ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសពចំពោះការស្លាប់របស់លោក ស្ដើង ជា ដោយសារជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ​៖ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្ដែងមរណទុក្ខយ៉ាងក្រៀមក្រំ និងសោកស្ដាយជាខ្លាំងជាមួយក្រុមគ្រួសារសពចំពោះមរណភាពរបស់លោក ស្ដើង ជា ដែលបានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការសម្ដែងចូលរួមមរណទុក្ខនេះ បានចាត់ទុក្ខមរណភាពរបស់លោក ស្ដើង ជា គឺជាការបាត់បង់ស្វាមី លោកឳពុក និងជីតាដ៏ល្អមួយរូប និងជាទីគោរពស្រឡាញ់។​

លេីសពីនេះ​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានបួងសួងសូមឲ្យវិញ្ញាណក្ខន្ធលោក ស្ដើង ជា បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ជាមួយគ្នានេះ​​ ដោយសារកម្ពុជាកំពុងតែមានការរាតត្បាតខ្លាំងពីជំងឺកូវីដ១៩ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមប្រយុទ្ធប្រឆាំង ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះ ដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួន និងជាប្រចាំនូវវិធានការការពារ «៣ការពារ និង ៣កុំ»។ ៣ការពារ៖ គឺត្រូវពាក់ម៉ាស់ លាងដៃនឹងសាប៊ូ អាល់កុល ឬជែល ត្រូវរក្សាគម្លាតសុវត្ថិភាព គម្លាតបុគ្គលចាប់ពី ១ម៉ែត្រកន្លះឡើងទៅ ៣កុំ៖ កុំបដិសណ្ឋាកិច្ចដោយចាប់ដៃ ឱប ឬកៀកស្មាគ្នា កុំនៅក្នុងបន្ទប់បិទជិត កុំនៅកន្លែងមានមនុស្សច្រើនកុះករ។

គួរ​បញ្ជាក់ថា លោក ស្ដើង ជា បានទទួលមរណភាពនៅព្រឹកថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២១ នេះ ដោយសារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យរុស្សុី ៕ដោយ​៖ស​ តារា​


ចែករំលែក៖