ព័ត៌មានទាន់ហេតុការណ៍៖

រឿងនិទានខ្មែរ ៖ រឿង កំណើតសត្វឆ្មា

ចែករំលែក៖

អតីតក្នុងកាលនោះមានមហាឫស្សីមួយអង្គ គង់នៅព្រៃភ្នំមួយឈ្មោះវុឌ្ឍីបពិត តាំងចង្ក្រមភាវនាក្នុងទីភ្នំនោះ ជាអង្វែងឆ្នាំមក។ នៅកន្លែងនោះមានស្រះបួន គឺទិសបូព៌ា១ ទក្សិណ១ បស្ចិម១ និង ឧត្ដរ១ ។ ស្រះនោះ មានទឹកថ្លា មានដុះឈូកក្រហម ឈូកស និងបុប្ផាផងទាំងពួងជាទីសប្បាយនៃមច្ឆាគ្រប់បែប ឯមាត់ច្រាំងក៏ជ្រាលមុខគួរឱ្យសប្បាយពេកណាស់។ ស្រះទាំងបួននៅឆ្ងាយពីអាស្រមប្រហែលមួយយោជន៍ ព្រះឥសីក៏ធ្លាប់តែទៅស្រង់ទឹករាល់ដងផង។ មានសម័យថ្ងៃមួយ ព្រះឥសីគង់ចម្រើនមេត្ដាភាវនា ដោយញាណឈានលោកិយសព្វគ្រប់ទៅឃើញថា ៖ ឱ ! មានទេពធីតាមកចាប់កំណើតក្នុងផ្កាឧត្បល ដែលដុះក្នុងស្រះខាងឧត្ដរបានអាយុ៩ថ្ងៃហើយតើ អាត្មាអញក៏ខានទៅ ស្រង់ទីកឯស្រះនោះ៩ថ្ងៃហើយដែរ។ ព្រះឥសីក៏ដាក់ស្មឹងស្មាធគិតថាអាត្មាអញគួរទៅយកមកចិព្ចឹាមបីបាច់ថែរក្សាចុះ គិតហើយក៏រៀបអង្គផ្ចង់ដំណើរតម្រង់ទៅទិសឧត្ដរ ដល់ស្រះហើយ ព្រះឥសីឈរសំឡឹងមើល គ្រប់ផ្កាឧត្បលមួយធំ ខ្ពស់ ឃើញនាងទេវធីតាអង្គុយក្នុងផ្កានោះ ព្រះឥសីក៏ចុះទៅកាច់យកផ្កានោះមក ហើយនិមន្ដត្រឡប់មកកាន់អាស្រម វិញ ចិព្ចឹាមថែរក្សាជាសុខសប្បាយ ។ លុះដល់នាងធំ ក៏ឱ្យឈ្មោះថា “ឧត្ដរបុប្ផា ” លុះបានអាយុ១៥វស្សា លោកតាក៏ភ្នកព្រះទ័យនឹកអាណិតចៅស្រី ព្រោះពេញរូបរាងទៅហើយ នៅកំព្រាឥតគ្នីគ្នានឹងលេងប្រឡែងឯកឯង អផ្សុកវិតក្កចិត្ដ ដូច្នេះគួរតែអញយកបុប្ផាមួយទងមកជប់ឱ្យកើតជាគ្នាគ្រាន់បានជាពីរនាក់ ។ ព្រះឥសីគិតហើយឈ្វេងយល់ថា ឥឡូវបើ យកផ្កាដទៃផ្សេងមកជប់ជាមនុស្សទៅឃើញថា ជាជាតិផ្កាដូចគ្នា ដូច្នេះចាំយកជាតិដែលកើតចេញពីនាងផ្ទាល់វិញ ។ ឥសីគិតហើយក៏ហៅនាងឧត្ដរបុប្ផាមកផ្ដាំថា បើកាលណានាងធំពេញរាងហើយមានរដូវ ចូរនាងផ្ដិតសំឡីទុកឱ្យតាៗនឹងជប់ឱ្យបានគ្នាគ្រាន់នឹងលេងពីរនាក់។ នាងឧត្ដរបុប្ផាបានឮលោកតាមានពុទ្ធដីកាហើយ ក៏ត្រេកអរពន់ពេក លុះដល់ គម្រប់ពេលមានរដូវកាលណាហើយ នាងក៏យកទៅថ្វាយលោកតាតាមបណ្ដាំ។ លោកតាប្រាប់ទៅនាងថា ៖ អើចៅ ! ថ្ងៃស្អែកនេះចៅនឹងបានគ្នាជាពីរនាក់ គ្រាន់និយាយលេងសោះអផ្សុកហើយ។ វេលាយប់នោះនាងដេកពុំលក់សោះទន្ទឹង ចាំតែព្រឹកឆាប់ នឹងអាលបានគ្នាជាពីរនាក់។ លុះព្រឹកឡើង លោកតាក៏បិទទ្វារកុដិ តាំងវាយភ្នែនសង្រួមភាវនាវេទមន្ដ ជប់បានជាឆ្មាញីមួយ សប្បុរបី អំពីលោហិតរដូវដែលនាងផ្ដិតឱ្យទៅនោះ។ រួចស្រេចហើយ ឥសីហៅនាងឧត្ដរបុប្ផាមក ហើយលើកឆ្មាហុចឱ្យនាង ប្រាប់នាងថា “ នេះជាគ្នារបស់នាងហើយ សត្វនេះមានឈ្មោះថា ឆាម៉ា” ។ សត្វនោះចេះនិយាយគួរសមជាមួយនាង នាងក៏ទទួលយកមកថែរក្សា ដោយសេចក្ដីស្រឡាញ់ពេញចិត្ដទុកដូចជាកូន ឬប្អូនឱបដល់ឱរ៉ា បីយកទៅក្នុងបន្ទប់ ទៅណាមកណាតែងយកទៅតាមនិយាយគ្នាបីដួចមនុស្សដូច្នេះ។ លុះដល់អាយុនាងបាន១៧ឆ្នាំ ទើបឥសីដាក់កំណត់ច្បាប់មាត្រាឱ្យនាងកាន់ កុំឱ្យភាន់ច្រឡំ សម្រាប់ជាប្បាប់តទៅកូនចៅស្រីៗ ឯក្រោយទៀតគឺថា ជាតិជាស្រីទាំងអម្បាលម៉ាន មិនត្រូវទាត់ សត្វឆ្មានេះនឹងជើង ឬវាយនឹងអម្បោស ឬមួយនឹងត្របុតត្រីអាំង។ កុំថាតែទាត់ធាក់ សូម្បីតែដើរកន្លងក៏មិនបានដែរ ត្បិតសត្វនេះកើតឡើងដោយលក្ខណ៍ស្រី។ បើស្រីណាទាត់ធាក់ឬដើរកន្លង សត្វនេះ ហៅថាស្រីហិនលក្ខណ៍ ហើយបើប្រព្រឹត្ដច្រើនដងទៅហៅថា ស្រីខាតលក្ខណ៍។ តមកប្រមាណ១៤ខែ សត្វឆាម៉ាក៏កើតបានកូនឈ្មោលមួយឡើងទៀត។ គឺថាឆាម៉ាទាំងពីរនេះហើយ ជាកំណើតឆ្មាទាំងអស់។ និយាយពីស្ដេចអង្គ នាមសោទត្ដ ព្រះរាជបិតាលើករាជសម្បត្ដិឱ្យកូននោះសោយរាជ្យ ពីព្រះជន្មបាន២១ព្រះវស្សា នៅនគរឈ្មោះ តក្កសិលា។ ស្ដេចថ្មីនោះសោយរាជ្យឡើងពុំមានមហេសីទេ ត្រអាលក្រសាលតែនឹងស្រីស្នំបរិពារ។ លុះអង្វែងទៅ ស្ដេចទ្រង់ផ្ទំវេលាយប់មួយ លោកនឹកភ្នកព្រះទ័យចង់ចេញទៅលេងព្រៃ។ លុះភ្លឺស្វាងកាលណា ស្ដេចក៏ចេញចុងព្រះរាជរោង ឱ្យនាម៉ឺនសព្វមុខមន្ដ្រីគាល់ដូចសព្វដង។ លុះជួបជុំមន្ដ្រីអស់ហើយ ស្ដេចមានព្រះបន្ទូលប្រាប់ថា “យើងចង់ទៅ លេងព្រៃនៅថ្ងៃខានស្អែក ចូររៀបចំពលថ្មើរជើង និងសេះដំរីរៀបចំស្បៀងអាហារក្រយាស្ងោយគ្រាន់គ្រប់គ្នាកុំឱ្យខ្វះ”។ នាម៉ឺនទទួលព្រះរាជឱង្ការកាលណា ក៏រៀបគ្រប់ប្រដាប់ឥតមានខ្វះ ពលថ្មើរជើង ពលសេះដំរី រួចស្រេចហើយ ក៏ចូលក្រាបបង្គំទូលស្ដេចទ្រង់ជ្រាប។ លុះដល់កំណត់ថ្ងៃហើយ វេលាព្រឹក ស្ដេចក៏យាងចេញទៅ ដោយមាននាម៉ឺន សេនា ទាហានហែរតាម លុះបានបួនថ្ងៃក៏បានទៅដល់ព្រៃហេមវ័ន ស្ដេចក៏មានព្រះរាជឱង្ការ ឱ្យបោះព្រះពន្លាមួយនៅទីនោះ។ អស់ទាំងសេនាទាហានក៏ធ្វើជំរំគ្រប់ៗគ្នា តាមមុខរបស់ខ្លួនស្រេចហើយ ស្ដេចមានបន្ទូលបើកអំណាចឱ្យ អស់សេនាលេងល្បែង ភ្លេងច្រៀងរាំតាមចិត្ដឱ្យសប្បាយក្នុងព្រៃនោះ។ នៅពេលយប់នោះ ស្ដេចក៏ចូលផ្ទុំក្នុងព្រះ ពន្លាជ័យ លុះអាធ្រាតស្ងាត់ឮស្នូរតែមាត់បក្សីគ្រប់ភាសាយំមុខគួរឱ្យស្រងេះស្រងោចលន្លង់លន្លោចក្នុងព្រះទ័យ មមៃនឹកគិតគ្រប់សព្វ លុះភ្លឺស្វាងព្រះសុរិយាកាលណា ស្ដេចក៏មានព្រះរាជឱង្ការ បង្គាប់ទៅរាជអាមាត្យ ឱ្យរៀបទីន័ង អស្សតថ្វាយព្រះអង្គនឹងត្រេចមើលព្រៃកំសាន្ដព្រះទ័យជាមួយនឹងរាជអាមាត្យ ពីរនាក់និងស្ដេច។ រួចហើយចេញល្ងាច ត្រឡប់មកព្រះពន្លាជ័យវិញ។ គ្រប់បីថ្ងៃនៅវេលាព្រឹកមួយ ស្ដេចក៏បរទីន័ង ទៅដល់ស្រះកំណើតនៃនាងឧត្ដរបុប្ផា ទ្រង់ទតទៅឃើញទឹកដ៏រងថ្លាឃើញបុប្ផា និងមច្ចាគ្រប់បែប ហែបហែលជ្រួល ច្រវាត់មុខគួរឱ្យទ្រង់សព្វព្រះទ័យនឹង ចុះស្រង់។ ទើបស្ដេចមានបន្ទូលទៅអាមាត្យទាំងពីរថា យើងងូតទឹកស្រះនេះ

