ខេត្តកំពង់ស្ពឺ៖ កាលពីថ្ងៃព្រហស្បតិ៍ ១២កើត ខែ ចែត្រ ឆ្នាំ ជូតទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៥ខែមីនាឆ្នាំ២០២១ វេលាម៉ោង ១០និង៤៥ នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលអំពិល សហការជាមួយ កម្លាំងប្រជាការពារជំនួយអន្តរាគមន៍ ចុះល្បាតតាមគោលដៅក្នុងភូមិសាស្ត្រ ដល់ចំណុចភូមិ រកាពក ឃុំ ទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺបានប្រទះឃើញមុខសញ្ញាប្រើប្រាស់គ្រឿងញៀនចំនួន ២ នាក់កំពុងប្រើប្រាស់ថ្នាំញៀន ទី១-ឈ្មោះ អុឹង ចាន់ធឿន ហៅ ង៉ែត ភេទ ប្រុស អាយុ ១៨ ឆ្នាំ ទី២-ឈ្មោះ ឌី រតន: ភេទ ប្រុស អាយុ ១៩ ឆ្នាំ អ្នកទាំងពីររស់នៅភូមិ-ឃុំ កើតហេតុខាងលើ ពេលដែលកំពុងធ្វើសកម្មភាព កម្លាំងប៉ុស្តិ៍ សហការជាមួយកម្លាំងប្រជាការពារឃាត់ខ្លួនយកមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទួលអំពិល រាយការណ៍ជូនជំនាញដើម្បីសាកសួរ។
យោងតាមប្រភពពីមន្ត្រីនគរបាលដែលចុះប្រតិបត្តិការបានបង្ហើបថា ក្រោយពេលឃាត់ខ្លួនកម្លាំងប៉ុស្តីបានបញ្ជូនជនសង្ស័យទៅកាន់ប៉ុស្តិ៍រដ្ឋបាលដើម្បីបន្តនីតិវិធី ក្រោមការបញ្ជាផ្ទាល់ពីលោក អ៊ុំ ចំរើន ជាអធិការ។ប្រភពដដែលបន្តថា ក្រោយមកជនសង្ស័យទាំង២នាក់ត្រូវបានលោកអធិការអនុញ្ញាតអោយត្រឡប់ទៅផ្ទះវិញ តែគ្មានអ្នកណាដឹងទេថាការអនុញ្ញាតអោយជនសង្ស័យទាំង២ត្រឡប់ទៅផ្ទះរួចផុតពីការចោទប្រកាន់ខាងលើនេះជាថ្នូរនឹងអ្វីនោះទេ ។ប្រភពខាងលើបន្តទៀតថាកូនចៅថ្នាក់ក្រោមមិនហ៊ានសួរនាំនោះទេព្រោះជាការសម្រេចរបស់លោកអធិការ។
គួរលឹកថាកាលពីថ្ងៃទី១៣ខែមីនាឆ្នាំ២០២១វេលាម៉ោង១០យប់កម្លាំងនគរបាលប៉ុស្ដិ៍ស្វាយចចឹបបានចុះល្បាតជាមួយក្រុមប្រឹក្សាឃុំនិងប្រជាការពារក្នុងឃុំស្វាយចចឹបស្រុកបសេដ្ឋខេត្តកំពង់ស្ពឺ។ ពេលល្បាតមកដលគោលដៅភូមិសង្កែលាក់បានជួបប្រទះជនសង្ស័យចំនួន៣នាក់រួមមានម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ០១មួយគ្រឿង ដែលជនសង្ស័យទី១-ឈ្មោះ ភី សុផលភេទប្រុសអាយុ២០ឆ្នាំរស់នៅភូមិធ្លក ឃុំទួលសាលា ស្រុកបសេដ្ឋខេត្តកំពង់ស្ពឺ ២ឈ្មោះ ស៊ុយ ហុង ភេទប្រុសអាយុ១៩ឆ្នាំរសនៅភូមិឃុំជាមួយគ្នានិង៣ឈ្មោះ ភួង សុផល ភេទប្រុសអាយុ១៩ឆ្នាំរស់នៅភូមិស្រែឃ្លេឃុំទួលសាលាស្រុកបសេដ្ឋខេត្ត កំពង់ស្ពឺ។
