កម្មវិធីស្បៀងអាហារពិភពលោក នៅថ្ងៃទី១៦ខែមីនាបានប្រកាសថា តម្លៃស្បៀងអាហារ និងថាមពល នៅក្នុងប្រទេសមីយ៉ាន់ម៉ា កើនឡើងខ្ពស់ ក្រោយការធ្វើរដ្ឋប្រហារនៅថ្ងៃទី១ខែកុម្ភៈ។ តម្លៃកើនឡើងក្រោយពេលក្រុមបាតុករស្នើបិទខ្ទប់សេដ្ឋកិច្ច កាត់ផ្តាច់ប្រភពចំណូលរបស់យោធា។ ស្ថានភាពខាងលើធ្វើឲ្យពលរដ្ឋមីយ៉ាន់ម៉ា ពិសេសពលរដ្ឋក្រីក្រកាន់តែវេទនាខ្លាំងឡើង ។
មីយ៉ាន់ម៉ាធ្លាក់នៅក្នុងអសន្តិសុខ ក្រោយពេលកម្លាំងយោធាធ្វើរដ្ឋប្រហារឡើងដឹកនាំប្រទេសជាតិ។ ចំណែក លោកស្រី ស៊ូជី និងប្រធានាធិបតី ព្រមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀតត្រូវយោធាចាប់ឃុំខ្លួន។ សកម្មភាពទាំងនោះធ្វើឲ្យសេដ្ឋកិច្ចមីយ៉ាន់ម៉ាកាន់តែ ស្មុគស្មាញ។
តាមការលើកឡើងរបស់អង្គការសុខភាពពិភពលោក WFP បានឲ្យដឹងថា តម្លៃស្បៀងអាហារ និងប្រេងសាំងកើនឡើងដល់ទៅ២០ភាគរយ។ ចំណែកតម្លៃអង្ករកើនឡើង៤ភាគរយ នៅទីក្រុងYangon ចំណែកតំបន់មួយចំនួនដូចជារដ្ឋរ៉ាឃីន តម្លៃអង្ករកើនឡើងដល់ទៅ៣៥ភាគរយ ។ ពលរដ្ឋមីយ៉ាន់ម៉ា បាននាំគ្នាទៅទិញអង្កររក្សាទុក ។ តម្លៃប្រេងសាំងវិញ ក៏បានកើនឡើង១៥ភាគរយផងដែរ។
អគ្គនាយកអង្គការ WFP លោក Stephen Anderson បានឲ្យដឹងថា ស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា គួឲ្យប្រកាសអាសន្ន ខណៈការឆ្លងរាលដាលកូវីដ-១៩ ក្នុងប្រទេសនេះកើនឡើងផងដែរ។ ប្រសិនបើទំនិញទាំងអស់កើនឡើង នោះពលរដ្ឋក្រីក្រក្នុងប្រទេសមីយ៉ាន់ម៉ាកាន់តែរងទុក្ខវេទនា ដោយពួកគេមិនគ្រប់ស្បៀងអាហារ ដេីម្បីចិញ្ចឹមជីវិតឡើយ។
បច្ចុប្បន្នអង្គការWFPកំពុងតែជួយដល់ពលរដ្ឋមីយ៉ាន់ម៉ា៣៦០ពាន់នាក់ ភាគច្រើនជាអ្នកបាត់បង់ផ្ទះសម្បែង ដោយសារសង្គ្រាម អំពើហិង្សាជាច្រើនទសវត្សរ៍កន្លងមកហើយ។
នៅពេលនេះដែរ ទីក្រុងប៉េកាំងបានស្នើឲ្យពលរដ្ឋរបស់ខ្លួនចាកចេញពីប្រទេសមីយ៉ាន់ម៉ា ដោយខ្លាចស្ថានភាពកាន់តែអាក្រក់ ខណៈក្រុមបាតុករសំដៅទៅលើក្រុមហ៊ុនចិន និងជនជាតិចិននៅក្នុងប្រទេសនេះ៕ ដោយ៖ធីរីណា
រូបភាព៖ VOV