ព័ត៌មានទាន់ហេតុការណ៍៖

ភ្ញាក់ផ្អើលដំណឹងថាម្ចាស់ពាន The Voice Cambodia រដូវកាលទី២ លោក ថែល ថៃ រកឃើញវិជ្ជមានជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែមីនាឆ្នាំ ២០២១នេះម្ចាស់ពាន The Voice Cambodia រដូវកាលទី២លោក ថែល ថៃ ត្រូវបានអ្នកក្នុងចង្កោមសិល្បៈបញ្ជាក់ថា បានឆ្លងជំងឺកូវីដ-១៩។ ការភ្ញាក់ផ្អើលនេះបានធ្វើឡើងក្រោយពីព្រឹកនេះដែរ អាជ្ញាធរបានចុះហុំព័ទ្ធនិងពិនិត្យមើលទីតាំង មន្ទីរសម្រាកព្យាបាល និង សម្ភព សុខា បញ្ញា ដែលមានទីតាំងតាមបណ្តោយផ្លូវ 106 ផ្ទះលេខ22 ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ,ដែលជាទីកន្លែង តារាចម្រៀង លោក ថែល ថៃ ធ្លាប់បានចូលសម្រាកនិងពិនិត្យសុខភាពនៅទីនេះ កាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២១ ហើយពេលនេះភ្ញាក់ផ្អើលថាលោកមានវិជ្ជមានកូវីដ-១៩ នោះ។ 

  ទោះជាយ៉ាងណាគេនៅមិនទាន់អាចស្វែងរកការបញ្ជាក់បន្ថែមពីតារាចម្រៀងរូបនេះបាននៅឡើយខណៈដែលគណនីយហ្វេសប៊ុករបស់លោកនៅមិនទាន់បានប្រកាសជាសាធារណៈនៅឡើយដែរនៅព្រឹកនេះ។ ទោះជាយ៉ាងណាបើយោងតាមការបង្ហោះរបស់គណនីយហ្វេសប៊ុក សិល្បៈកម្ពុជា របស់លោកអ៊ឹម ជីវ៉ា  បានបង្ហោះសារនៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ថា “តារាចម្រៀង រស្មីហង្សមាស គឺលោកថែល ថៃ វិជ្ជមានកូវីដ-១៩។ 

  ប្រសិនបើនេះគឺជាការពិតមែននោះលោកនឹងក្លាយជាបុគ្គលិកក្រុមហ៊ុនហង្សមាសបន្ទាប់ដែលត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩បន្ទាប់ពីអ្នកនាងចាន់កែវនិមល, អ្នកនាងសុគន្ធ នីសា , លោកណុប ប៉ាយ៉ារិទ្ធិ, កញ្ញា វី ឌីណែត អ្នកអ្នកដឹកនាំសម្តែង MV លោក Eco vak song  អ្នកនិពន្ធលោក លី ស៊ីនហួន និងអ្នកនិពន្ធលោក ម៉ម មិថុនា។ 

  គួរបញ្ជាក់ដែរថា នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីរហូតដល់ ចំនួន៧៣នាក់ ក្នុងនោះករណីឆ្លងក្នុងសហគមន៍ «ព្រឹត្តិការណ៍២០កុម្ភៈ» ៧១ករណី និង២នាក់ជាករណីនាំចូល ខណៈអ្នកជំងឺចំនួន១៧នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។គិតត្រឹមព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ១៧៥៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៩៦៧នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន ៧៨១នាក់, ស្លាប់ចំនួន ៣នាក់ និង២នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ-១៩៕

ដោយ៖ វឌ្ឍនា


ចែករំលែក៖