ភ្នំពេញ៖ លោក នេត ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងនៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១នេះថា,កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសកំពុងអនុវត្តកម្មវិធីរេដបូក (REDD+) បានល្អ!
លោកលើកឡើងថា, អ្វីជារេដបូក?
រេដបូក (REDD+: Reducing Emissions from Deforestation and Forest Degradation) គឺជាកម្មវិធីជាតិកាត់បន្ថយការបំភាយឧស័្មនផ្ទះកញ្ចក់ពីការបាត់បង់និងរេចរឹលព្រៃឈើ។ រេដបូកមានគោលបំណង (១)ការពារព្រៃឈើឱ្យបានគង់វង្សសម្រាប់ជាផលប្រយោជន៍ជាតិ និង(២)ចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុសកល ក្នុងអនុសញ្ញាក្របខ័ណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ។
ក្រៅពីផលប្រយោជន៍ជាឈើប្រើប្រាស់និងជាមុខងារក្នុងប្រព័ន្ធអេកូឡូស៊ី ព្រៃឈើនៅមានមុខងារដ៏សំខាន់មួយទៀត គឺការស្រូបយកឧស័្មនកាបូនិច (ឧស័្មនផ្ទះកញ្ចក់) ពីបរិយាកាស ដែលមុខងារនេះ ដើរតួនាទីសំខាន់ក្នុងការកាត់បន្ថយឧស័្មនផ្ទះកញ្ចក់សកល។ អនុសញ្ញាក្របខ័ណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ បានលើកទឹកចិត្តដល់ប្រទេសសម្បូរណ៍ព្រៃឈើ ខិតខំការពារព្រៃឈើឱ្យបានល្អប្រសើរ ដើម្បីទទួលបានថវិកាក្នុងទម្រង់ជា ទីផ្សារកាបូនស្ម័គ្រចិត្ត (Voluntary Carbon Market) និងការទូទាត់ផ្អែកតាមលទ្ធផល Result-Based Payment)។
ចំពោះទីផ្សារកាបូនស្ម័គ្រចិត្ត ចាប់តាំងពីឆ្នាំ២០១៦មកដល់បច្ចុប្បន្ន កម្ពុជាបានទទួលថវិកាចំនួន ១១,៦ លានដុល្លារពីការលក់ឥណទានកាបូនក្នុងគម្រោងចំនួនពីរ (ដែនជម្រកសត្វព្រៃកែវសីមា និងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង) ឱ្យទៅក្រុមហ៊ុនអន្តរជាតិធំៗមានដូចជា Disney និង Shallជាដើម។
មុននឹងទិញឥណទាន កាបូននេះ មានការវាយតម្លៃច្បាស់លាស់ពីអ្នកជំនាញលើសមត្ថភាពនៃការផលិតកាបូន និងយន្តការផ្សេង ៗដែលរាជរដ្ឋាភិបាលកម្ពុជាអនុវត្តដើម្បីធានាការពារនិងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពលើតំបន់ការពារធម្មជាតិដែលសម្បូណ៌ដោយព្រៃឈើ សត្វព្រៃនិងជីវៈចម្រុះផ្សេងទៀត។ ការសម្រេចទិញឥណទានកា បូនពីកម្ពុជារបស់ក្រុមហ៊ុននានាគឺបានបង្ហាញថាកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារបាននូវធន ធានធម្មជាតិនៅក្នុងតំបន់នោះ ហើយធនធានធម្មជាតិត្រូវបានអភិរក្សប្រកបដោយប្រសិទ្ធភាព។
អាស្រ័យដោយសារកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិបានល្អប្រសើរ កម្ពុជាមានសុទិដ្ឋិនិយមថាកម្ពុជានឹងអាចលក់ឥណទានកាបូន បានបន្ថែមទៀតក្នុងឆ្នាំបន្តបន្ទាប់។ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងបរិស្ថានបានយកចិត្តទុកដាក់ខ្ពស់លើការការពារនិងអភិរក្សធនធានធម្មជាតិដោយថែរក្សាឈើឈរដើម្បីលក់តួនាទីព្រៃឈើដែលដើរតួនាទីសំខាន់ក្នុងការការពារប្រព័ន្ធអេកូឡូស៊ីនៃភពផែនដី តាមរយៈការលក់ ឥណទានកាបូន ក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត។
ថវិកាទាំងអស់នេះ បានយកទៅប្រើប្រាស់សម្រាប់ការពារព្រៃឈើ និងអភិវឌ្ឍជីវភាពសហគមន៍ក្នុងតំបន់ការពារទាំងពីរ ដើម្បីធ្វើជាគំរូសម្រាប់ឈានទៅទទួលបានថវិកា «ការទូទាត់ផ្អែកតាមលទ្ធផល» ពីមូលនិធិអាកាសធាតុបៃតងនៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ ដែលគ្រងនឹងអនុវត្តចាប់ពីឆ្នាំ២០២០។
រហូតមកដល់ពេលនេះ មានតែប្រទេសកម្ពុជានិងប្រទេសឥណ្ឌូនេស៊ីប៉ុណ្ណោះក្នុងប្រទេសអាស៊ាន ដែលបានលក់ឥណទានកាបូនក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត។
ក្នុងពេលបច្ចុប្បន្ន កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសកំពុងអនុវត្តកម្មវិធីរេដបូកបានល្អដ៏ទៃទៀត មានដូចជា Malaysia, Vietnam, Indonesia, Brazil, Ecuador, Colombia, Chilli, Mexico, Kenya ដែលនឹងមានសិទ្ធិដាក់គម្រោងយកថវិកាពីមូលនិធិអាកាសធាតុបៃតង។
ផ្អែកតាមកម្រិតយោងព្រៃឈើ (Forest References Level) កម្ពុជាអាចផលិតឥណទានកាបូនបានប្រមាណ ១០លានតោន/ឆ្នាំ សម្រាប់ទទួលបានថវិកាក្នុងក្របខ័ណ្ឌការទូទាត់ផ្អែកតាមលទ្ធផល ពីមូលនិធិអាកាសធាតុបៃតង។
រូបថត៖ ព្រៃឈើក្នុងតំបន់ជួរភ្នំក្រវ៉ាញ
ដោយ៖ សិលា