ព័ត៌មានទាន់ហេតុការណ៍៖

រន្ធត់ណាស់! ស្លាប់ក្មេងស្រីម្នាក់និង៣នាក់ទៀតរងរបួសដោយសារទ្វាររបងរលំសង្កត់នៅស្រុកស្វាយទាប

ចែករំលែក៖

   ខេត្តស្វាយរៀង ៖ មានការស្រែកទ្រហោយំពីសំណាក់ឪពុកម្តាយក្រុមគ្រួសារខណៈក្មេងស្រីម្នាក់ស្លាប់និង៣នាក់ទៀតរងរបួសពេលនាំគ្នារត់តោងលេងទ្វាររបងដែករបស់អ្នកជិតខាង ហើយត្រូវទ្វារដែកនោះរលំសង្កត់ពីលើបង្កការភ្ញាក់ផ្អើលតែម្ដង។

   ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤និង៤៥នាទីរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ នៅភូមិព្រៃទទឹង ឃុំប្រសូត្រ ស្រុកស្វាយទាបខេត្តស្វាយរៀង។

   សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាក្មេងស្រីដែលស្លាប់មានឈ្មោះ ឃិន ធីតា អាយុ៨ឆ្នាំ មុខរបរសិស្ស មានឪពុកឈ្មោះ ឆាយ ចាន់លី អាយុ៣៩ឆ្នាំ មុខរបរលក់ពងមាន់ និងម្ដាយឈ្មោះ ប្រាក់ ស៊ីនួន អាយុ៣៧ឆ្នាំ មុខរបរកម្មការិនីរោងចក្ររស់នៅភូមិព្រៃទទឹង ឃុំប្រសូត្រ ស្រុក ស្វាយទាប ខេត្តស្វាយរៀង ។

ចំណែកអ្នករងរបួសទី១-ឈ្មោះ ចិត្រ សុខនីសា ភេទស្រី អាយុ៩ឆ្នាំ មុខរបរសិស្ស (រងរបួសស្រាល)។២-ឈ្មោះ ចិត្រ ពិសិដ្ឋ ភេទប្រុស អាយុ២ឆ្នាំ(រងរបួសស្រាល)និងទី៣.ឈ្មោះ វីរៈ ទេពី ភេទស្រី អាយុ៧ឆ្នាំ មុខរបរសិស្ស(រងរបួសស្រាល)អ្នកទាំងបីរស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។

   បើយោងតាមក្រុមគ្រួសារក្មេងស្រីរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញក្មេងប្រុសស្រីទាំង៤នាក់ខាងលើបាននាំគ្នារត់ប្រឡែងគ្នាលេងនៅក្បែររបងផ្ទះអ្នកភូមិឈ្មោះ

ឡឹក ចិត្រ ភេទប្រុស អាយុ៣៥ឆ្នាំហើយពេលនោះពួកគែក៏បានឡើងតោងទ្វាររបងលេងស្រាប់តែទ្វាររបងរលំសង្កត់ទាំង៤នាក់រងរបួសធ្ងន់ស្រាល៣នាក់និង ក្មេងស្រីអាយុ៨ឆ្នាំម្នាក់បានស្លាប់បាត់បង់ជីវិតនៅតាមផ្លូវពេលដែលក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យ។

   បច្ចុប្បន្នសពក្មេងស្រីរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី 

ខណៈក្មេងរងគ្រោះទាំង៣នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

ដោយ៖ យឹម សុថាន


ចែករំលែក៖