ព័ត៌មានទាន់ហេតុការណ៍៖

យោធាមីយ៉ាន់ម៉ា ចេញបញ្ជាចាប់ខ្លួនឯកអគ្គរដ្ឋទូតប្រចាំនៅអង្គការសហប្រជាជាតិ

ចែករំលែក៖

នៅថ្ងៃទី១៨ខែមីនានេះ តុលាការមីយ៉ាន់ម៉ា បានចេញដីកាចាប់ខ្លួន លោក Kyaw Moe Tun ឯកអគ្គរដ្ឋទូតប្រចាំនៅអង្គការសហប្រជាជាតិ ពីបទ ក្បត់ជាតិ។
តាមសារព័ត៌មានThe Global New Light of Myanmar បានផ្សាយថា លោក Kyaw Moe Tun ជាបុគ្គលត្រូវបានរដ្ឋាភិបាលស៊ីវិលរបស់លោកស្រីស៊ូជីតែងតាំងឱ្យកាន់តំណែងជាឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំអង្គការសហប្រជាជាតិ មុនពេលធ្វើរដ្ឋប្រហារ ។ ក្រោយពេលលោកប្រឆាំងនិេងការធ្វើរដ្ឋប្រហារដោយយោធា និងកៀរគរសហគមន៍អន្តរជាតិ ដាក់គំនាបលើយោធា ពេលនេះត្រូវយោធាចោទប្រកាន់ពីបទក្បត់ជាតិ។
ការចោទប្រកាន់ខាងលើរបស់យោធា កើតឡើងក្រោយពេល ដែល លោក Kyaw Moe Tun ថ្លែងនៅអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២៦ខែកុម្ភៈ ដោយបានថ្កោលទោសយ៉ាងខ្លាំងដល់យោធាដែលបានធ្វើរដ្ឋប្រហារ ហើយចាប់ខ្លួនមន្ត្រីជាន់ខ្ពស់ជាច្រើន។ លោកបានអំពាវនាវដល់សហគមន៍អន្តរជាតិធ្វើសកម្មភាពដើម្បីបញ្ចប់ការធ្វើរដ្ឋប្រហារហើយនាំមកនូវប្រជាធិបតេយ្យនៅក្នុងប្រទេសនេះ។
តាមសារព័ត៌មាន The Global New Light of Myanmar បានផ្សាយថា មេដឹកនាំស៊ីវិល លោក Mahn Win Khaing Than ដែលកំពុងតែគេចពីការតាមចាប់ខ្លួន ពីយោធា បានអំពាវនាវដល់ពលរដ្ឋក្រោកឈរឡើងធ្វើបាតុកម្មប្រឆាំងយោធា។ លោកក៏បានស្នើដល់ពលរដ្ឋមានវិធានការទប់ស្កាត់ ការវាយប្រហារពីយោធាផងដែរ។ លោក Mahn Win Khaing Than ត្រូវបានគណបក្ស សម្ពន្ធមិត្តជាតិដើម្បីប្រជាធិបតេយ្យ តែងតាំងកាន់តំណែងជាអនុប្រធានាធិបតី បន្តដឹកនាំពលរដ្ឋជំនួសលោកស្រីស៊ូជី និងប្រធានាធិបតីដែលយោធាចាប់ខ្លួន។
នៅថ្ងៃទី១៨ខែមីនានេះដែរ យោធាបានចោទប្រកាន់លោកស្រីស៊ូជីពីបទពុករលួយទទួលសំណូកជាទឹកប្រាក់ ៥៥០ពាន់ដុល្លារ ។ កន្លងមក យោធាបានចោទប្រកាន់ លោកស្រីស៊ូជីទទួលសំណូកជាទឹកប្រាក់ ៦សែនដុល្លារ និងមាស១១,២ គីឡូក្រាម។
ចាប់តាំងពីការធ្វើបាតុកម្មមកទល់ពេលនេះ មានមនុស្សស្លាប់កើនឡើងដល់ជាង ១៨០ នាក់ ហើយនិងបាតុកររាប់ពាន់នាក់ត្រូវបានចាប់ខ្លួន ៕ ដោយ៖ធីរីណា


រូបភាព៖CNN


ចែករំលែក៖