ខេត្តបន្ទាយមានជ័យ៖ ផ្ទះ០១ខ្នងម្ចាស់ផ្ទះមិននៅរវល់ទៅលេងម្តាយនៅឃុំសឿ ស្រុកមង្គលបូរីឆ្លងចរន្តអគ្គិសនីឆេះអស់គ្មានសល់ នៅវេលាម៉ោង០៤ល្ងាចថ្ងៃទី២៤ខែមីនា ឆ្នាំ២០២១ នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។
នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យ កើតឡើងនេះ គេសង្កេតឃើញ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីក្រោមឱវាទជាច្រើនរូបបានចុះទៅដល់កន្លែងកើតហេតុដើម្បីជួយអន្តរាគមន៍ផងដែរ ។
លោក ពិន សេរី នាយការិយាល័យ បង្ការនិងពន្លត់អគ្គិភ័យ បានឲ្យដឹងថា៖ ផ្ទះរងគ្រោះអគ្គិភ័យនេះមានទំហំ៤ម៉ែត្រគុណ៨ម៉ែត្រធ្វើអំពីឈើប្រក់ក្បឿង ជញ្ជាំងក្តារ ថ្មក្រោម ដែលមានម្ចាស់ផ្ទះ ឈ្មោះថា វ៉ាហូវ ភេទស្រី អាយុ ៧៤ឆ្នាំនៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។
ផ្ទះដែលរងនូវអគ្គិភ័យឆាបឆេះ ម្ចាស់ផ្ទះមិននៅគាត់បានទៅនៅឯឃុំសឿ ស្រុកមង្គលបូរី បានប្រគល់ផ្ទះនេះឲ្យកូនប្រុស អាយុ ៤៩ឆ្នាំ ឈ្មោះ អឿ សំអាត នៅជាមួយក្មួយប្រុសដែលនៅរៀន ឈ្មោះ នូ ម៉ាណូ ។នៅថ្ងកើតហេតុ ឈ្មោះ អឿ សំអាត មិននៅផ្ទះដោយទៅ លេងជាមួយម្តាយនៅភូមិសឿ ឃុំសឿស្រុកមង្គលបូរី កាលពីល្ងាចថ្ងៃទី២៣ខែមីនា ឆ្នាំ២០២១ ម្សិលមិញ ទុកឲ្យក្មួយប្រុសឈ្មោះ នូ ម៉ាណូនៅមើលផ្ទះ តែនៅថ្ងៃទី២៤ខែមីនានេះ ក្មួយឈ្មោះនូ ម៉ាណូក៏មិននៅដែរ ទៅលេងផ្ទួះឯភូមិសឿ ហើយបានបិទទ្វារចាក់សោរចោល ដោយមិនបានបិទគុបភ្លើងបណ្ដាលឲ្យឆ្លងចរន្តបង្កជាអគ្គិភ័យឆាបឆេះតែម្ដង។ នៅពេលកើតហេតុភ្លាមៗនោះអ្នកជិតខាងមិនបានដឹងលុះដល់ភ្លើងឆាបឆេះជាអណ្តាតភ្លើងខ្លាំងទើបដឹងនិងហៅឡានទឹក ពេលឡានទឹកមកទ្វាររបងជាប់សោរ ទើបមានការយឺតយ៉ាវ ក្នុងកិច្ចប្រតិបត្តិការសង្គ្រោះផ្ទះដែលឆាបឆេះនេះ ។
តែទោះជាយ៉ាងណាខាងរថយន្តពន្លត់អគ្គិភ័យបានប្រើប្រាស់រថយន្តចំនួន០៣គ្រឿងបាញ់ទឹកពន្លត់ភ្លើងនិងទប់ស្កាត់ភ្លើងមិនឲ្យឆ្លងរាលដាលឆេះផ្ទះអ្នកជិតខាងនិងមិនបណ្តាលឲ្យមានមនុស្សរងគ្រោះថ្នាក់នោះដែរ។
លោកប៊ុន ផេង ស្នងការរង ទទួលផែនការងារគ្រប់គ្រងអាវុធជាតិផ្ទុះ-អគ្គិភ័យ បានបញ្ជាក់ថា៖ករណីបង្កឲ្យកើតមានអគ្គិភ័យនេះ មកពីម្ចាស់ផ្ទះពេលចេញពីផ្ទះមិនបានបិទគុបភ្លើង បណ្តាលឲ្យឆ្លងចរន្តអគ្គិសនី បើតាមការបំភ្លឺពីឈ្មោះអឿ សំអាត ត្រូវជាកូនម្ចាស់ផ្ទះ បានបញ្ជាក់ថា ក្រៅតែពីភ្លើងបានឆេះផ្ទះមានទំហំ៤ម៉ែត្រ គណ៨ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿង ជញ្ជាំងក្តារ ថ្មក្រោម មានសម្ភារៈទុកនៅក្នុងផ្ទះដូចប្រាក់បាត ១ម៉ឺនបាត,ម៉ូតូ ស៊េរីឆ្នាំ ២០២១ ០១គ្រឿង,បន្តោងខ្សែកប្លាទីន តម្លៃ ៣ពាន់បាត,ប្លង់ដី និងឯកសារសម្រាប់បង់ធនាគារមួយចំនួនទៀត ត្រូវភ្លើងឆេះអស់ ។
ករណីអគ្គិភ័យនេះដែរ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះអគ្គិភ័យមុនពេលចេញទៅណា
មកណា ត្រូវបិទគុបភ្លើងនិងពិនិត្យមើលភ្លើងចង្រ្កានជាមុនសិន ។
ដោយ៖ វណ្ណា