ភ្នំពេញ៖ ពាណិជ្ជករវ័យក្មេងដ៏ស្រស់ស្អាតម្នាក់ ពាក់ព័ន្ធករណី (មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន) ពោលគឺចេញមូលប្បទានប័ត្រអត់សាច់ប្រាក់ (សែកស្អុយ) ជាង២លានដុល្លារអាមេរិក ក៏ត្រូវកម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់ឃាត់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ដេីម្បីចាត់ការតាមច្បាប់។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ស្ត្រីដែលជាពាណិជ្ជកររូបនេះមានឈ្មោះ លី ស៊ីវហ៊ុង អាយុ៣៣ឆ្នាំ មុខរបរនាំសម្ភារៈជាគ្រឿងតុបតែងផ្ទះបាយ មកពីប្រទេសកូរ៉េ និងមានអាសយដ្ឋានស្នាក់នៅភូមិ៤ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
របាយការណ៍ដដែល បន្តថា ដើមចម បណ្តាលឲ្យសមត្ថកិច្ចនាំខ្លួនពាណិជ្ជករវ័យក្មេងរូបនេះ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដោយយោងតាមដើមបណ្តឹងរបស់ឈ្មោះ ហេង ស្រីពៅ បានទៅដាក់ពាក្យបណ្តឹងនៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្តឹងពីឈ្មោះ លី ស៊ីវហ៊ុង ដែលមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបានដោយចេញមូលប្បទានប័ត្រអត់សាច់ប្រាក់សរុបប្រមាណជាង២លានដុល្លារអាមេរិក (សែកស្អុយ) ចំនួន១៥សន្លឹក ។
ជាក់ស្ដែងតាមពាក្យបណ្តឹង បានបញ្ជាក់យ៉ាងដូច្នេះថា៖ ជនរងគ្រោះបានស្គាល់ឈ្មោះ លី ស៊ីវហ៊ុង តាមរយៈមិត្តភក្តិរយៈពេលជាង៥ឆ្នាំ ។ ក្រោយពីបានស្គាល់ និងរាប់អានគ្នាមក ឈ្មោះ លី ស៊ីវហ៊ុង តែងតែបង្ហាញពីមុខរបររកស៊ីនាំចូលនូវសម្ភារៈផ្ទះបាយទំនើបៗមកពីប្រទេសកូរ៉េ ដូចជា៖ ចាន ឆ្នាំង និងគ្រឿងជ័រច្រើនប្រភេទ យកមកបោះដុំ និងលក់រាយលើទីផ្សារក្នុងប្រទេសកម្ពុជា ។
បន្ទាប់មកឈ្មោះ លី ស៊ីវហ៊ុង ក្នុងអំឡុងខែតុលា ឆ្នាំ២០១៧ ក៏បានទៅរកខ្ចីប្រាក់ដើមបណ្តឹងចំនួន៤០ម៉ឺនដុល្លារអាមេរិក ដើម្បីយកទៅធ្វើដើមទុនវិយោគបន្ថែមលើមុខរបរនោះ ។ ជាង៥ឆ្នាំកន្លងមកនេះ ដោយយល់ឃើញថា លី ស៊ីវហ៊ុង ជាមនុស្សរាប់អានគ្នា និងពាណិជ្ជករម្នាក់គួរឲ្យជឿទុកចិត្តលើមុខជំនួញរបស់គាត់ ទើបដើមបណ្តឹងសម្រេចចិត្តឲ្យឈ្មោះ លី ស៊ីវហ៊ុង ខ្ចីប្រាក់ ។ ក្រោយពេល លី ស៊ីវហ៊ុង បានខ្ចីប្រាក់ពីជនរគ្រោះយកទៅប្រកបមុខរបររកស៊ីហើយ ជនសង្ស័យតែងតែយកប្រាក់នោះមកទូទាត់ឲ្យដើមបណ្តឹងវិញ ដោយគ្មានផលលំបាកទេ ទង្វើទាំងអស់នោះហើយបានធ្វើឲ្យជនរងគ្រោះកាន់តែមានទំនុកចិត្ត ។
