ព័ត៌មានទាន់ហេតុការណ៍៖

មានករណីស្លាប់បុរសជនជាតិខ្មែរអាយុ​ ៧៥ឆ្នាំ​ ដោយសារជំងឺកូវីដ-១៩​ នាថ្ងៃទី២២​ ខែមីនា​ ឆ្នាំ២០២១​ វេលាម៉ោង​ ០៨:៣០នាទីព្រឹក​

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់អោយដឹងថា, មានករណីស្លាប់បុរសជនជាតិខ្មែរអាយុ ៧៥ឆ្នាំ ដោយសារជំងឺកូវីដ-១៩។

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនទាំងអស់ឱ្យបានជ្រាប ថា យោងតាមរបាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ -សូវៀត បានឱ្យដឹងថា អ្នកជំងឺកូវីដ-១៩ ភេទប្រុស ជនជាតិខ្មែរ អាយុ ៧៥ ឆ្នាំ ជាវេជ្ជបណ្ឌិតចូលនិវត្តន៍ និងជាប្រធានគណកម្មការវេជ្ជសាស្រ្ត និងវិទ្យាសាស្ត្រកីឡា គណៈកម្មាធិការជាតិអូឡាំពិចកម្ពុជា មានអាសយដ្ឋាននៅភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានទទួលមរណភាពនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០៨:០០នាទីព្រឹកនៅមន្ទីរ ពេទ្យមិត្តភាពខ្មែរ-សូវៀត។

បុរសវ័យ ៧៥ឆ្នាំខាងលើនេះ បានចូលសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០៨:០០នាទីព្រឹក ក្នុងសភាពហត់ខ្លាំងៗ ភ្លាមៗក្រោយពេលមកដល់មន្ទីរពេទ្យ ក្រុម គ្រូពេទ្យបានពិនិត្យឃើញថា គាត់មានអាការៈហត់ខ្លាំង និងពិបាកដកដង្ហើម ព្រមទាំងមានការវិវត្តយ៉ាង រហ័សទៅរកសភាពធ្ងន់ធ្ងរខ្លាំងក្នុងរយ:ពេល ៣-៤ថ្ងៃមុនចូលដល់មន្ទីរពេទ្យ ហើយគាត់មានជំងឺប្រចាំកាយ លើសឈាមផង។ ក្រោយពីការថតសួត បានរកឃើញថា មានរលាកសួតធ្ងន់ធ្ងរខ្លាំងទាំងសងខាង និងមាន ខ្សោយសួតខ្លាំង ដែលក្រុមគ្រូពេទ្យបានព្យាយាមជួយគាត់ រហូតដល់ប្រើម៉ាស៊ីនជំនួយដង្ហើមហើយនៅតែ មិនអាចជួយបាន ហើយគាត់ក៏បានធ្វើមរណកាលទៅ។ សូមបញ្ជាក់ថា បុរសខាងលើនេះ មានតេស្តវិជ្ជមាន វីរុសកូវីដ-១៩ នៅយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១។

សេចក្តីសន្និដ្ឋាន៖ អ្នកជំងឺបានស្លាប់នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០៨:០០នាទីព្រឹក ដោយខ្សោយសូតធ្ងន់ធ្ងរខ្លាំង និងរលាកសួតសងខាងធ្ងន់ធ្ងរខ្លាំង ដោយសារជំងឺកូវីដ-១៩។ ថ្នាក់ដឹកនាំ និងបុគ្គលិក -មន្ត្រីរាជការនៃក្រសួងសុខាភិបាលទាំងអស់ សូមសំដែងនូវការសោកស្តាយ ជាពន់ពេក និងសូមចូលរួមចែករំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព។ សូមវិញ្ញាណក្ខន្ធសព បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ អាស្រ័យហេតុដូចបានជម្រាបជូនខាងលើនេះ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕

ដោយ៖សុខ ខេមរា


ចែករំលែក៖