ក្រុមជនជាតិអាស៊ីរស់នៅក្នុងទឹកដីអាមេរិកមានអារម្មណ៍ថា ខ្លួនមិនមានសុវត្ថិភាពដូចកាលពីមុនឡើយ ដោយពេលនេះពួកគេនាំគ្នាសម្រុកទៅទិញកាំភ្លើងដើម្បីទុកការពារខ្លួន។
តាមសារព័ត៌មាន Forbes បានដកស្រង់ប្រភពព័ត៌មានពីហាងលក់កាំភ្លើងដែលបានឱ្យដឹងថា ក្រុមជនជាតិអាស៊ីបាននាំគ្នាទៅទិញកាំភ្លើងកើនឡើងខ្ពស់ ។
លោក Jimmy Gong ម្ចាស់ហាងលក់កាំភ្លើងនៅទីក្រុងញូវយ៉កអាមេរិក បានឲ្យដឹងថា «ពីមួយថ្ងៃទៅមួយថ្ងៃមានជនជាតិអាស៊ីទៅទិញកាំភ្លើងកាន់តែច្រើន ក៏ដូចជាស្វែងយល់ពីកាំភ្លើង។ កន្លងមកខ្ញុំមិនដែលឃើញវប្បធម៌ប្រើប្រាស់កាំភ្លើងនោះឡើយនៅក្នុងសហគមន៍ជនជាតិអាស៊ី ។ ប៉ុន្តែក្រោយកូវីដ-១៩ផ្ទុះឡើង អំពើហិង្សាបានសំដៅទៅលើក្រុមជនជាតិអាស៊ី ដែលកត្តាទាំងនោះហើយបានជាពលរដ្ឋជនជាតិអាស៊ី នាំគ្នាទៅទិញកាំភ្លើងដើម្បីទុកការពារខ្លួន»។
លោក Gong បន្តទៀតថា តួលេខលក់កាំភ្លើងរបស់ក្រុមហ៊ុនលោកបានកើនឡើងទ្វេដងក្នុងពេលផ្ទុះកូវីដ-១៩។ ក្រៅពីកាំភ្លើងជនជាតិអាស៊ី ក៏បានទិញបំពង់បាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីការពារខ្លួនផងដែរ។
តាមរបាយការណ៍ស្រាវជ្រាវរបស់ក្រុមអ្នកជំនាញមកពីមហាវិទ្យាល័យ កាលីហ្វ័រនីញ៉ា បានបង្ហាញឲ្យឃើញថា បទល្មើសសំដៅទៅលើក្រុមជនជាតិអាស៊ី កើនឡើង១៤៩% ក្នុងឆ្នាំ២០២០ ។ ការស្អប់ រើសអើងជនជាតិអាស៊ីចាប់ផ្តើមនៅខែមីនា និងខែមេសាឆ្នាំ២០២០ ពេលដែលជំងឺកូវីដ-១៩ ត្រូវបានអង្គការសុខភាពពិភពលោកប្រកាសថាជាជំងឺសកល ។
ចំណែកបុគ្គលិកលក់កាំភ្លើងនៅក្នុងហាងមួយនៅទីក្រុងវ៉ាស៊ីនតោន បានលើកឡើងថា «យើងមានអតិថិជនដើមកំណើតអាស៊ីកើនឡើងខ្ពស់ ដោយពួកគាត់ទិញកាំភ្លើង ដោយសារតែកូវីដ-១៩ ដោយអំពើហិង្សា ដោយសារតែការគំរាមកំហែងបំផ្លាញហាង បំផ្លាញទ្រព្យសម្បត្តិរបស់ពួកគាត់ ទើបគាត់សម្រេចទិញកាំភ្លើងទុកការពារ។
លោក Tim Hensley អគ្គនាយកក្រុមហ៊ុនលក់កាំភ្លើង Towers Armory នៅទីក្រុង Oregon រដ្ឋ Ohio អាមេរិកបានឱ្យដឹងថា មួយថ្ងៃៗមានជនជាតិអាស៊ីដល់ទៅ ៥-៦នាក់ទៅទិញកាំភ្លើង ដែលពីមុន ក្នុង១ខែមានតែ ២-៣នាក់ប៉ុណ្ណោះ។ នៅក្នុងឆ្នាំ២០២០ មានពលរដ្ឋទៅទិញកាំភ្លើងដល់ទៅ ៨,៤លាននាក់។ ចំណែក FBIបានបញ្ជាក់ថា មានពលរដ្ឋជិត៤០លាននាក់បានស្នើសុំលិខិតអនុញ្ញាតប្រើប្រាស់កាំភ្លើងស្របច្បាប់នៅក្នុងឆ្នាំ២០២០៕
ដោយ៖ធីរីណា(រូបភាព៖ New York Post.+Getty.)