ប្រទេសថៃ៖ កម្មវិធីប្រកួតកញ្ញាឯក Miss Grand International 2020 បានរកឃើញម្ចាស់ជ័យលាភីហើយគឺបានទៅលើកញ្ញាឯក Abena Appiah មកពីសហរដ្ឋអាមេរិក ខណៈលំដាប់រងទី១បានទៅលើកញ្ញាSamantha Bernardo មកពីប្រទេសហ្វីលីពីន និងលំដាប់រងទី២បានទៅលើកញ្ញាIvana Batchelor មកពីប្រទេសហ្គាតេម៉ាឡា ។ ម្ចាស់ជ័យលាភីលំដាប់រងទី៣បានទៅលើកញ្ញាAurra Kharishma មកពីប្រទេសឥណ្ឌូនេស៊ី និងលំដាប់រងទី៤បានទៅលើកញ្ញាLala Guedes មកពីប្រទេសប្រេស៊ីល ។
កម្មវិធី Miss Grand International 2020 បានចាប់ផ្តើមប្រកួតវគ្គផ្តាច់ព្រ័ត្ររបស់ខ្លួនជាផ្លូវការកាលពីរាត្រីថ្ងៃទី២៧ ខែមីនាឆ្នាំ ២០២១ រួមមានការបង្ហាញរូបសម្រស់បេក្ខនារីមកពីជុំវិញពិភពលោកចំនួន៦៣រូប រួមទាំងកម្ពុជាផងដែរ។ កម្មវិធីក៏បានប្រកាសអំពីម្ចាស់ពានលើឈុតតំណាងជាតិស្រស់ស្អាតចំនួន៣ប្រទេសបានទៅលើឈុតតំណាងជាតិប្រទេស ជប៉ុន ថៃ និងហ្គាតេម៉ាឡា។ កញ្ញាឯកពីកម្ពុជា លីវ ជីលី បានឈានជើងដល់វគ្គ២០នាក់ចុងក្រោយដោយស្វ័យប្រវត្តិ ក្រោយឈ្នះការបោះឆ្នោតកម្មវិធីមួយមានឈ្មោះថា “Queen With the Golden Grown” ដោយនាងទទួលបានពានរង្វាន់ជម្រើសជាតិប្រចាំឆ្នាំ Country Choice of The Year បន្ថែមពីលើពានក្រៅផ្លូវការមួយកាលពីថ្ងៃទី២៦ខែមីនាគឺពាន“Grand Pageant Choice Award”នោះ។ កម្មវិធីក៏មានការបង្ហាញសមត្ថភាពលើការដើរបង្ហាញម៉ូដក្នុងឈុតហែលទឹកនិងផ្តល់ពានរង្វាន់បេក្ខភាពឆ្នើមក្នុងវគ្គនេះផងដែរ។ ការប្រកាសជម្រុះបេក្ខភាពវគ្គ១០នាក់ចុងក្រោយគឺមិនមានវត្តមានបេក្ខនារីពីកម្ពុជាឡើយ រហូតដល់វគ្គបញ្ចប់គឺការជម្រុះនៅសល់វគ្គ៥នាក់ចុងក្រោយ ក្រោយពីការឆ្លើយសំណួរដែលរួមមានវត្តមានបេក្ខនារីមកពីប្រទេស ហ្វីលីពីន ប្រេស៊ីល ហ្គាតេម៉ាឡា សហរដ្ឋអាមេរិក និងឥណ្ឌូនេស៊ី។ ចុងក្រោយម្ចាស់មកុដគឺកញ្ញាAbena Appiah មកពីសហរដ្ឋអាមេរិក ។
គូរបញ្ជាក់ដែរថា Miss Grand International ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៣ ដោយលោក Nawat Itsaragrisil ក្រោយពីលោកបានធ្វើការជាផលិតករនិងជាអ្នកដឹកនាំថ្នាក់ជាតិនៃបវរកញ្ញាថៃអស់រយៈពេល ៧ ឆ្នាំរហូតដល់ឆ្នាំ២០១២ ។ ការប្រកួតកម្មវិធីនេះត្រូវបានចាក់ផ្សាយដំបូងដោយប៉ុស្តិ៍លេខ ៧ ក្នុងប្រទេសថៃ។ ក្នុងឆ្នាំ ២០១៦ បវរកញ្ញាហ្គ្រេនថៃបានចាប់ផ្តើមជ្រើសរើសយកការប្រកួតប្រជែងថ្នាក់ខេត្ត និងមានឈ្មោះជាម្ចាស់ជើងឯកថ្នាក់ខេត្តចំនួន ៧៧ រូបដើម្បីចូលរួមប្រកួតប្រជែងក្នុងកម្មវិធីប្រកួតថ្នាក់ជាតិ។ នៅឆ្នាំ ២០២០ ការប្រកួតនេះត្រូវបានប្តូរពីប៉ុស្តិ៍លេខ ៧ ទៅចាក់ផ្សាយតាមប៉ុស្តិ៍លេខ ៣១ ជំនួសវិញ។ម្ចាស់មកុដបវរកញ្ញាថៃគឺជាតំណាងប្រទេសនៃការប្រកួតអន្តរជាតិ Miss Grand International ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៣ ផងដែរ។ ការប្រកួតជ្រើសរើសអ្នកចូលរួមដែលត្រូវបានជ្រើសរើសដោយអ្នកមានអាជ្ញាប័ណ្ណនៅក្នុងប្រទេសនីមួយៗ។ ការប្រកួតពីដំបូងត្រូវបានធ្វើឡើងនៅប្រទេសថៃខណៈព្រឹត្តិការណ៍ជាបន្តបន្ទាប់ក៏បានធ្វើនៅក្រៅប្រទេសផងដែរដោយចាប់ផ្តើមនៅឆ្នាំ ២០១៦ មកទល់នឹងបច្ចុប្បន្ន។ នៅឆ្នាំ ២០២០ បេក្ខនារីត្រូវបានគេគ្រោងធ្វើនៅថ្ងៃទី ២៥ ខែតុលាឆ្នាំ ២០២០ នៅប្រទេសវេណេហ្ស៊ុយអេឡាប៉ុន្តែដោយសារតែការរាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ អ្នករៀបចំកម្មវិធីបានសម្រេចពន្យារពេលការប្រលងជ្រើសរើសបវរកញ្ញាលើកទី ៨ ដល់ឆ្នាំ ២០២១ និងផ្លាស់ទីតាំងទៅទីក្រុងបាងកក ប្រទេសថៃវិញដោយសារការរីករាលដាលជាសាកលនៃជំងឺកូវីដ-១៩៕
ដោយ៖ វឌ្ឍនា