ព័ត៌មានទាន់ហេតុការណ៍៖

«ទិដ្ឋភាពដ៏ស្ងប់ស្ងាត់នៅក្នុងភូមិព្រះដាក់»

ចែករំលែក៖

ខេត្តសៀមរាប៖ «ទិដ្ឋភាពដ៏ស្ងប់ស្ងាត់នៅក្នុងភូមិព្រះដាក់»៖។ លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី បាបថ្លែងបែបនេះនៅវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ លើ facebook ផ្លូវការរបស់ខ្លួន ។
លោកលើកឡើងថា, កន្លែងដែលធ្លាប់តែអ៊ូអរ មានចរាចរណ៍ឆ្លងកាត់ទៅវិញទៅមកមិនដែលចេះដាច់ និងតែងតែមានអ្នកលក់ដូរនៅសងខាងផ្លូវស្ទើរគ្រប់ៗផ្ទះ បានប្រែក្លាយទៅជាស្ងាត់ជ្រងំ គ្មានអ្នកធ្វើដំណើរឆ្លងកាត់ទាំងក្នុងពេលថ្ងៃ និងពេលរាត្រី ហើយម្ចាស់អាជីវកម្មពាក់ព័ន្ធនឹងអាហារហូបចុកស្ទើរតែទាំងអស់បានស្ម័គ្រចិត្តបិទទ្វារផ្អាកជាបណ្តោះអាសន្ន ទន្ទឹងរង់ចាំមើលលទ្ធផលពីការធ្វើតេស្តលើសំណាកពីអ្នកពាក់ព័ន្ធផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩យ៉ាងអន្ទះសារ។

កូវីដ-១៩ពិតជាបានផ្លាស់ប្តូរអ្វីៗទាំងស្រុងមែន។ វាមិនគ្រាន់តែបានបង្កើតនូវភាពភ័យខ្លាចក្នុងចំណោមអ្នកភូមិប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបានជះឥទ្ធិពលយ៉ាងខ្លាំងទៅដល់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ក៏គួរឱ្យស្ងើចសរសើរដល់អ្នកភូមិព្រះដាក់ ដែលបានអនុវត្តវិធានការសុវត្ថិភាព“ពាក់ម៉ាស់-រក្សាគម្លាត”បានយ៉ាងល្អ ហើយឃើញអ្នកជិតខាងភូមិផងរបងជាមួយបានរៃគ្នាជួយឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគដល់ក្រុមគ្រួសារដែលកំពុងជាប់ចត្តាឡីស័កនៅក្នុងផ្ទះ និងមិនអាចចេញទៅណារួចផងដែរ។

សង្ឃឹមថាអ្នកភូមិព្រះដាក់នឹងឆ្លងផុតហានិភ័យលើកនេះផងចុះ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