ៊ុន សែន បន្តអំពាវនាវ ​ដល់ប្រជាពលរដ្ឋគ្រប់ក្រុមគ្រួសារ សុំកុំឲ្យកូនៗចេញក្រៅផ្ទះ គ្រប់គ្រងកូនឲ្យនៅក្នុងផ្ទះ។
ជាមួយគ្នានោះ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ បានបន្តថា សម្រាប់មនុស្សចាស់ មនុស្សពេញវ័យប្រសិន បើមិនមានការចាំបាច់ទេ គឺ “កុំចេញក្រៅផ្ទះ” ហើយប្រសិនបើចេញក្រៅផ្ទះ ត្រូវតែពាក់ម៉ាសឲ្យបានម៉ត់ចត់។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ឥឡូវនេះយើងមិនដឹងថាជំងឺកូវីដ-១៩ ពិតប្រាកដនៅទីណា កន្លែងណានោះទេ ដែលនេះជាបញ្ហាប្រឈមដ៏ធំ៕

ដោយ៖ សិលា


ចែករំលែក៖