លុះដល់អំឡុងឆ្នាំ២០២០ ឈ្មោះ លី ស៊ីហ៊ុង បានទៅសុំខ្ចីប្រាក់ពីជនរងគ្រោះជាង១លាន(១៥៥.៥៩៧.១) ដុល្លារអាមេរិកទៀត ពេលនោះជនរងគ្រោះក៏យល់ព្រមឲ្យខ្ចីដែរ ដែលជនសង្ស័យបានអះអាង ធ្វើកិច្ចសន្យាធានា និងទទួលស្គាល់លើបំណុលទាំងអស់នោះផងដែរ ។ បន្ទាប់មកឈ្មោះ លី ស៊ីវហ៊ុង ចេះតែទៅខ្ចីប្រាក់ពីដើមបណ្តឹងបន្តទៀត ដែលបំណុលចាស់មិនទាន់បានសងមកវិញផង សរុបទាំងបំណុលថ្មីប្រមាណជាង២លាន (២១២.៥២០. ០) ដុល្លារអាមេរិក ខណៈពេលនោះជនសង្ស័យក៏បានចេញមូលប្បទានប័ត្រ (សែក) ចំនួន១៣សន្លឹក ឲ្យជនរងគ្រោះទៅបើកនៅធនាគារមួយ និង២សន្លឹក ទៅបើកនៅធនាគារមួយទៀត ដោយបានកំណត់ថ្ងៃខែត្រឹមត្រូវ ដែលសែកនីមួយៗមានដាក់ចំនួនទឹកប្រាក់ខុសៗ គ្នា និងការបរិច្ឆេគឲ្យទៅបើកប្រាក់នោះក៏ខុសថ្ងៃខែគ្នាដែរ ។
លុះដល់ថ្ងៃកំណត់ជនរងគ្រោះ បានយកសែកទាំង១៥សន្លឹក ដែលចេញដោយឈ្មោះ លី ស៊ីហ៊ុង នោះ ទៅបើកនៅធនាគារ ស្រាប់តែខាងធនាគារបញ្ជាក់មកវិញថា មូលប្បទានប័ត្រទាំងនេះពុំមានសាច់ប្រាក់ទេ ពោលគឺជាសែកស្អុយទាំងអស់ ។ ក្រោយពេលធនាគារបញ្ជាក់មកវិញដូច្នេះហើយ ជនរងគ្រោះក៏បានទាក់ទងទៅជនសង្ស័យឈ្មោះ លី ស៊ីវហ៊ុង ដើម្បីជួបគ្នាដោះស្រាយចំពោះបំណុលនោះវិញ ប៉ុន្តែជនសង្ស័យបានសន្យាថ្ងៃនេះថ្ងៃនោះ និងដល់ដំណាក់កាលចុងក្រោយជនសង្ស័យបានប្លុកលេខទូរស័ព្ទជនរងគ្រោះមិនអាចឲ្យទាក់ទងបាន និងចេតនាគេចវេសពីបំណុលនោះទៀតផង ។
គួរបញ្ជាក់ថា ដោយយោងតាមអង្គហេតុដូចបានរៀបរាប់ខាងលើនេះហើយ ទើបជនរងគ្រោះបានដើរទៅរកផ្លូវច្បាប់ ដើម្បីឲ្យជួយចាត់ការលើសំណុំរឿងនេះ ក៏សម្រេចទៅប្តឹងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ។ បន្ទាប់ពីមានពាក្យបណ្តឹងសមត្ថកិច្ចកងរាជអាវុធហត្ថ បានកោះអញ្ជើញជនសង្ស័យឲ្យចូលខ្លួនមកដោះស្រាយលើបណ្តឹងនោះ ប៉ុន្តែដោយការមិនត្រូវរ៉ូវគ្នា ទើបសំណុំរឿងបានបញ្ជូនមកដល់ដៃលោកស្រីកញ្ញា សុង ឆវ័ន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលលោកស្រីកញ្ញាតំណាងអយ្យការ បាននិងកំពុងបើកការសាកសួរ ប៉ុន្តែដោយផុតម៉ោងរដ្ឋបាល តំណាងអយ្យការក៏បានផ្ញើជនសង្ស័យទៅសមត្ថកិច្ចវិញ និងតម្រូវឲ្យព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១នេះ នាំមកសាកសួរបន្តទៀតមុន នឹងសម្រេចសេចក្តី។
បច្ចុប្បន្នយើងចាំមេីលថា តេីវាសនាស្រីស្អាតពាណិជ្ជករវ័យក្មេងរូបនេះ អាចជាប់ពន្ធនាគារ ឬមួយយ៉ាងណា? ៕ដោយ៖ស តារា