ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡា នៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹងមួយ ស្តីពីវិធានការរឹតបន្ដឹង វិធានការបង្ការ និងទប់ស្កាត់ ការរាតត្បាត នៃជំងឺកូវីដ-១៩ នៅតាមអង្គភាពថ្នាក់កណ្តាល និងថ្នាក់រាជធានីខេត្ត។
ជាក់ស្ដែងនៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ បានបញ្ជាក់ថា៖ កន្លងមក ក្រសួងបានចេញសេចក្តីណែនាំ ឱ្យមន្ត្រីបំពេញការងារ ពីផ្ទះរៀងៗខ្លួន តាមប្រព័ន្ធអនឡាញ និងមាន មន្ត្រីប្រចាំការ នៅតាមអង្គភាពនីមួយៗ ក្នុងករណីចាំបាច់ ប៉ុន្តែក្រសួង សង្កេតឃើញថា មានអង្គភាព មួយចំនួនតូច មិន បានអនុវត្តតាមការណែនាំ ដោយមិនបានបែងចែកវេន បំពេញការងារដល់មន្ត្រី។ ដោយស្ថិតក្នុងស្ថានភាព នៃការឆ្លង ក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ មិនទាន់ធូរស្រាល និងដើម្បីចៀសវាង ការឆ្លងជំងឺកូវីដ-១៩ ក្នុង សហគមន៍ ទ្រង់ទ្រាយ ធំបន្ថែមទៀត ក្រសួង សូមធ្វើការណែនាំដល់ ប្រធានអង្គភាពថ្នាក់កណ្តាល និងថ្នាក់រាជធានី ខេត្ត ទាំងអស់ អនុវត្តនូវវិធានការ ដូចខាងក្រោម ចាប់ពីថ្ងៃជូនដំណឹង នេះតទៅ រហូតដល់មានការជូនដំណឹង ជាថ្មី៖
-បន្តរឹតបន្តឹងការប្រុងប្រយ័ត្ន និងពង្រឹងការអនុវត្តវិធានការ “៣ការពារ និង៣កុំ” ឱ្យបានម៉ឺងម៉ាត់ និងរៀបចំវេន ប្រចាំការដល់មន្ត្រី នៅតាមអង្គភាពនីមួយៗ ក្នុងចំនួនតិចបំផុត និងបន្តឱ្យមន្ត្រីបំពេញការងារពីផ្ទះរៀងៗ ខ្លួនតាមប្រព័ន្ធអនឡាញ
-ប្រធានអង្គភាព ត្រូវត្រួតពិនិត្យ និងសម្រេចតាមតម្រូវការជាក់ស្តែង ការបំពេញការងារ របស់មន្ត្រី នៅក្នុងករណី មិនចាំបាច់ មិនអនុញ្ញាត ឱ្យមន្ត្រីមកកន្លែងបំពេញការងារ ។ មន្ត្រីដែលគ្មានការចាត់តាំង ជាលាយលក្ខណ៍អក្សរ ពីប្រធានអង្គភាព មិនអនុញ្ញាត ឱ្យចូលអង្គភាពឡើយ
-គ្រប់ច្រកចេញ-ចូល ត្រូវកំណត់ឱ្យមានការវាស់កម្ដៅ និងពាក់ម៉ាស់ជាប្រចាំ ក្នុងករណីមិនអនុវត្តតាម មិនត្រូវ បានអនុញ្ញាត ឱ្យចូលក្នុងបរិវេណអង្គភាព ជាដាច់ខាត
– ករណីមានការសង្ស័យ ឬ សភាពមិនប្រក្រតី ដែលជារោគសញ្ញានៃជំងឺកូវីដ-១៩ ត្រូវរាយការណ៍ ឬ ទូរស័ព្ទទៅលេខ ១១៥ ជាបន្ទាន់។
បន្ថែមពីនេះក្រសួងអប់រំ បានបញ្ជាក់ទៀតថា៖ ក្នុងពេលទទួល បានសេចក្តីណែនាំនេះ ប្រធានអង្គភាពថ្នាក់កណ្តាល និងថ្នាក់រាជធានី ខេត្តទាំងអស់ ត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយ និងចូលរួមសហការ អនុវត្តប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់៕
ដោយ៖សហការី