ព័ត៌មានទាន់ហេតុការណ៍៖

លោកស៊ូ ស៊ីវុត្ថា និងមន្ត្រីក្រោមឱវាទរួមទាំងសប្បុរសជនបានប្រគល់រថយន្តសង្គ្រោះ១គ្រឿងជូនដល់ការិយាល័យសុខាភិបាលខណ្ឌព្រែកព្នៅ

ចែករំលែក៖

ភ្នំពេញ ៖ លោកស៊ូ ស៊ីវុត្ថា ប្រធានការិយាល័យរៀបចំដែនដីខណ្ឌព្រែកព្នៅ រួមនឹងមន្ត្រីក្រោមឱវាទ ព្រមទាំងសប្បុរសជនមួយចំនួនទៀតបានប្រគល់រថយន្តសង្គ្រោះ១គ្រឿងជូនដល់ការិយាល័យសុខាភិបាលខណ្ឌព្រែកព្នៅ។ ពិធីនេះស្ថិតនៅក្រោមអធិបតីភាពលោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ នៅសាលាខណ្ឌព្រែកព្នៅ។

  លោកស៊ូ ស៊ីវុត្ថា បានលើកឡើងថា អំណោយនេះជានិមត្តរូបនៃការចូលរួមចំណែកទប់ស្កាត់ជំងឺកូវីដ-១៩ ដែលបច្ចុប្បន្នវិស័យសុខាភិបាលកំពុងមមាញឹក និងកំពុងមានតម្រូវការបន្ថែមលើអ្វីដែលវិស័យនេះមានស្រាប់ ហើយរថយន្តនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋដែលមានជំងឺ និងរងគ្រោះថ្នាក់ផ្សេងៗទៅកាន់មន្ទីរពេទ្យបានទាន់ពេលវេលា ជាពិសេសក្នុងដំណាក់កាលកូវីដ-១៩នេះ។

   លោកលឹម ងួន ប្រធានការិយាល័យសុខាភិបាលខណ្ឌព្រែកព្នៅ បានថ្លែងអំណរគុណលោកសុខ សម្បត្តិ និងលោកស៊ូ ស៊ីវុត្ថា រួមជាមួយមន្ត្រីក្រោមឱវាទ ព្រមទាំងសប្បុរសជនមួយចំនួន ដែលបានប្រគល់រថយន្តសង្គ្រោះ១គ្រឿងនេះជូនការិយាល័យសុខាភិបាលខណ្ឌព្រែកព្នៅ ដោយរថយន្តសង្គ្រោះនេះជាតម្រូវការចាំបាច់បន្ថែមនាពេលបច្ចប្បន្ន ហើយការិយាល័យនឹងប្រើឲ្យចំគោលដៅក្នុងវិស័យសុខាភិបាលខណ្ឌព្រែកព្នៅ។

  ក្នុងឱកាសនោះលោកសុខ សម្បត្តិ បានមានប្រសាសន៍ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីការិយាល័យសុខាភិបាលខណ្ឌទាំងអស់ ដែលកំពុងបម្រើការនៅតាមមណ្ឌលសុខភាព ត្រូវបង្កើនការយកចិត្តទុកដាក់លើកកម្ពស់ ការពិនិត្យ និងព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ហើយរថយន្តដែលទើបទទួលបានថ្មីនេះ ត្រូវជួយថែរក្សាឲ្យបានល្អ ដើម្បីធានាដល់ការប្រើប្រាស់បានយូរអង្វែងសម្រាប់បម្រើសេវាដឹកជញ្ជូនអ្នកជំងឺ ពីមូលដ្ឋានទៅកាន់មន្ទីរពេទ្យបានទាន់ពេលវេលា៕

ដោយ ៖ ព្រែកសំរោង


ចែករំលែក៖