ខេត្តសៀមរាប៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប បានដាក់ដំណើរការត្រួតពិនិត្យសុខភាពបឋម និងស្កែន QR Code ទប់ស្កាត់កូវីដ-១៩ ឬចុះឈ្មោះ នៅត្រង់ព្រំប្រទល់ជាមួយខេត្តកំពង់ធំ ចាប់ពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ និងខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ នៃដងផ្លូវជាតិលេខ៦។
ទន្ទឹមគ្នានេះ ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការគ្រប់គ្រងអ្នកដំណើរឆ្លងកាត់ ឬចូលទឹកដីខេត្តសៀមរាប គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានជំរុញឲ្យរថយន្តឈ្នួល រថយន្តក្រុង និងរថយន្តលក្ខណៈគ្រួសារទាំងអស់បំពេញទម្រង់មុនពេលមកដល់កន្លែងត្រួតពិនិត្យ។ អ្នកបើកបរ និងអ្នកដំណើរទាំងអស់ត្រូវផ្តល់កិច្ចសហការ និងផ្តល់ព័ត៌មានពិត ជៀសវាងការផ្តល់ព័ត៌មានមិនពិត នឹងប្រឈមទទួលខុសត្រូវចំពោះមុខច្បាប់។
សូមបញ្ជាក់ថា រហូតដល់ម៉ោង ១២និង០០នាទី ថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២១ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ២៩នាក់ (ឆ្លងសហគមន៍ ២៧នាក់ និង នាំចូល ២នាក់) និងមានជាសះស្បេីយ ៣៤នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ១៨១៧នាក់ ចំនួនសំរាកពេទ្យ ៧៧៧នាក់ និងចំនួនជាសះស្បេីយសរុបកេីន ១០៣៣នាក់ និង ស្លាប់ថ្មី ១ សរុបស្លាប់ ៥នាក់ ៕
ដោយ ៖ សិលា