អន្តរជាតិ៖ បើតាមទីភ្នាក់ងារសារព័ត៌មាន AFP នាព្រឹកថ្ងៃអង្គារ ទី២៣ ខែមីនា ឆ្នាំ២០២១នេះ បានចុះផ្សាយថា លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានច្រានចោលការរិះគន់ ពីសំណាក់ប្រទេសមួយចំនួនទៅវ៉ាក់សាំង Sputnik V ហើយលោកផ្ទាល់ កំពុងត្រៀមខ្លួនទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 មួយនេះ នៅក្នុងសប្តាហ៍នេះតែម្តង។
ឆ្លើយតបនឹងការរិះគន់ពីបរទេសមួយចំនួនថា រុស្ស៊ីកំពុងប្រើប្រាស់វ៉ាក់សាំង Sputnik V ជាឧបករណ៍បម្រើយុទ្ធសាស្ត្រនយោបាយ លោក ពូទីន បានច្រានចោល និងហៅការរិះគន់ទាំងនោះវិញថា «ចម្លែក» ដែលកំពុងធ្វើឲ្យជីវិតមនុស្ស កាន់តែច្រើនធ្លាក់ចូលក្នុងហានិភ័យ។ ខណៈវ៉ាក់សាំងផលិតដោយរុស្ស៊ី Sputnik V កាលពីពេលថ្មីៗនេះ ត្រូវបានបណ្តាប្រទេសអឺរ៉ុបជាច្រើន អនុម័តឲ្យប្រើប្រាស់រួចទៅហើយ ស្ថិតនៅចំពោះមុខបញ្ហាយឺតយ៉ាវ នៃកម្មវិធីចាក់វ៉ាក់សាំងបង្ការ COVID-19 នៃសហភាពអឺរ៉ុប។
ជាក់ស្ដែងថ្លែងតាមកញ្ចក់ទូរទស្សន៍ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងអមដោយមន្ត្រីសុខាភិបាលរបស់លោក បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងមិនមែនកំពុងដាក់បន្ទុក ទៅលើនរណាម្នាក់ឡើយ… តើផលប្រយោជន៍របស់អ្នក គឺជាការការពារក្រុមហ៊ុនផលិតឱសថទាំងនោះ ឬក៏ជាការការពារផលប្រយោជន៍ប្រជាជន នៃបណ្តាប្រទេសអឺរ៉ុប?»។
លេីសពីនេះ ប្រធានាធិបតីរុស្ស៊ីរូបនេះ បានសង្កត់ធ្ងន់ថា៖ «ការចាក់វ៉ាក់សាំងគឺជាជម្រើស នៃការស្ម័គ្រចិត្តពីមនុស្សម្នាក់ៗ… ហេតុដូច្នេះខ្ញុំនឹងទទួលការចាក់ នៅថ្ងៃអង្គារសប្តាហ៍នេះ»។ វាជារឿងដែលមិនអាចប្រកែកបានឡើយ ព្រោះកន្លងមកនេះ តាមរយៈការធ្វើតេស្តពីបណ្តាប្រទេសមួយចំនួន វ៉ាក់សាំង Sputnik V ទទួលបានលទ្ធផលវិជ្ជមានច្រើន។
ដោយឡែកបេីយោងតាមកាសែត The Lancet ដ៏ល្បីល្បាញបានចុះផ្សាយថា វ៉ាក់សាំង Sputnik V មានប្រសិទ្ធភាពជាង ៩០% ឯណោះប្រឆាំងនឹង COVID-19៕ ដោយ៖ស តារា
រូបភាព៖ឯកសារ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ពេលប្រជុំតាមវីដេអូ
រូបថត៖AFP