ខេត្តត្បូងឃ្មុំ ៖ តាមច្បាប់បញ្ជាក់ថា ការរក្សាទុក ការជួញដូរ ចែកចាយនិងប្រើប្រាស់គ្រឿងញៀនជាអំពើខុសច្បាប់។ ជាក់ស្ដែងដោយការយកចិត្តទុកដាក់ថែទាំភូមិឃុំមានសុវត្ថិភាពពីលោកវរសេនីយ៍ទោ ថាញ់ សុខវ៉ាត អធិការនគរបាលស្រុកពញាក្រែក បានដាក់ចេញវិធានការដល់កម្លាំងនគរបាលឱ្យចុះប្រតិបត្តិការក្នុងភូមិសាស្ត្រជាប្រចាំ។ ដោយអនុវត្តន៍តាមបទបញ្ជានេះ ទើបកម្លាំងសមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យម្នាក់នៅចំណុចភូមិក្រែកត្បូង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយដកហូតបានម្សៅក្រាមពណ៌សថ្លាសង្ស័យជាថ្នាំញៀនចំនួន ៣កញ្ចប់ ។
ការឃាត់ខ្លួនជនសង្ស័យនេះធ្វើឡើងនៅថ្ងៃទី១៨ ខែ មីនា ឆ្នាំ២០២១ វេលាម៉ោង ១២៖២០នាទី។
ជនសង្ស័យឈ្មោះ សឿន សុផា ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំកើតហេតុខាងលើ។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុក ពញាក្រែក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕
ដោយ៖វណ្ណៈ