ខេត្តតាកែវ៖ កងកម្លាំងមានសមត្ថកិច្ចនៅមូលដ្ឋានស្រុកបុរីជលសារ បានធ្វើការឃាត់ខ្លួនមុខសញ្ញាមេខ្យល់នាំមនុស្សជន ជាតិវៀតណាម៣នាក់ដោយខុសច្បាប់មកពីប្រទេសវៀតណាមបានចំនួន២នាក់ ដែលជាជនជាតិខ្មែរចូលមកតាមភូមិសាស្រ្តឃុំកំពង់ក្រសាំង ស្រុកបុរីជលសារ ខេត្តតាកែវ។
លោកវរសេនីយ៍ឯក ផាន ផល អធិការនគរបាលស្រុកបុរីជលសារ បានឱ្យដឹងថា នៅវេលាម៉ោង៩ៈ៤០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមីនា ឆ្នាំ២០២១ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្ដមសេនីយ៍ទោ សុខ សំណាង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបូរីជលសារ បានចុះល្បាតមូលដ្ឋានស្រុកបុរីជលសារ ហើយបានឃាត់រថយន្តមួយគ្រឿងម៉ាកស៊ីណា ពណ៌ស ពាក់ស្លាកលេខ តាកែវ 2B -7875 ដែលជាមុខសញ្ញានាំជនជាតិវៀតណាមខុសច្បាប់មកកម្ពុជា មានមនុស្សសរុបចំនួន៦នាក់ ស្រី០នាក់ ក្នុងនោះជនជាតិវៀតណាមចំនួន៣នាក់ (មិនស្គាល់អត្តសញ្ញាណ ដោយមិនមានអ្នកបកប្រែ) ។
ដោយឡែកជនជាតិខ្មែរមានចំនួន៣នាក់ ក្នុងនោះអ្នកបើកបរម្នាក់ឈ្មោះ អម អាន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិត្រពាំងប្រិយ ឃុំអង្គខ្នុរ ស្រុកទ្រាំង ខេត្តតាកែវ និងមេខ្យល់នាំផ្លូវចំនួន២នាក់ ទី១-ឈ្មោះ សុខ រ៉ាវុធ ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិសង្គមមានជ័យ ឃុំកំពង់ក្រសាំង ស្រុកបុរីជលសារ ខេត្តតាកែវ និងទី២-ឈ្មោះ ភូ ហេងសេង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិសង្គមមានជ័យ ឃុំកំពង់ក្រសាំង ស្រុកបុរីជលសារ ខេត្តតាកែវ ឃាត់ខ្លួនបាននៅចំណុច ភូមិស្នាចដួច ឃុំបុរីជលសារ ស្រុកបុរីជលសារ ខេត្តតាកែវ ។
លោកអធិការបានបន្ថែមថា បន្ទាប់ពីបានឃាត់ខ្លួន បច្ចុប្បន្នកម្លាំងជំនាញកំពុងសាកសួរដើម្បីកំណត់មុខសញ្ញាបន្ថែមទៀត ដែលជាមុខសញ្ញានាំមនុស្សដោយខុសច្បាប់ចូលមកប្រទេសកម្ពុជា ដោយមិនបានធ្វើចត្តាឡីស័កត្រឹមត្រូវ ៕
ហេង សូរិយា