ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ អំពាវនាវដល់ប្រជាពលរដ្ឋត្រូវមានការជឿជាក់លើវ៉ាក់សាំងដែលកំពុងផ្តល់ជូនដោយរាជរដ្ឋាភិបាល

ចែករំលែក៖

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការជឿជាក់លើវ៉ាក់សាំងដែលកំពុងផ្តល់ជូននាពេលនេះ ព្រោះវ៉ាក់សាំងទាំងពីរប្រភេទដែលចាក់ជូនប្រជាពលរដ្ឋ គឺមិនបានបង្កហានិភ័យអ្វីនោះឡើយ ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងតាមរយៈសារសំឡេង នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះថា កម្ពុជាកំពុងដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ចំនួន២ប្រភេទគឺ ស៊ីណូហ្វាម( Sinopharm )និងកូវីសៀល( Covishield )ជូនប្រជាពលរដ្ឋបានជាង៣០ម៉ឺននាក់រួចហើយ ហើយបើមិនមានអ្វីប្រែប្រួលទេនោះ នៅថ្ងៃទី២៦ ខែមីនាខាងមុន កម្ពុជានឹងទទួលបានវ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac) ចំនួន១លាន៥សែនដូសបន្តថែមទៀត ។
សម្តេចតេជោ បន្តថា បច្ចុប្បន្ននេះ ភាគីពាក់ព័ន្ធបានបន្ដយកចិត្តទុកដាក់យ៉ាងខ្ពស់ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ដែលកំពុងមានការរាលត្បាតខ្លាំង។ ដូច្នេះហើយប្រជាពលរដ្ឋត្រូវមានការជឿជាក់ទៅលើវ៉ាក់សាំងដែលរាជរដ្ឋាភិបាលកំពុងផ្តល់ជូនដោយឥតគិតថ្លៃនេះ ព្រោះការទទួលវ៉ាក់សាំងគឺជាជម្រើសតែមួយគត់ ដើម្បីជួយឱ្យប្រជាពលរដ្ឋជៀសឆ្ងាយពីជំងឺដ៏កាចសាហាវនេះ ។
«សូមបញ្ជាក់ជូនថា វ៉ាក់សាំងទាំងនេះគ្មានហានិភ័យណាមួយកើតឡើងនោះទេ គឺអ្នកចាក់ស៊ីណូហ្វាម បានច្រើនជាងអាស្ត្រាហ្សេនីកា ក៏ប៉ុន្តែមកដល់ពេលនេះមិនមានការគ្រោះថ្នាក់ណាមួយសម្រាប់ប្រជាពលរដ្ឋនោះទេ ហើយបើប្រៀបធៀបនៅអឺរ៉ុប វ៉ាក់សាំងអាស្ត្រាហ្សេនីកាបានសម្លាប់ប្រជាជនមួយចំនួនរួចស្រេចទៅហើយ និងបង្កឱ្យមានការភ័យខ្លាច ប៉ុន្តែសម្រាប់ប្រទេសយើងទាំងស៊ីណូហ្វាមទាំងអាស្ត្រាហ្សេនីកា គឺមិនទាន់មានការគំរាមកំហែងណាមួយដល់សុខភាពប្រជាពលរដ្ឋ ដូចប្រទេសមួយចំនួនបានលើកឡើង នៅទ្វីបអឺរ៉ុប និងទ្វីបដទៃទៀតនោះទេ» ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ទៀតថា អ្នកដែលបានចាក់វ៉ាក់សាំងការពារមេរោគកូវីដ១៩ចំនួន២ដងរួចរាល់ហើយ ក៏មិនអាចការពារខ្លួនពីមេរោគនេះ ទាំងស្រុងបានដែរ ដោយត្រូវបន្តអនុវត្តន៍វិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ជាពិសេសវិធានការ ៣កុំនិង៣ការពារ ដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩នៅក្នុងសហគមន៍ឱ្យមានប្រសិទ្ធភាព៕

ប្រភព: ក្រសួងព័ត៌មាន


ចែករំលែក៖