ព័ត៌មានទាន់ហេតុការណ៍៖

មួយថ្ងៃស្លាប់ជាង ១០០នាក់នៅមីយ៉ាន់ម៉ា ពិភពលោកថ្កោលទោសយ៉ាងខ្លាំងដល់យោធា

ចែករំលែក៖

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានថ្កោលទោសដល់អំពើហិង្សា កាលពីថ្ងៃទី ២៧ខែមីនា នៅក្នុងប្រទេសមីយ៉ាន់ម៉ាបណ្តាលឲ្យមានបាតុករដល់ទៅជាង ១០០នាក់ស្លាប់ ។ ក្រៅពីអាមេរិក ក៏មានប្រទេស១២ផ្សេងទៀតបានថ្កោលទោសដល់យោធាមីយ៉ាន់ម៉ា។

លោក Blinken បានលើកឡើងថា«យើងពិតជារន្ធត់ចិត្តចំពោះការបង្ហូរឈាមនៅក្នុងប្រទេសមីយ៉ាន់ម៉ា ។ ទាំងនោះបង្ហាញយ៉ាងច្បាស់ថា រដ្ឋាភិបាលបានយកអាយុជីវិតរបស់ពលរដ្ឋដើម្បីបម្រើផលប្រយោជន៍របស់បុគ្គលមួយចំនួន។ ពលរដ្ឋមីយ៉ាន់ម៉ាពិតជាក្លាហាន ប្រឆាំងនឹងរបបដឹកនាំដោយយោធា។

កន្លងមក អគ្គរដ្ឋទូតអាមេរិកប្រចាំនៅមីយ៉ាន់ម៉ាបានថ្កោលទោសយ៉ាងខ្លាំង ដល់កម្លាំង សន្តិសុខមីយ៉ាន់ម៉ាដែលបានបាញ់សម្លាប់ពលរដ្ឋ។ ចំណែកសហគមន៍អឺរ៉ុបវិញបានបញ្ជាក់ថា ថ្ងៃទី២៧ខែមីនាជាទិវាកងទ័ព និងជាថ្ងៃរន្ធត់បំផុតជាថ្ងៃដែលកងទ័ពបង្ហូរឈាមសម្លាប់ពលរដ្ឋខ្លួនឯង។ ទាំងនោះជារឿងដ៏អាម៉ាស់បំផុតសម្រាប់កងទ័ពមីយ៉ាន់ម៉ា។
អគ្គលេខធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានបង្ហាញការតក់ស្លុតយ៉ាងខ្លាំង ដែលយោធាមីយ៉ាន់ម៉ាសម្លាប់ពលរដ្ឋខ្លួនឯងយ៉ាងច្រើនបែបនេះ។
នៅក្នុងសេចក្តីប្រកាសរួមរដ្ឋមន្ត្រីក្រសួងការពារជាតិ១២ប្រទេស ក្នុងនោះមាន អូស្ត្រាលី កាណាដា ដាណាម៉ាក អាល្លឺម៉ង់ ក្រិច អុីតាលី ជប៉ុន ហុល្លង់ នូវែលហ្សេឡង់ កូរ៉េខាងត្បូង អង់គ្លេសនិងអាមេរិកបានថ្កោលទោដល់ការប្រើអំពើហិង្សាទៅលើក្រុមបាតុករ បណ្តាលឲ្យមានអ្នកសា្លប់ជាង១០០នាក់ ។
នៅក្នុងសេចក្តីប្រកាសរួមបានបញ្ជាក់ថា«យើងសូម អំពាវនាវដល់កម្លាំងយោធាមីយ៉ាន់ម៉ា បញ្ឈប់ប្រើហិង្សាទៅលើក្រុមបាតុករ ហើយដំណើរការឡើងវិញនៅការគោរព ផ្តល់ទំនុកចិត្តពីកម្លាំងពលរដ្ឋទៅលើយោធា។ ពេលនេះមីយ៉ាន់ម៉ា បានធ្វើឲ្យបាត់បង់ សេចក្តីថ្លៃថ្នូរ តាមរយៈសកម្មភាពរបស់ខ្លួន៕ដោយ៖ធីរីណា

រូបភាព៖Reuters 


ចែករំលែក៖