ខេត្តកំពង់ឆ្នាំង៖ ពិតជាសាហាវមែន ! បងប្អូនជនរួមជាតិត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីជំងឺកូវីដ-១៩ មើលចុះ ! ប្តីប្រពន្ធ២នាក់ រស់នៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ទៅមើលកសិដ្ឋានចិញ្ចឹមមាន់ នៅភូមិទ័ពត្បែង ខេត្តកំពង់ឆ្នាំង រកឃើញវិជ្ជមានកូវីដ-១៩ អាជ្ញាធរខេត្តកំពុងស្វែងរកអ្នកពាក់ព័ន្ធមកធ្វើចត្តាឡីស័ក។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលពាក់ព័ន្ធនឹងប្តីប្រពន្ធ២នាក់ ដែលមកពីរាជធានីភ្នំពេញមានវិជ្ជមានកូវីដ-១៩ ទៅយកសំណាកពិនិត្យធ្វើតេស្តរកកូវីដ-១៩ ឲ្យបានត្រឹមត្រូវ។
ប្តីប្រពន្ធខាងលើបានទៅមើលកសិដ្ឋានចិញ្ចឹមមាន់នៅភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មុននឹងដឹងថា ខ្លួនមានផ្ទុកមេរោគកូវីដ-១៩ ដែលសង្ស័យឆ្លងពីប្អូនបង្កើតនៅរាជធានីភ្នំពេញ។នេះបើតាមការបញ្ជាក់អោយដឹងពី លោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង។
ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៣៥នាក់បន្ថែមទៀត។ ក្នុងនោះ មានអ្នកជំងឺ២នាក់ គឺបុរសអាយុ ៤៦ឆ្នាំ និងស្ត្រីអាយុ ៣៨ឆ្នាំ ដែលមានទីលំនៅផ្ទះលេខ 91F ផ្លូវ ២០៨ បុរីវិមានភ្នំពេញ ស្ថិតក្នុងភូមិច្រាំងចំរេះ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ គឺជាប្តីប្រពន្ធដែលបានទៅមើលកសិដ្ឋានចិញ្ចឹមមាន់ ក្នុងខេត្តកំពង់ឆ្នាំង។
ប្រធានមន្ទីរសុខាភិបាលខេត្ត លោក ប្រាក់ វ៉ុន បានបញ្ជាក់ថា ប្តីប្រពន្ធនោះបានទៅមើលកសិដ្ឋានចិញ្ចឹមមាន់នៅទីតាំងខាងលើ ហើយបានទទួលដំណឹងថា ប្អូនបង្កើតដែលនៅរាជធានីភ្នំពេញ មានវិជ្ជមានកូវីដ-១៩ ពួកគាត់ក៏ទៅយកសំណាកធ្វើតេស្ត នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងតែម្តង។ អ្នកទាំងពីរ បានយកសំណាកទៅធ្វើតេស្ត កាលពីព្រឹកថ្ងៃ២១ ខែមីនា ឆ្នាំ២០២១ ហើយលទ្ធផលបង្ហាញដោយក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះបញ្ជាក់ថាពួកគាត់ «វិជ្ជមានកូវីដ-១៩»។
លោក ប្រាក់ វ៉ុន បន្ថែមថា បន្ទាប់ពីយកសំណាកទៅពិនិត្យ កាលពីថ្ងៃអាទិត្យទី២១ ខែមីនា ឆ្នាំ២០២១រួចហើយ ពួកគាត់បានត្រឡប់ទៅភ្នំពេញវិញ ដោយមិនមានចុះតាមផ្លូវឡើយ។ អ្នកទាំងពីរ ទទួលបានលទ្ធផលថាឆ្លងកូវីដ-១៩ ពីវិទ្យាស្ថានប៉ាស្ទ័រនៅថ្ងៃទី២២ ខែមីនា វេលាម៉ោង ១២យប់ម្ល៉េះ។
ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឲ្យដឹងទៀតថា ឥឡូវនេះក្រុមការងារមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង កំពុងតែដុតដៃដុតជើង ដើម្បីតាមរកអ្នកដែលពាក់ព័ន្ធ ដើម្បីយកសំណាកទៅធ្វើតេស្ត និងដាក់ពួកគាត់ឲ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ។ បច្ចុប្បន្នបានរកឃើញ អ្នកដែលពាក់ព័ន្ធផ្ទាល់ចំនួន ៧នាក់ ហើយកំពុងតែបន្តរកអ្នកពាក់ព័ន្ធផ្សេងៗទៀតផង ដើម្បីយកសំណាកមកធ្វើតេស្តផងដែរ។
លោក ប្រាក់ វ៉ុន បញ្ជាក់តាមទូរស័ព្ទប្រាប់អ្នកសារព័ត៌មានថា «កាលពីថ្ងៃទី១៩ ខែមីនា ពួកគាត់ជួបជុំគ្នាហូបបាយ ប្រមាណ ២០នាក់។ គិតត្រឹមព្រឹកថ្ងៃទី២៣ ខែមីនា អាជ្ញាធរកំណត់ទីតាំងអត់ទាន់អស់ទេ ព្រោះមានច្រើនកន្លែង។ ហេតុនេះ សូមប្រជាពលរដ្ឋដែលពាក់ព័ន្ធ ចូលរួមសហការទាំងអស់គ្នា»។
ដោយឡែកនៅព្រឹកថ្ងៃនេះ នៅទីតាំងមណ្ឌលសុខភាពពង្រ ក្រុមការងារដែលដឹកនាំដោយលោក អម សុភា អភិបាលរងខេត្ត តំណាងអភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំមន្រ្តីសុខាភិបាល និងសមត្ថិកិច្ចចុះស្រាវជ្រាវ រកអ្នកពាក់ព័ន្ឋ និងក្រុមគ្រួសារ ដើម្បីធ្វើសំណាក។
គិតត្រឹមម៉ោង ១១៖៤៩នាទីនេះ មានអ្នកពាក់ព័ន្ធសរុបចំនួន ៨នាក់ បានយកសំណាក និងដាក់ឱ្យធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កខេត្ត (ទឹកផុស) ដោយឡែកក្រុមការងារកំពុងបន្តស្រាវជ្រាវ រកចំនួនសមាជិកគ្រួសារដែលពាក់ព័ន្ធផ្ទាល់ និងប្រយោល ព្រមទាំងយកសំណាកតាមគ្រួសារផងដែរ។
សូមជម្រាបថា , រហូតដល់ម៉ោង ០៩:៥០នាទី ព្រឹកថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២១ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩ ចំនួន ៣៥នាក់ (ឆ្លងសហគមន៍ ៣៣នាក់ និង នាំចូល ២នាក់) និងមានជាសះស្បេីយ ៣២នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ១៧៨៨នាក់ ចំនួនសំរាកពេទ្យ ៧៨៣នាក់ និងចំនួនជាសះស្បេីយសរុបកេីន ៩៩៩នាក់ និង ស្លាប់ថ្មី ១ សរុបស្លាប់ ៤នាក់ ។
ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ហេីយ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ-១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ៕
ដោយ ៖ សិលា