ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍អូរបីជាន់ឃាត់ខ្លួន ព្រោះតែខឹងនិងប្រពន្ធមិនដេកផ្ទះផឹកស្រាស្រវឹង បានធ្វើសកម្មភាពដុតផ្ទះខ្លួនឯងបណ្ដាលឲ្យឆេះ ផ្អើលអ្នកជិតខាងនិងនគរបាលជួយអន្តរាគមន៍ពន្លត់ទាំងយប់នៅវេលាម៉ោង០៧និង១០នាទីយប់ថ្ងៃទី២៣ខែមីនា ឆ្នាំ២០២១ នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។
ជនសង្ស័យឈ្មោះ សឿន វាសនា ភេទប្រុសអាយុ ៣៧ឆ្នាំ និងប្រពន្ធឈ្មោះ ហៀប ពៅ អាយុ៤១ឆ្នាំ មានកូនប្រុស០២នាក់ក្នុងបន្ទុកគ្រួសារនេះនៅភូមិកើតហេតុ ។
លោកអធិការស្រុកអូរជ្រៅលោក សែស វិបុល ប្រាប់ថា៖មូលហេតុបង្ករឲ្យអគ្គិភ័យឆាបឆេះផ្ទះគឺបណ្ដាលមកពីបុរសជាប្តី ឈ្មោះ សឿន វាសនា ផឹកស្រាស្រវឹង បានខឹងនិងប្រពន្ធឈ្មោះហៀប ពៅ មិនដេកនៅផ្ទះរវល់ទៅដេកកំដរឪពុកមានជម្ងឺនៅក្បែរផ្ទះក៏មានចិត្តមួរម៉ៅគួបផ្សំទឹកប្ដូរនិស្ស័យចូលខ្លួនក៏ផ្ទុះកំហឹងយកដែកកេះដុតផ្ទះខ្លួនឯងចោលដែលមានទំហំ៣,៥០ម៉ែត្រ X ៥ម៉ែត្រ សង់អំពីឈើ ប្រក់ស័ង្កសី ក្តារក្រាលបាត បណ្តាលឲ្យឆេះស្ទើរទាំងស្រុង ហើយសម្ភារ សម្លៀកបំពាក់ ចាន ឆ្នាំងនៅក្នុងផ្ទះឆេះអស់ទាំងស្រុង កម្លាំងនគរបាលនិងប្រជាពលរដ្ឋ បាននាំគ្នាជួយពន្លត់មិនបង្កឲ្យរាលដាលឆេះដល់ផ្ទះអ្នកជិតខាងឡើយ។
ករណីនេះ ប្រពន្ធបានសំណូមពរដល់សមត្ថកិច្ចឃាត់ខ្លួនប្តីរូបនេះ ចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ វណ្ណា