ភ្នំពេញ៖ បើតាមការប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់ថា ស្រ្តីជនជាតិខ្មែរម្នាក់ អាយុ៦២ឆ្នាំ ស្លាប់ដោយសារជំងឺកូវីដ១៩ នៅមន្ទីរពេទ្យរុស្ស៉ី កាលពីថ្ងៃត្រង់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ។
អ្នកជំងឺដែលស្លាប់ដោយសារជំងឺកូវីដ១៩នេះ គឺលោកស្រី ងួន សុផាន្នី ភរិយារបស់ តារាចម្រៀង ហួរ ឡាវី និងជាម្តាយរបស់តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា វី ឌីណែត មានអាយុ៦២ឆ្នាំ បន្ទាប់ពីធ្លាក់ខ្លួនឈឺប៉ុន្មានថ្ងៃ។
សូមជម្រាបថា លោកស្រី ងួន សុផាន្នី និងកញ្ញាវី ឌីណែត រួមទាំងប្អូនស្រីពៅម្នាក់ទៀត ត្រូវបានរកឃើញថា មានវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។ ខណៈដែលអ្នកជំងឺឈ្មោះ ងួន សុផាន្នី មានជំងឺទឹកនោមផ្អែម លើសឈាម និងជំងឺធាត់កំរឹត១ ដោយបានបញ្ជូនមកពេទ្យខ្មែរសូវៀតថ្ងែទី១៧ ខែមីនា ឆ្នាំ២០២១ មានអាការៈហត់ខ្លាំង។
ដោយឡែកលោក ហួរ ឡាវី វិញ សម្រាប់លទ្ធផលធ្វើតេស្តលើកទី១ បានបង្ហាញថា មិនមានជំងឺកូវីដ-១៩ នោះទេ។
អការៈឃើញមានរលាកសួតទាំងសងខាងធ្ងន់ធ្ងរ និងខ្វះអុកស៉ីហ្សែនខ្លាំង, មានសញ្ញាស្លោកបេះដូង និងខ្សោយបេះដូងស្រួចស្រាវធ្ងន់ធ្ងរ។ អ្នកជំងឺបានស្លាប់ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ម៉ោង១១៖៤៥នាទីដោយរលាកសួតខ្លាំង ស្លោកបេះដូងខ្លាំង ដោយសារមេរោគកូវីដ-១៩ លើអ្នកជំងឺទឹកនោមផ្អែម លើសឈាមនិងធាត់ខ្លាំង។
បច្ចុប្បន្ន កម្ពុជា រហូតដល់ពេលនេះមានអ្នកជំងឺ២នាក់ហើយ បានស្លាប់ដោយសារជំងឺកូវីដ-១៩៕ដោយ៖ស តារា