ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងទាហានមីយ៉ាន់ម៉ា ទម្លាក់កំហុសទៅលើក្រុមបាតុករ

ចែករំលែក៖

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានចោទប្រកាន់ក្រុមបាតុករថាបានដុតបំផ្លាញ បង្កអំពើហិង្សា បង្កភាពចលាចល ក្នុងពេលបណ្តាប្រទេសលោកខាងលិចអនុម័តដាក់ទណ្ឌកម្មទៅលើមន្ត្រីយោធាជាប់ពាក់ព័ន្ធការធ្វើរដ្ឋប្រហារ។
អ្នកនាំពាក្យកម្លាំងទាហានមីយ៉ាន់ម៉ា លោក Zaw Min Tun បានបញ្ជាក់ថា មានបាតុករ១៦៤នាក់ស្លាប់ លោកបង្ហាញពីការសោកស្តាយយ៉ាងខ្លាំងចំពោះការស្លាប់របស់ពលរដ្ឋ។ លោកបន្តទៀតថា «បាតុករក៏ជាពលរដ្ឋមីយ៉ាន់ម៉ាដែរ» លោកបានបញ្ជាក់ទៀតថា កម្លាំងយោធានឹងកាត់បន្ថយការប្រើប្រាស់ហិង្សាទៅលើបាតុករ ។

នៅក្នុងអំពើហិង្សាថ្មីបំផុតកម្លាំងទាហានមីយ៉ាន់ម៉ា បានបាញ់ទៅលើក្រុមបាតុករ បណ្តាលឲ្យក្មេងអាយុ៧ឆ្នាំម្នាក់ស្លាប់ ក្លាយជាជនរងគ្រោះ អាយុតិចបំផុតចាប់តាំងពីផ្ទុះបាតុកម្មប្រឆាំងនឹងយោធា ។ ក្មេងស្រីអាយុ៧ឆ្នាំបានស្លាប់នៅក្នុងផ្ទះ ស្ថិតនៅតំបន់ Chan Mya Thazi ក្នុងពេលកម្លាំងយោធាបាញ់ប្រហារបំបែកហ្វូងបាតុករកាលពីថ្ងៃ២៣ខែមីនា។
បងស្រីរបស់ក្មេងស្រីរងគ្រោះបានឲ្យដឹងថា យោធាបាញ់សំដៅទៅលើឪពុករបស់ខ្លួន ប៉ុន្តែគ្រាប់កាំភ្លើងបានទៅត្រូវប្អូនស្រីដែល កំពុងតែអង្គុយនៅលើភ្លៅរបស់ឪពុក។ ក្រៅពីក្មេងស្រី ក៏មានបាតុករ២នាក់ផ្សេងទៀតត្រូវបានទាហានបាញ់ឲ្យស្លាប់ផងដែរនៅថ្ងៃទី២៣ខែមីនា៕ ដោយ ៖ ធីរីណា

រូបភាព៖ FPA


ចែករំលែក៖