ជនសង្ស័យទាំងបីនាក់នេះជាមុខសញ្ញាប្លន់កាប់យក ម៉ូតូ នៅពេលយប់និងតាមដងផ្លូវក្នុងភូមិសាស្ត្រស្រុកបសេដ្ឋក្នុងនោះសមត្ថកិច្ចដកហូត បានរួមមានដាវពីរដើមបំពុងទីបមួយដើម។សម្ភារៈខាងលើនេះបានដកហូតរក្សាទុកនៅប៉ុស្ដ៍រដ្ឋបាលស្វាយចចឹប។
ក្រោយពេលឃាត់ខ្លួនលោកនាយប៉ុស្ដិ៍បានរាយការណ៍អោយលោកអធីការ អ៊ុំ ចំរើនហើយបានបញ្ជូនជនសង្ស័យមកដល់ពាក់កណ្ដាលផ្លូវស្រាប់តែលោកវរជសេនីយ៍ឯក អ៊ុំ ចំរើន បានបញ្ជាអោយខាងប៉ុស្តិ៍ដឹកយកទៅប៉ុស្ដិ៍វិញហើយបញ្ជាអោយប៉ុស្តិ៍ដោះលែងជនសង្ស័យនាពេលនោះតែម្តង។ការដោះលែងនេះត្រូវបានប្រភពទម្លាយថាគឺជាកាដូរនឹងប្រាក់ចំនួន៩០ម៉ឺនរៀល។
ដោយឡែកថ្ងៃទី២៥ខែមីនាឆ្នាំ២០២១វេលាម៉ោង០០និង៣៥នាទីរំលងអាធ្រាតនៅចំណុចផ្លូវកៅស៊ូភូមិព្រៃកញ្ចាន់ឃុំភារីមានជ័យស្រុកបសេដ្ឋខេត្តកំពង់ស្ពឺមានប្លន់វាយយកម៉ូតូមួយករណីដែលបង្កឡើង១-ឈ្មោះស៊ុំ ទីម ភេទប្រុសអាយុ២៥ឆ្នាំ ២-ឈ្មោះ កង លីហួ ភេទប្រុសអាយុ២៨ឆ្នាំ(ទើបចេញពីគុក)៣-ឈ្មោះ កង យឿភេទប្រុសអាយុ៣០ឆ្នាំ(ទើបចេញពីគុក)៤-ឈ្មោះ ហែម សុបឹន ភេទប្រុសអាយុ២៤ឆ្នាំរស់នៅភូមិព្រែកញ្ចាន់ឃុំ-ស្រុក-ខេត្តខាងលើបានធ្វើសកម្មភាពវាយទៅជនរងគ្រោះឈ្មោះតេង ចន្ថាអាយុ៤០ឆ្នាំរស់នៅភូមិត្រពាំងផ្លុងឃុំភារីមានជ័យស្រុកបសេដ្ឋខេត្តកំពង់ស្ពឺបណ្តាលរងរបួសស្រាលហើយម៉ូតូខូចខាតបែកខាងមុខ។
លុះព្រឹកឡើងថ្ងៃទី២៥ខែមីនាឆ្នាំ២០២១វេលាម៉ោង៧និង៣០នាទីព្រឹកជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងដល់សមត្ថកិច្ចហើយបានឃាត់ខ្លួនជនទាំងបួននាក់ខាងលើយកមកសាកសួរដើម្បីចាត់ការបន្ត។
សូមបញ្ជាក់ថាករណីនេះលោកអធិការបានកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌដើម្បីចាត់ការបន្ត។
កន្លងទៅថ្មីៗនេះទៀតគឺករណីដោះលែងចោរលួចលុយនៅវត្តអង្គស្ដុកមិនទាន់សាបរលាបផងបែរជាលោកអធិការហ៊ានប្រព្រឹត្ត០២ករណីទៀតគឺរឿងបង្រ្កាបគ្រឿងញៀននៅថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០២០វេលាម៉ោង៨និង៣០នាទីព្រឹកនៅចំណុចភូមិព្រៃងោងឃុំភារីមានជ័យស្រុកបសេដ្ឋខេត្តកំពង់ស្ពឺ ជនសង្ស័យជាមេក្លោងគ្រឿងញៀនឈ្មោះ ឃីម ម៉ៅ ភេទប្រុសអាយុ២៧ឆ្នាំដោយហ៊ានដោះលែងយកលុយចំនួនមួយពាន់ប្រាំរយដុល្លារអាមេរិក(1.500ដុល្លារ)។
