ខេត្តកំពង់ឆ្នាំង៖ ស្រ្តីម្នាក់ ត្រូវបានក្រុមគ្រូពេទ្យ និង អាជ្ញាធរស្រុកកំពង់ត្រឡាច បញ្ជូនទៅភ្នំពេញវិញ បន្ទាប់ពីបានមកដល់ស្រុកកំពង់ត្រឡាច ហើយរកឃើញថាមានវិជ្ជមានកូវីដ-១៩ កិច្ចប្រតិបត្តិការនេះគឺបានធ្វើឡើងនៅយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ស្រុកកំពង់ត្រឡាច។
ស្រ្តីដែលក្រុមគ្រូពេទ្យរកឃើញនេះឈ្មោះ ហីន ថាញ់សុផា ភេទស្រី អាយុ២៨ ឆ្នាំ ធ្វើដំណើរមកពីភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ចូលមកភូមិកំពង់ត្រឡាចក្រោម ឃុំកំពង់ត្រឡាចស្រុកកំពង់ត្រឡាច នៅវេលាម៉ោង១៦ និង០០នាទី និងបានទទួលលទ្ធផលវិជ្ជមានកូវីដ-១៩ ពីក្រុមគ្រូពេទ្យរាជធានីភ្នំពេញ។
ឈ្មោះខាងលើត្រូវបានក្រុមគ្រូពេទ្យមកទទួលដើម្បីព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ។ បច្ចុប្បន្ន កម្លាំងនគរបាលស្រុកកំពុងសហការជាមួយអាជ្ញាធរ និងមន្ត្រីសុខាភិបាលស្វែងរកអ្នកពាក់ព័ន្ធជាមួយឈ្មោះខាងលើ៕
ដោយ៖ ចន្ថា