ខេត្តត្បូងឃ្មុំ ៖ បើតាមមន្រ្តីសុខាភិបាល និងអាជ្ញាធរ ខេត្តត្បូងឃ្មុំ បានប្រាប់បណ្តាញសារព័ត៌មាននៅល្ងាចថ្ងៃនេះថា មន្រ្តីនគរបាលខេត្តត្បូងឃ្មុំម្នាក់ទៀតហើយ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ ដែលបានឆ្លងពីលោកវរសេនីយ៍ត្រី ឡេង ពៅ នាយរងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ។
សូមបញ្ជាក់ថា, មន្រ្តីនគរបាលដែលរកឃើញវិជ្ជមានកូវីដ-១៩ នៅល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ គឺលោកវរសេនីយ៍ឯក វ៉ាន់ ណាក្រូ មានតួនាទីជាប្រធានការិយាល័យសុខាភិបាល នៃស្នងការដ្ឋាននគរបាលខេត្ត។
សូមជម្រាបជូនថា, ពាក់ព័ន្ធនឹងលោកវរសេនីយ៍ត្រី ឡេង ពៅ នាយរងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ មានកូវីដ-១៩ រដ្ឋបាលខេត្តត្បូងឃ្មុំ កាលពីម្សិលមិញ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការផ្អាកជាបណ្តោះអាសន្ននូវការចរាចរណ៍ចេញ-ចូល ចំពោះប្រជាពលរដ្ឋរស់នៅក្នុងបណ្តា ទីតាំងមួយចំនួន ស្ថិតនៅសង្កាត់សួង ក្រុងសួង និងឃុំដារ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
រដ្ឋបាលខេត្តត្បូងឃ្មុំ មានកិត្តិយស សូមជម្រាបជូន សាធារណជនឱ្យបានជ្រាបថា ក្នុងករណី ព្រឹត្តិការណ៍ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០កុម្ភៈនេះ ខេត្តត្បូងឃ្មុំ បានរកឃើញូ វិជ្ជមានជំងឺកូវីដ-១៩ ជាបុគ្គលទី១ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ទៅលើលោក ឡេង ពៅ អាយុ ៤២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិចំការគរ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលមានមុខរបរជាមន្ត្រីនគរបាល ជាតិ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ។
មុនពេលផ្ទុកមេរោគកូវីដ-១៩ បុគ្គលនេះ បានធ្វើដំណើរ និងទំនាក់ទំនងនូវទីតាំងមួយចំនួនដូចខាងក្រោម៖
១-ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ វេនប្រចាំការនៅស្នងការដ្ឋាននគរបាលខេត្ត។
២-ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ចូលរួមបុណ្យខួប១ឆ្នាំម្តាយ នៅវត្តស្ថិតនៅភូមិថ្មពូន ឃុំថ្មពូន ស្រុកកញ្ចៀច ខេត្តព្រៃវែង។
៣-ថ្ងៃទី១៨-២០ ខែមីនា ឆ្នាំ២០២១ សម្រាកព្យាបាលនៅមន្ទីរសម្រាកព្យាបាលមេឌីកា២៤ម៉ោង ស្ថិតនៅភូមិមេមត់ផ្សារ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
៤-ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ធ្វើដំណើរមកពិនិត្យ និងថតសួត នៅគ្លីនិកពេទ្យនិម្មិត ក្រុងសួង ស្ថិតនៅភូមិសួងលិច សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។
៥-ស្នាក់ការនគរបាលសេដ្ឋកិច្ច ស្ថិតនៅភូមិចំការគរ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ក្នុងន័យនេះ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ រដ្ឋបាលខេត្តត្បូងឃ្មុំ បាន សម្រេចបិទការចរាចរណ៍ចេញ-ចូល ចំនួន៤ទីតាំងគឺ
១/ មន្ទីរសម្រាកព្យាបាលមេឌីកា២៤ម៉ោង ស្ថិតនៅភូមិ មេមត់ផ្សារ ឃុំមេមត់ ស្រុកមេមត់ ២/ គ្លីនិកពេទ្យនិម្មិត ក្រុងសួង ស្ថិតនៅភូមិសួងលិច សង្កាត់សួង ក្រុងសួង
៣/ ស្នាក់ការនគរបាលសេដ្ឋកិច្ច ស្ថិតនៅភូមិចំការគរ ឃុំដារ ស្រុកមេមត់
៤/ ផ្ទះអ្នកជំងឺរស់នៅ ភូមិចំការគរ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ចាប់ពីវេលាម៉ោង ១៦:០០នាទី នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ នេះតទៅ។ ជាមួយគ្នានេះដែរ ចំពោះបងប្អូនដែលបានជួបប្រាស្រ័យទាក់ទង ប៉ះពាល់ផ្ទាល់ ឬប្រយោល ជាមួយបុគ្គល ខាងលើ សូមទំនាក់ទំនងយកសំណាកនៅគ្រប់មន្ទីរពេទ្យក្នុងខេត្តត្បូងឃ្មុំ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ រាល់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមទូរស័ព្ទលេខ ០១២ ៩៨៣ ៦៣៩/ ០៩៧ ៦៤៧ ៧៧៣៧ / ០១២ ៩៦៨ ៤៣២/ ០៨៨ ៧៤០ ០៩៣០ និង០៩៧ ៩៧៩ ៩៨៩៨។ ក្នុងករណីស្ថានភាព រីករាលដាលនៃជំងឺកូវីដ-១៩ មានសភាពធូរស្រាល និងគ្រប់គ្រងបាន រដ្ឋបាលខេត្ត នឹងជូនដំណឹងបើកឲ្យដំណើរការធ្វើចរាចរណ៍ចេញ-ចូលវិញនៅពេលក្រោយ។ រដ្ឋបាលខេត្តត្បូងឃ្មុំ សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ពិសេសបងប្អូនដែលរស់នៅក្នុងសង្កាត់សួង ក្រុងសួង និងឃុំដារ ឃុំមេមត់ ស្រុកមេមត់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ នឹងអនុវត្តនូវ វិធានការរបស់រាជរដ្ឋាភិបាល រួមនឹងតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសត្រូវតែអនុវត្តនូវវិធានការ*៣ការពារ ៣កុំ”៕
ដោយ ៖ សុខ ខេមរា