ឱ្យត្រជាក់កាយសប្បាយចិត្ដសិន សឹមបន្ដដំណើរទៅ ទើបឈប់លែងពាជីឱ្យស៊ីស្មៅ រួចផ្លាស់ព្រះពស្ដ្រាស្រេច ស្ដេចក៏យាងទតតាមឆ្នេរស្រះទៅឃើញ មានផ្លូវទក់ៗ ព្រះអង្គនឹកថា “យី ! ព្រៃនេះជាស្មសានឋានស្ងាត់ណាស់ ម្ដេចឡើយក៏មានផ្លូវមនុស្សដើរដូច្នេះ”។ រួចស្ដេចមានបន្ទូលទៅនឹងរាជអាមាត្យថា នៅចាំយើងទីនេះចុះ យើងដើរទៅមើលត្រង់នោះបន្ដិច។ ស្ដេចយាងតាម ផ្លូវព្រះឥសីនោះទៅៗបន្ដិចបានក្រទ្បេកឃើញអាស្រម ស្ដេចនឹកក្នុងព្រះទ័យថា រោងនេះជារោងអី? ជាផ្ទះព្រានព្រៃ ទេឬអ្វី? ព្រះអង្គចេះតែយាងចូលទៅ ឯព្រះឥសីកំពុងឆាន់ នាងឧត្ដរបុប្ផាកំពុងអង្គុយគាកលោកតា។ លុះស្ដេចយាង ដល់ទទួលនាងនោះក្រឡេកភ្នែកមកឃើញ នាងក៏ស្ទុះចូលទៅក្នុងបន្ទប់។ ព្រះឥសីសួរទៅនាងថា ម្ដេចក៏ស្ទុះរត់ចូលក្នុង។ នាងនិយាយតិចៗទូលឥសីថា “មានមនុស្សពីណាដើរចូលមក”។ ព្រះឥសីក៏បែរព្រះភក្ដ្រ ទតយល់ដូចនាងទូលមែន។ ឯព្រះរាជាលុះយល់ច្បាស់ដូច្នោះហើយ ក៏ចូលមកដល់ទីនេះ? ទើបស្ដេចទូលទៅឥសីថា “ខ្ញុំព្រះករុណាមកពីនគរ តក្កសិលា” ឥសីឈ្វេងយល់មួយរំពេចថា នេះជាស្ដេច ទើបព្រះ អង្គសួរទៅទៀតថា “ស្ដេចចៅមកទីនេះប្រាថ្នាអ្វី”។ ព្រះបាទសោទត្ដ ទូលឥសីតាមដំណើរ ឯឥសីឈ្វេងយល់ថា ស្ដេចអង្គនេះត្រូវជាគូរនឹងនាងឧត្ដរបុប្ផា លោកក៏ហៅចៅ ស្រីឱ្យចេញមកថ្វាយបង្គំព្រះរាជា។ ហេតុតែនាងជាស្រីមានលក្ខណ៍ ក៏ចេញមកថ្វាយបង្គំព្រះរាជាតាមពុទ្ធដីកា។ ព្រះអង្គក្រឡេកយល់នាង នាងក៏យល់ព្រះភក្ដ្រព្រះអង្គច្បាស់ ហើយចាប់ចិត្ដទៅវិញទៅមក ទើបព្រះឥសីមានពុទ្ធដីកា ថា “ស្ដេចចៅនេះហើយដែលជាគូរនឹងនាង តាំងតែអំពីអតីតជាតិមកម្ល៉េះ”។ គ្រានោះឥសីសួររកសេនារេហ៍ពល ព្រះបាទសោទត្ដក៏ទូលថាព្រះអង្គយក តែអាមាត្យពីនាក់មកតាមទេ ឥឡូវឱ្យឈប់ចាំនៅឯមាត់ស្រះខាងទិសឧត្ដរឯណោះ ត្រង់ថាខ្ញុំករុណាត្រូវជាគូរស្រករនឹងនាងនេះ ក៏ស្រេចតែលោកតា បើសព្វព្រះទ័យយ៉ាងណាខ្ញុំព្រះករុណា ទទួលធ្វើតាមទាំងអស់ ។ ឥសីបញ្ជាទៅវិញថា “បើដូច្នេះ សូមស្ដេចចៅថយទៅរៀបចំសង់រោងបីល្វែង ហើយរកផ្កាឱ្យ បានប្រាំពីរពណ៌ យកមកចងផ្ដុំជាបីបាច់ ទុកឱ្យតាប្រសិទ្ធិពរជ័យឱ្យបានគ្នាជាប្ដីប្រពន្ធសុខសប្បាយតទៅ”។ ស្ដេចស្ដាប់ ព្រះពុទ្ធដីកាហើយ ក៏រួសរាន់ថ្វាយបង្គំលាយាងមកដល់ទីកន្លែងស្រះ ដែលឱ្យអាមាត្យចាំ ហើយបបួលអាមាត្យត្រឡប់ ទៅកាន់ពន្លាជ័យវិញ ដល់ហើយបញ្ជានាម៉ឺនសេនាគ្រប់ក្រុម ឱ្យរៀបចំសង់រោងបីល្វែង តាមបង្គាប់ឥសី។ បានរួចស្រេច ក្បួនទ័ពព្រមទាំងភ្លេងតូរ្យតន្ដ្រីពីរោះល្វឹងល្វើយ ទៅដង្ហែនាងឧត្ដរបុប្ផាពីអាស្រមឥសី និមន្ដទាំងឥសីឡើងគង់ព្រះវរស លៀង ដង្ហែមកកាន់ព្រះពន្លា។ ដល់ហើយព្រះតាបស តាំងសូត្រទិព្យមន្ដព្រះឥសី ក៏បាចផ្កាប្រាំពីរពណ៌នោះ ថ្វាយពរជ័យ ដល់គូរស្រករថ្មី។ បីថ្ងៃតមកទើបព្រះអង្គ និងនាងជាយា ថ្វាយបង្គំលាលោកតា នាងក៏ស្រក់ទឹកភ្នែកនឹកអាល័យលោកតា ព្រោះតាំងពីកើតមកពុំដែលបែកទៅណាសោះ ឥឡូវមិនដឹងជាកាលណា នឹងបានមកថ្វាយបង្គំវិញទេ។ គ្រានោះឥសីបានផ្ដាំនាងថា ៖ បើនាងទៅដល់ប្រាសាទហើយ មុននឹងឡើងទៅលើប្រាសាទ នាងត្រូវឱបសត្វឆាម៉ា ហើយដើរព័ទ្ធប្រទក្សិណប្រាសាទបីជុំ រួចសើមឡើងទៅក្នុងប្រាសាទនោះ ទើបនាងបានសុខ បានសិរីសួស្ដី។ នាងស្ដាប់សព្វគ្រប់ហើយក៏លាចេញទៅ។ លុះទៅដល់ព្រះរាជវាំងហើយ មុននឹងចូលក្នុងព្រះរាជដំណាក់ ព្រះនាងបានធ្វើតាម បណ្ដាំឥសីឥតឱ្យឆ្គង ក៏បានប្រកបដោយសេចក្ដីសុខចម្រើនរហូតទៅ។ ទំនងជាដោយសាររឿងនេះទេដឹង បានជាខ្មែរ យើងមានទំនៀមមួយក្នុងពេលធ្វើពីធីឡើងផ្ទះថ្មីគឺគេនិយមឱបឆ្មាមួយ ហើយដើរប្រទក្សិណបីជុំហើយស្រេចទើបគេ ឡើងនៅ ៕

(ដកស្រង់ចេញពីសៀវភៅប្រជុំរឿងព្រេងខ្មែរ)

ស្រាវជ្រាវដោយ÷ ចៅតាជេត


ចែករំលែក៖