រថភ្លើងដឹកអ្នកដំណើរពីរគ្រឿងបានបុកគ្នានៅតំបន់ភាគខាងត្បូង ប្រទេសអេហ្ស៊ីបនាថ្ងៃទី២៦ខែមីនា បណ្តាលឲ្យមានមនុស្ស៣២នាក់ស្លាប់ និង៦៦នាក់រងរបួស។ រូបភាពដែលបង្ហោះលើបណ្តាញសង្គមបង្ហាញឲ្យឃើញថា មានទូរថភ្លើងចំនួនពីរបានធ្លាក់ចេញពីផ្លូវ ។ នេះជាករណីគ្រោះថ្នាក់ដ៏រន្ធត់បំផុតនៅលើផ្លូវដែកមិនធ្លាប់មានពីមុនមកឡើយ។
មន្ត្រីគ្រប់គ្រងផ្លូវដែកអេហ្ស៊ីបបានឲ្យដឹងថា «មនុស្សមិនស្គាល់អត្តសញ្ញាណបានទាញហ្វ្រ័ងអាសន្ន ធ្វើឲ្យរថភ្លើងត្រូវឈប់ភ្លាមៗ ហើយពេលនោះមានរថភ្លើងមួយទៀតមកពីក្រោយបុកពេញទំហឹង ។ ទោះជាយ៉ាងណា មូលហេតុនៃឧបទ្ទវហេតុខាងលើមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។
សេចក្តីថ្លែងការណ៍របស់ក្រសួងសុខាភិបាលអេហ្ស៊ីបបាននិយាយថា រថយន្តសង្គ្រោះបន្ទាន់រាប់សិបគ្រឿងបានចេញដំណើរយ៉ាងប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ ដែលស្ថិតនៅភាគខាងត្បូងខេត្តសូហាក (Sohag)។
ប៉ុន្តែគេគ្រាន់តែដឹងថា ប្រព័ន្ធផ្លូវដែករបស់ប្រទេសអេហ្ស៊ីប គឺមានភាពអន់ខ្សោយណាស់ ចំណែកការគ្រប់គ្រងដ៏ដូចគ្នាដែរ។ គ្រោះថ្នាក់រថភ្លើងដ៏អាក្រក់បំផុតនៅក្នុងប្រទេសអេហ្ស៊ីបបានកើតឡើងក្នុងឆ្នាំ២០០២ នៅពេលដែលអគ្គិភ័យបានឆាបឆេះរថភ្លើងល្បឿនលឿនមួយគ្រឿង ដែលធ្វើដំណើរពីទីក្រុងគែរទៅភាគខាងត្បូងប្រទេសអេហ្ស៊ីប ដោយបានផ្តាច់ជីវិតមនុស្សច្រើនជាង ៣៧៣នាក់។
នៅខែមីនាឆ្នាំ២០២០ រថយន្តដឹកអ្នកដំណើរបានបុកគ្នានៅភាគខាងត្បូងទីក្រុងកៃរ៉ូ បណ្តាលឲ្យមានមនុស្សស្លាប់១៣នាក់ ហើយមូលហេតុគ្រោះថ្នាក់នៅពេលនោះដោយសារអាកាសធាតុអាក្រក់។
នៅខែកុម្ភៈឆ្នាំ២០១៩ រថភ្លើងមួយគ្រឿងបានធ្លាក់កង់ចេញពីផ្លូវបណ្តាលឲ្យឆាបឆេះនៅជិតស្ថានីយទីក្រុងកៃរ៉ូ បណ្តាលឲ្យអ្នកដំណើរ ២០នាក់ស្លាប់៕ ដោយ៖ ធីរីណា
រូបភាព៖ thanhnien