ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាចម្បង ជារៀងរាល់ថ្ងៃ ដោយសារការបើកបរខ្វះការប្រុងប្រយ័ត្ន

ចែករំលែក៖

ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយសារតែរថយន្តបុកគ្នាពីក្រោយពេញទំហឹង បណ្ដាលឲ្យរងការខូចខាតផ្នែកខាងមុខ នៃរថយន្តMazda ស្ទើរតែទាំងស្រុង ប៉ុន្តែមិនបណ្ដាលឱ្យនរណាម្នាក់រងរបួសនោះទេ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង២០នាទីរសៀលថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២១ ស្ថិតត្រង់ចំណុចលើស្ពានមិត្តភាពកម្ពុជា-ជប៉ុន ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តដឹកទឹកបរិសុទ្ធមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2BD-2136 បើកបរដោយបុរសម្នាក់និងមានអ្នករួមដំណើរម្នាក់លើស្ពានមិត្តភាពកម្ពុជា-ជប៉ុន ក្នុងទិសដៅពីលិចទៅកើត ខណៈពេលមកដល់ចំណុចកើតហេតុគាត់ក៏បានជាន់ហ្វ្រ័ងបង្អន់ល្បឿន ដោយសារមានការកកស្ទះចរាចរណ៍នៅខាងមុខរថយន្តរបស់គាត់ ពេលកំពុងតែជាន់ហ្វ្រ័ងត្រៀមនឹងឈប់រថយន្តនោះ ស្រាប់តែមានរថយន្ត mazda មួយគ្រឿង ពណ៌ក្រមៅ ពាក់ស្លាកលេខ ភ្នំពេញ 2AA-4719 បើកដោយបុរសម្នាក់ខ្វះការប្រុងប្រយ័ត្នបានជ្រុលល្បឿនមកបុករថយន្តដឹកទឹកសុទ្ធពីក្រោយពេញទំហឹងតែម្ដងបណ្ដាលឲ្យរថយន្ត Mazda រងការខូចខាតផ្នែកខាងមុខស្ទើរតែទាំងស្រុង ចំណែករថយន្តដឹកទឹកសុទ្ធវិញរងការខូចខាតផ្នែកខាងក្រោយបន្តិចបន្តួច ប៉ុន្តែមិនបណ្ដាលឲ្យនរណាម្នាក់រងរបួសនៅក្នុងហេតុការណ៍នេះទេ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមជាមួយកម្លាំងសមត្ថកិច្ចជំនាញ បានចុះមកដល់ទីតាំងកើតហេតុ រួចធ្វើការដោះស្រាយ ដោយភាគីទាំងសងខាងយករថយន្តរបស់ខ្លួនទៅជួសជុលដោយខ្លួនឯង ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង៕

ដោយ៖ អឿន ភារ៉ា


ចែករំលែក៖