ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយល់ព្រមផ្តល់វ៉ាក់សាំងកូវីសែលចំនួន ១០.០០០ដូស ដែលចាក់បានមនុស្សវ័យអាយុ ៦០ឆ្នាំឡេីងបានចំនួន ៥០០០នាក់បន្ថែមលេីចំនួន ៥៥,៧០០នាក់ ដែលសម្តេចតេជោបាន និងកំពុងជម្រុញការចាក់ជារៀងរាល់ថ្ងៃ ជូនដល់ក្រុមមនុស្សអាយុពី ៦០ឆ្នាំឡេីងនេះឱ្យបានចប់ក្នុងរយ:ពេលពីរសប្តាហ៍នេះ ដែលបានបង្ហាញពីការគិតគូរយកចិត្តទុកដាក់ខ្លាំងពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រីលេីសុខភាពមនុស្សវ័យអាយុ ៦០ឆ្នាំឡេីង ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅកម្ពុជា ។ នេះបើយោងតាមសេចក្តីប្រកាសជូនព័ត៌មាន របស់ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១។
យោងតាមការយល់ព្រមដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ក្នុងក្របខ័ណ្ឌទូទាំងប្រទេស(គ . វ .ក.១៩) សូម គោរពជម្រាបជូនសាធាណជន លោកយាយ លោកតា អុំ ពូ មីង រស់នៅក្នុងរាជធានីភ្នំពេញដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង ទៅ មេត្តាជ្រាបថា ដោយសារតែស្ថានភាពនៃការរីករាលដាលជំងឺកូវី៨-១៩ នៅព្រះរាជណាចក្រកម្ពុជា ជាពិសេសនៅក្នុងរាជធានី ភ្នំពេញ ពុំទាន់មានភាពថមថយនៅឡើយនោះ សម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេច ផ្តល់ជូនបន្ថែមនូវវ៉ាក់សាំងកូវីសែលចំនួន ១០.០០០ដូសទៀតដែលដកយកចេញពីស្តុកបម្រុងសម្រាប់ចាក់ជូនមនុស្សចាស់ ដែលមានវ័យអាយុចាប់ពី ៦០ឆ្នាំឡើង នៅក្នុងរាជធានីភ្នំពេញ ចំនួន៥០០០នាក់បន្ថែមទៀត ដែលយុទ្ធនាការចាក់វ៉ាក់សាំង បច្ចុប្បន្ននេះ មានចំនួន ៥៥.៧០០នាក់។ ដូចនេះ យោងតាមការបន្ថែមចំនួនវ៉ាក់សាំងនេះ ចំនួនប្រជាពលរដ្ឋដែលមានអាយុ ចាប់ពី ៦០ឆ្នាំឡើងនៅក្នុងរាជធានីភ្នំពេញ ដែលកំពុង និងនឹងត្រូវបានចាក់វ៉ាក់សាំងក្នុងយុទ្ធនាការនេះ ត្រូវបានកើនចំនួនសរុប ដល់ ៦០.៧០០នាក់ ដែលជាការគិតគូរដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី លើក្រុមមនុស្សវ័យចាស់នេះ។ សូម អញ្ជើញទំនាក់ទំនងជាមួយអាជ្ញាធរសង្កាត់ដែលលោកអ៊ុំ ពូ មីង ពុកម៉ែ បងប្អូនទាំងអស់រស់នៅបច្ចុប្បន្ន ដើម្បីចុះឈ្មោះ និង សម្របសម្រួលចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្តឱ្យបានឆាប់ជាទីបំផុត ដោយអនុវត្តន៍តាមការណែនាំ និងការអញ្ជើញពីអាជ្ញាធរ សង្កាត់ ទៅតាមកម្មវិធីចាក់វ៉ាក់សាំងតាមពេលវេលាកំណត់ ដើម្បីបញ្ចៀសបាននូវការកកស្ទះ ភាពរញ៉េរញ៉ៃ និងមិនមានស ណ្តាប់ធ្នាប់ កង្វះខាតវិធានការការពារការចម្លងវីរុសកូដ-១៩ នៅកន្លែងចាក់វ៉ាក់សាំង។
លើសពីនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មិនត្រឹមតែគិតគូរដល់ក្រុមនុស្ស វ័យពី ៦០ឆ្នាំឡើងនោះទេ គឺបានសម្រេចអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ផ្ដល់ការចាក់វ៉ាក់សាំងជូនបុគ្គលិក ស្ថានទូត និងអង្គការអន្តរជាតិមួយចំនួន មានដូចជា៖
ស្ថានទូតចំនួន ១៨ នៅរាជធានីភ្នំពេញ ដែលមានបុគ្គលិកសរុបចំនួន ៧៤១នាក់ បានចាក់រួចរាល់នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យកុមារជាតិ។ អង្គការអន្តរជាតិចំនួន ៤៤អង្គការ ដែលស្ថិតនៅក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ មានបុគ្គលិកសរុបចំនួន ១.៦៧១ នាក់ បាននឹងកំពុងដំណើរការចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យកាល់ម៉ែត ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១៕
ដោយ៖ សុខ ខេមរា