ព័ត៌មានទាន់ហេតុការណ៍៖

ទាស់ពាក្យសម្តីគ្នាពីការទិញទឹកកកបង្កើតជាគំនុំកាប់គ្នារងរបួស២នាក់និងឃាត់ខ្លួនបាន៣នាក់

ចែករំលែក៖

ខេត្តកណ្ដាល៖ ដោយសារផ្ដើមចេញពីរឿងទិញទឹកកកម្នាក់បានមុននិងម្នាក់បានក្រោយ ក្លាយជាគំនុំគំគួនគ្នា ធ្វើឲ្យមនុស្ស៣នាក់ព្រួតវាយនិងកាប់មនុស្ស២នាក់ បណ្ដាលឲ្យរងរបួសយ៉ាងដំណំ។ករណីនេះបានកើតឡើងនៅថ្ងៃទី២០ ខែ មីនា ឆ្នាំ ២០២១ វេលាម៉ោង ២៣ និង ៣០នាទីយប់ ចំណុចភូមិ ដើមពោធិ ឃុំ ភ្នំបាត ស្រុក ពញាឮ ខេត្ត កណ្តាល ។

    មន្ត្រីនគរបាលស្រុកពញាឭបានឲ្យដឹងថា ជនរងគ្រោះចំនួន ០២ នាក់ ទី១-ឈ្មោះ ទន សុភ័ក្រ ហៅកុយ ភេទ ប្រុស កើតឆ្នាំ២០០១ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ និងទី២-ឈ្មោះ គិត ភានិត ភេទ ប្រុស កើតឆ្នាំ១៩៩៦   ជនជាតិខ្មែរមុខរបរជាងទឹកនិងភ្លើង ។ជនរងគ្រោះទាំង០២នាក់ មានទីលំនៅភូមិ ថ្មស ឃុំ ភ្នំបាត ស្រុក ពញាឮ ខេត្តកណ្តាល។

ចំណែកជនសង្ស័យមានចំនួន០៣នាក់(ឃាត់ខ្លួន)ទី១-ឈ្មោះ ឃឹម សុភ័ក្រ ភេទ ប្រុសកើត ឆ្នាំ ១៩៩០ជនជាតិ ខ្មែរ ទី២-ឈ្មោះ ឃន គឹមញ៉ាន ភេទប្រុស កើតឆ្នាំ ១៩៩០ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ។

ជនសង្ស័យទី១និងទី២មានទីលំនៅភូមិ ដើមពោធិ ឃុំ ភ្នំបាត ស្រុក ពញាឮ ខេត្ត កណ្តាល និងទី៣-ឈ្មោះ តែម កុសល ភេទ ប្រុស កើតឆ្នាំ ១៩៩៣ជនជាតិ ខ្មែរ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិ ជ័យឧត្តម ឃុំ ផ្សារដែក ស្រុក ពញាឮ ខេត្ត កណ្តាល។ ដោយឡែកវត្ថុតាងចាប់យក៖កាំបិតផ្គាក់ដងធ្វើពីឬស្សី ប្រវែង ០,៨០ ម៉ែត្រ ។

     ប្រភពដដែលបន្តថា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ជនរងគ្រោះបានអង្គុយផឹកស្រាបៀនៅផ្ទះលក់ដូររបស់ឈ្មោះ ស៊ុន ធារី បន្ទាប់មកភាគីខាងជនសង្ស័យបានជិះម៉ូតូមកដូរក្រវិលកំប៉ុង ហើយទិញទឹកកកដោយភាគីសង្ស័យឲ្យអ្នកលក់ប្រញ៉ាប់យកទឹកកកមកឲ្យខ្លួនមុនមកព្រោះប្រញ៉ាប់ ភ្លាមនោះភាគីខាងរងគ្រោះនិយាយថា ហ្អែងប្រញាប់អីក៏ប្រញាប់ម្លេះ ធ្វើឲ្យភាគីជនសង្ស័យខឹង ក៏កើតជាគំនុំគំគួនគ្នា រហូតមកដល់វេលាម៉ោង២៣ថ្ងៃខែឆ្នាំដដែល ជនរងគ្រោះ២នាក់បានជិះម៉ូតូឌុបគ្នា ខណៈមកដល់ចំណុចតាមផ្លូវក្រាលកៅស៊ូមុខផ្ទះឈ្មោះ ហៃ ក៏ត្រូវក្រុមជនសង្ស័យនាំគ្នាព្រួតវាយនិងកាប់ជនរងគ្រោះទាំង២នាក់ បណ្ដាលឲ្យរងរបួសយ៉ាងដំណំ ហើយបន្ទាប់មកត្រូវបានសាច់ញាតិបញ្ជូនទៅព្យាបាលរបួសនៅ មន្ទីរពេទ្យបង្អែកស្រុកពញាឮរួចហើយបានបញ្ជូនជនរងគ្រោះឈ្មោះទន សុភ័ក្រហៅកុយទៅកាន់មន្ទីរពេទ្យព្រះអង្គឌួងក្រុងភ្នំពេញ។

    រហូតមកដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំបាត បន្ទាប់ពីទទួលបានពាក្យបណ្តឹង  កម្លាំងប៉ុស្តិ៍សហការជាមួយផ្នែកជំនាញ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នៅថ្ងៃទី២២ខែមីនាឆ្នាំ២០២១ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ និង ចាត់ការតាមនីតិវិធី៕

ដោយ៖ ស្អាង ជ័យ


ចែករំលែក៖