អ្វីដែលជាការធ្វើអោយកូនចៅថ្នាក់ក្រោមមានការថ្នាំងថ្នាក់ចិត្តនោះគឺលោក អ៊ុំ ចំរើន បានសុីដាច់លុយដែលផ្តល់សម្រាប់អនុវត្តន៍គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបានផ្តល់ជូននោះក៏យកទៅចាយខុសគោលកាណ៍មិនគិតពីអង្គភាពដោយយកលុយនោះដើរសុីចាយដោយមិនគិតពីការកសាងអង្គភាពឡើយ។
លើសពីនេះទៅទៀតមន្ត្រីដែលស្និទ្ឋនឹងលោកអធិការក៏បានបង្ហើបផងដែរថាលោក អ៊ុំ ចំរើន នេះគឺជាបុរសសំបូរស្នេហ៍យ៉ាងខ្លាំងព្រោះតាមបណ្តាហាងផឹកសុីណាក៏មានស្រីស្នេហ៍របស់លោកអធិការនេះដែរ។មិនតែប៉ុណ្ណោះលោកអធិការថែមទាំងយកស្រីស្នេហ៍ចូលមកដេកនៅក្នុងអង្គភាពទៀតផង។
អ្វីដែលគេគ្រប់គ្នាបានឮគឺនៅពេលផឹកសុី លោក អ៊ុំ ចំរើន តែងតែអួតក្អេងក្អាងថាអ្នកណាក៏គេមិនខ្លាចដែរធ្វើគេមិនបែកដែរព្រោះគេមានមេធំនៅពីក្រោយខ្នងចាំជួយជានិច្ច។
ករណីនេះប្រជាពលរដ្ឋក្នុងមូលដ្ឋានសូមសំណូមពរទៅលោកស្នងការខេត្តកំពង់ស្ពឺជាពិសេសលោកអគ្គស្នងការនគរបាលជាតិតែម្តងសូមចាត់មន្ត្រីអធិការកិច្ចចុះមកត្រួតពិនិត្យអំពីភាពមិនប្រក្រតីរបស់លោក អ៊ុំ ចំរើននេះផង ដើម្បីជាគំរូដល់មន្ត្រីដែលស្អាតស្អំ។
ពាក់ព័ន្ឋករណីនេះដែរ ភ្នាក់ងារយើងបានទូរស័ព្ទទៅលោកអធិការដើម្បីសុំការពន្យល់ដែរតែ លោកបានប្រាប់ថាករណីវាយប្លន់យកម៉ូតូជំនាញរបស់លោកបានកសាងសំណុំរឿងបញ្ជូនទៅលើអស់ហើយ។នៅពេលសួរបញ្ជាក់ពីករណីដែលមិនបានបញ្ជូន លោកធ្វើហាក់ដូចជានិយាយគ្នាស្តាប់មិនបានហើយក៏បិទទូរស័ព្ទតែម្តង។
ចំណែកលោក ឌុក ភារម្យ នាយការិយាល័យ គ្រឿងញៀន បានបញ្ជាក់ប្រាប់ផងដែរថា ករណីបង្ក្រាបគ្រឿងញៀនមកពីស្រុកបសេដ្ឋមានច្រើនលោកចាំមិនអស់ទេ តែរឿងចាប់កាលពីថ្ងៃទី២៥ខែមីនានេះលោកមិនទាន់ដឹងនិងទទួលរបាយការណ៍នៅឡើយទេ។
ចំណែកលោកវរសេនីយ៍ឯក សម សាក់ ស្នងការរងទទួលផែនយុត្តិធម៌បានប្រាប់តាមអ្នកកាសែតាមប្រព័ន្ធវ័តអាប់ថា “ករណីវាយប្លន់ជំនាញរបស់លោកកំពុងបូកសរុបរបាយការណ៍ដើម្បីបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់”៕
ដោយ៖អ៊ុក ស៊ុនហេង