ខេត្តសៀមរាប៖ ព្រលប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ! អាជ្ញាធរផ្អាកបណ្តោះអាសន្ននូវការចរាចរណ៍ចេញ-ចូល ចំពោះ ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប ខណ:មានអ្នកឆ្លងកូវីដ-១៩ម្នាក់ ! នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តសៀមរាប ស្តីពី ការផ្អាកបណ្តោះអាសន្ននូវការចរាចរណ៍ចេញ-ចូល ចំពោះ ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។
រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូន សាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០កុម្ភៈ នេះ ខេត្តសៀមរាប បានរកឃើញ វិជ្ជមានកូវីដ១៩ បុគ្គលទី២ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ទៅលើលោក ម៉ាប់ អាយុ៣៥ឆ្នាំ មាន អាសយដ្ឋានស្នាក់នៅភូមិគោកត្នោត សង្កាត់គោកចក ក្រុងសៀមរាប ដែលបានប្រកបមុខរបរជាកម្មករ បើករថយន្តដឹកដី នៅភូមិដីឥដ្ឋ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយបានវិលត្រឡប់មកខេត្ត សៀមរាប កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១។
ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប បាន សម្រេចបិទចរាចរចេញ-ចូល សង្កាត់គោកចក ក្រុងសៀមរាប ចាប់ពីវេលាម៉ោង ១៩:០០នាទី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ នេះតទៅ។ ជាមួយគ្នានេះ បងប្អូនដែលបានជួបប្រាស្រ័យទាក់ទងនឹងបុគ្គលដូចបាន ជម្រាបជូនខាងលើ ឬមានករណីសង្ស័យ ឬបានធ្វើដំណើរទៅកាន់ទីកន្លែងមួយចំនួនរួមមានពេទ្យ ចាវ ចាន់ នៅផ្សារភូមិភាគ៤ (ចាប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១) ពេទ្យ ទូច កូ នៅខាងលិចផ្សារដើមក្រឡាញ់ (ចាប់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១) ពេទ្យ៧៧៧ នៅផ្លូវជាតិលេខ៦ ខាងលិចស្តុបទន្លេសាប (ចាប់ពី ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១) និងគ្លីនិកសុខភាព (ចាប់ពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១) សូមរួសរាន់ មកយកសំណាក នៅមណ្ឌលចត្តាឡីស័កសាលាគរុកោសល្យ និងអ្នករស់នៅក្បែរមន្ទីរពេទ្យ៧៧៧ សូម យកសំណាកនៅមន្ទីរពេទ្យ៧៧៧ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ រាល់ព័ត៌មានបន្ថែម សូមទំនាក់ទំនង ទូរស័ព្ទលេខ ០១២ ៥២២ ៤២៧, ០៦៦ ៣៦៤ ៦៤៦ និង០៦៩ ៧៧៣ ២២៣។ចំពោះការផ្អាកចរាចរណ៍ចេញ-ចូលបណ្តោះអាសន្ននេះ នឹងដំណើរការឡើងវិញ ក្រោយស្ថានភាព ការរីករាលដាលជំងឺកូវីដ១៩ មានសភាពធូស្រាល និងវិលមករកប្រក្រតីភាពឡើងវិញ ដោយរដ្ឋបាលខេត្ត នឹងជូនដំណឹងនាពេលក្រោយ។
រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ពិសេសបងប្អូនដែល រស់នៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពារ៕
ដោយ៖ សិលា