ខេត្តពោធិ៍សាត់ ៖ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ប៉ុស្តិ៍នគរបាលរដ្ឋបាលរកាត សហការចុះអនុវត្តបណ្ដឹងករណីរំលោភសេពសន្ថវៈ និងគំរាមសម្លាប់ ដោយឃាត់ខ្លួនបុរសសង្ស័យជាមុខសញ្ញា ដើម្បីនាំយកមកបន្តនីតិវិធី ។
ករណីអន្តរាគមន៍បណ្ដឹងពាក់ព័ន្ធករណីរំលោភសេពសន្ថវ:ខាងលើ ធ្វើឡើងនៅវេលាម៉ោង៥ និង១០នាទី ល្ងាចថ្ងៃសុក្រ ១៣កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅភូមិវាលវង់ ឃុំររកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
មន្រ្តីនគរបាលស្រុកភ្នំក្រវាញបានឲ្យដឹងថា ជនសង្ស័យឈ្មោះហឿង ហុង ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុខាងលើ។
ការឃាត់ខ្លួនជនសង្ស័យ(ហឿង ហុង)នេះធ្វើឡើងដោយអនុវត្តតាមបណ្ដឹងកូនស្រីបង្កើតឈ្មោះ ហ.ភ អាយុ ២០ឆ្នាំ ពីបទ រំលោភសេពសន្ថវៈ និងគំរាមសម្លាប់ទាំងកូនទាំងស្រ្តីជាម្ដាយ ដែលបានធ្វើសកម្មភាពប៉ុនប៉ងរំលោភលើអង្រឹងក្រោមផ្ទះ ក្នុងអំឡុងខែ២ ឆ្នាំ២០២១ ថ្មីៗនេះ និងបានសម្រេចក្នុងអំឡុងឆ្នាំ២០១៥ នៅចំណុចជើងរកាតចម្ងាយពីផ្ទះប្រមាណ២គីឡូម៉ែត្រ នៅពេលទៅរកដកផ្សិតផូងផាងឬ(ផ្សិតប៉ក់)។
មន្រ្តីនគរបាលអធិការដ្ឋានដដែលបន្តទៀតថា ករណីនេះផ្ទុះឡើងបន្ទាប់ពីជនសង្ស័យជាឪពុក តែងតែអុកឡុក និងបង្កហិង្សាក្នុងគ្រួសារឥតឈប់ឈរ ហើយក៏ធ្លាប់នាំយកមកធ្វើការអប់រំនៅអធិការដ្ឋាននគរបាលផងដែរ ។ ជាក់ស្ដែងកាលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ប៉ុន្មានថ្ងៃមុននេះ ជនសង្ស័យ(ហឿង ហុង)និងប្រពន្ធបានឯកភាពគ្នាមកសាលាឃុំរកាត ដើម្បីលែងលះគ្នាព្រោះរស់នៅគ្មានសុភមង្គល ប៉ុន្តែឪពុក(ហឿង ហុង)ពេលចេញពីសាលាឃុំដល់ផ្ទះ បែរជានិយាយថាអ្នកណាលែងអញ.អញសម្លាប់ចោលទាំងអស់ បញ្ហានេះហើយទើបកូនស្រីទម្លាយអាថ៌កំបាំងនិងដាក់ពាក្យបណ្ដឹង តែម្តង។
ប្រភពព័ត៌មានពីមន្រ្តីនគរបាលបញ្ជាក់បន្ថែមបន្តទៀតថា ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ និងគំរាមសម្លាប់ខាងលើ កូនស្រីលើកឡើងថាកាលក្នុងអំឡុងឆ្នាំ២០១៥ ឪពុកប្រព្រឹត្តលើខ្លួននាងបានសម្រេច ប៉ុន្តែឪពុក(ហឿង ហុង)ឆ្លើយថាបានប្រព្រឹត្តមែន តែមិនសុីជម្រៅនោះទេ។ ជនសង្ស័យ(ហឿង ហុង)ត្រូវបានសមត្ថកិច្ចយកទៅធ្វើតេស្កទឹកនោម រកសារធាតុញៀនឃើញ(វិជ្ជមាន) ។
បច្ចុប្បន្ន ជនសង្ស័យរូបនេះត្រូវបានសមត្ថកិច្ចជំនាញបំពេញសំណុំឯកសារបញ្ជូនទៅសាលាដំបូងខេត្តពោធិ៍សាត់ដើម្បីចាត់ការតាមច្បាប់ ៕
ដោយ ៖ បុឹម ពិន