ខេត្តកំពង់ធំ ៖ សូមមេត្តាបើកបរគោរពច្បាប់ចរាចរណ៍ និងប្រុងប្រយ័ត្នផង ! មើលចុះមន្រ្តីកងរាជអាវុធហត្ថស្រុកតាំងគោក ខេត្តកំពង់ធំ ដែលកំពុងបំពេញការងារអនុវត្តច្បាប់ជាមួយមន្រ្តីពន្ធដារ ក៏ត្រូវបុរសវ័យចំណាស់ម្នាក់ បើកឡានបំបុកពេញទំហឹងបណ្តាលឲ្យស្លាប់ បន្ទាប់ពីបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកបារាយណ៍ ។
ចំណែករថយន្តបន្តបើកទៅបុកទម្លុះរបងបណ្តាលឲ្យខូចខាតយ៉ាងដំណំ និងបង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកធ្វើដំណើរតាមដងផ្លូវ ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ នៅតាមផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ ៩៨-៩៩ ចំណុចភូមិថ្លា ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានអោយដឹងថា, មន្រ្តីកងរាជអាវុធហត្ថ ដែលរងគ្រោះ មានឈ្មោះ សាន់ ថា ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិថ្នល់ជាតិ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ជាជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកតាំងគោក ខេត្តកំពង់ធំ។
ដោយឡែករថយន្តបង្កហេតុ ម៉ាកកូរ៉ូណាពណ៌ ស ពាក់ស្លាកលេខភ្នំពេញ 2P- ៣៦២៨ បេីកបរដោយឈ្មោះ ម៉ៅ វឿន ភេទប្រុស អាយុ៦៥ ឆ្នាំរស់នៅភូមិរការ ឃុំសំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម(មុខរបរលក់ដូរ) ( ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកតាំងគោក)។
វត្ថុតាងចាប់យកមានរថយន្ត០១ គ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកតាំងគោក ។
មូលហេតុ បឋម បង្កមកពីអ្នកបេីកបររថយន្តក្នុងល្បឿនលឿន ខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន៕
ដោយ៖ សិលា