ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍អះអាងជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងបង់ក្លាដែស និងអភិវឌ្ឍន៍ភាពជាដៃគូ កាន់តែរឹងមាំ និងផ្តល់ប្រយោជន៍ទៅវិញទៅមកទាំងក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ ដើម្បី ចូលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ ក៏ដូចជាពិភពលោកជាពិសេសជម្នះនូវវិបត្តិសុខភាពសកលបច្ចុប្បន្នដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ១៩។
ក្នុងសន្ទរកថា ថ្លែងក្នុង«ពិធីប្រារព្ធខួបកំណើត ១០០ឆ្នាំ របស់បិតាជាតិបង់ក្លាដែស» និង«ទិវាបុណ្យឯករាជជាតិបង់ក្លាដែស ខួបលើកទី៥០» ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការអបអរសាទរ និងកោតសរសើរចំពោះរដ្ឋាភិបាល និងប្រជាជនបង់ក្លាដែស ដែលសម្រេចបាននូវសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់ជាច្រើន ក្នុងទសវត្សរ៍កន្លងមក តាមមាគ៌ាដឹកនាំដ៏ប្រាកដនិយម ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ ឯកឧត្តមបិតាជាតិ បង់ហ្កាបាន់ឌូ សេក្ខ មូជីប៊ួ រ៉ាម៉ាន់ ។ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោកប្រធានាធិបតី អាប់ឌុល ហាមីត និង លោកស្រីនាយករដ្ឋមន្ត្រី សេក្ខ ហាស៊ីណា ប្រទេសបង់ក្លាដែស សម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ វឌ្ឍនភាពសង្គម និងជីវភាពរស់នៅរបស់ប្រជាជនបង់ក្លាដែសកាន់តែប្រសើរឡើង។ សម្ដេចតេជោបានលើកឡើងថា ជោគជ័យដ៏ធំធេងនេះបានផ្តល់លទ្ធភាពឱ្យបង់ក្លាដែសអាចបំពេញបាននូវលក្ខខណ្ឌតម្រូវ ដើម្បីចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចក្នុងឆ្នាំ ២០២១នេះ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីថ្លែងរម្លឹកថា ទំនាក់ទំនងមិត្តភាពជាប្រវត្តិសាស្ត្រ រវាងកម្ពុជា និងបង់ក្លាដែស ចាប់ផ្តើមដំបូងពីសម្ព័ន្ធភាពដ៏ជិតស្និទ្ធ និងជាពិសេសរវាង ព្រះវររាជបិតាជាតិខ្មែរ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងបិតាជាតិបង់ក្លាដែស ឯកឧត្តម បង់ហ្កាបាន់ឌូ សេក្ខ មូជីប៊ួ រ៉ាម៉ាន់ ក្នុងអំឡុងសន្និសីទនៃចលនាមិនចូលបក្សសម្ព័ន្ធ នៅប្រទេសអាល់ហ្សេរី ក្នុងឆ្នាំ ១៩៧៣។
សម្ដេចតេជោគូសបញ្ជាក់ថា កម្ពុជា និងបង់ក្លាដែសបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ នៅថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ១៩៩៣ ដែលជាការបើកទំព័រថ្មីមួយក្នុងទំនាក់ទំនងរបស់យើង។ ក្នុងរយៈពេលជិត ៣ ទសវត្សរ៍កន្លងទៅនេះ សម្ដេចពិតជាមានសេចក្តីសោមនស្សរីករាយ ដោយកត់សម្គាល់ឃើញថា ប្រទេសយើងទាំងពីរតែងតែខិតខំរក្សាបាននូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការយ៉ាងល្អ និងប្រកបដោយផ្លែផ្កា ទាំងក្នុងកម្រិតទ្វេភាគី និងពហុភាគី ដោយឈរលើមូលដ្ឋានស្មើភាព និងការគោរពគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍របស់ប្រជាជាតិ និងប្រជាជនយើងទាំងពីរ។
សម្ដេចប្រមុខរាជរដ្ឋាភិបាលថ្លែងសង្កត់ធ្ងន់ថា ការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់រវាងប្រទេសទាំងពីរក៏ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ក្នុងនោះ ទស្សនកិច្ចផ្លូវការជាប្រវត្តិសាស្ត្ររបស់សម្ដេចផ្ទាល់នៅបង់ក្លាដែស ក្នុងខែមិថុនា ឆ្នាំ ២០១៤ និងទស្សនកិច្ចផ្លូវការ របស់ លោកស្រីនាយករដ្ឋមន្ត្រី សេក្ខ ហាស៊ីណា នៅកម្ពុជា ក្នុងខែ ធ្នូ ឆ្នាំ ២០១៧ បាននាំមកនូវការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការជាច្រើន ក្នុងការលើកស្ទួយវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងបច្ចេកទេសរវាងប្រទេសទាំងពីរ។ ទន្ទឹមនេះ ប្រទេសយើងទាំងពីរក៏បានឯកភាពដាក់ឈ្មោះវិថីដ៏សំខាន់មួយខ្សែក្នុងរាជធានីភ្នំពេញ និងមួយខ្សែក្នុងរដ្ឋធានីដាក្កា តាមព្រះបរមនាមរបស់ព្រះវររាជបិតាជាតិខ្មែរ និងបិតាជាតិបង់ក្លាដែស ដើម្បីគូសបញ្ជាក់នូវការគោរព និងស្រលាញ់ដ៏ជ្រាលជ្រៅបំផុតចំពោះរដ្ឋបុរសដ៏ឆ្នើមទាំងពីរ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមថា បើទោះបីជាសម្ដេចមិនអាចទៅចូលរួមព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះដោយផ្ទាល់នៅទីក្រុងដាក្កា ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ក៏ដោយ ក៏សម្ដេចសូមសម្ដែងនូវអំណរសាទរដ៏ស្មោះអស់ពីដួងចិត្ត និងសូមប្រសិទ្ធពរបវរមហាប្រសើរជូនចំពោះ លោកប្រធានាធិបតី អាប់ឌុល ហាមីត លោកស្រីនាយករដ្ឋមន្ត្រី សេក្ខ ហាស៊ីណា និងប្រជាជនបង់ក្លាដែសជាមិត្តទាំងអស់ សូមប្រកបដោយសុខភាពមាំមួន សុភមង្គល និងវិបុលភាព៕
ដោយ៖សូរិយា