ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស្ទួចពន្លះរថយន្តហុីយ៉ាន់ដាយពីចំហៀងពេញទំហឹង​ បណ្ដាលឲ្យខូចខាត​យ៉ាងដំណំ​ និងរបួស២នាក់

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បេីករថយន្តស្ទួចក្នុងល្បឿនលឿន​ និងមិនប្រយ័ត្នបានជ្រុលទៅបុករថយន្តហុីយ៉ាន់ដាយពីចំហៀងពេញទំហឹង​បណ្ដាលឲ្យគៀបជាប់គ្នារងការខូចខាតយ៉ាងដំណំ​ និងធ្វេីឲ្យបុរស២នាក់រងរបួសបែកមុខមាត់​ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ​ កាលពីវេលាម៉ោង៧​ និង៣០នាទីយប់​ ថ្ងៃទី២៧​ ខែមីនា​ ឆ្នាំ​២០២១​ តាមបណ្ដោយផ្លូវ២១៧(ចំការដូង)​ ក្នុងភូមិបុរីកម្មករ​ សង្កាត់ជេីងឯក​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។

​ តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ ពេលកេីតហេតុមានរថយន្តម៉ាក​ ហុីយ៉ាន់ដាយ​ ដឹកតន្ត្រី​ពណ៌ស​ ពាក់ស្លាកលេខ ត្បូងឃ្មុំ​ 3A -2724 បានធ្វេីដំណេីរតាមបណ្ដោយផ្លូវ២១៧​ ទិសដៅពីជេីងមកត្បូង​ ខណៈមកដល់កន្លែងកេីតហេតុក៏បានបត់ឆ្វេងកាត់ទទឹងផ្លូវ​ ក៏ត្រូវរថយន្តស្ទួច​ ពណ៌ស​ ពាក់ស្លាកលេខ​ ព្រះសីហនុ​ 3A-1639 ធ្វេីដំណេីរតាមបណ្ដោយផ្លូវ២១៧​ ទិសដៅពីត្បូងមកជេីងក្នុងល្បឿនលឿន​ បុកចំពីចហៀងពេញទំហឹង​ បណ្ដាលឲ្យរថយន្តហុីយ៉ាន់ដាយខ្ទាតដល់របងផ្ទះលក់ចាបហួយ​ រងការខូចខាតយ៉ាងដំណំទាំងសងខាង​ និងធ្វេីឲ្យបុរស២នាក់ភាគីរថយន្តហុីយ៉ាន់ដាយរងរបួសបែកមុខមាត់ត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យបង្អែកដង្កោ​ ដេីម្បីព្យាបាលរបួស​ ។

​ ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ ហេីយឲ្យភាគីទាំងសងខាងធ្វេីការសម្របសម្រួលគ្នាមួយជំហាន​ តែភាគីទាំង២និយាយគ្នាមិនត្រូវ​ ទេីបសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅមន្ត្រីជំនាញចរាចរណ៍ខណ្ឌដង្កោ​ ចុះមកធ្វេីការវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុក​រង់ចាំដោះស្រាយពេលក្រោយ​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